Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ទិវាជាតិអំណានមានសារៈសំខាន់ណាស់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតភាពជាពលរដ្ឋល្អ និងសិស្សល្អ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងថា ទិវាជាតិអំណានលើកទី ១១ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណាន​ក្នុង​បរិបទ​ថ្មី» ពិតជាមាន​សារៈសំខាន់​ណាស់ ព្រោះថា ការអាន និងការ​សរសេរ បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយសិស្ស និង​យុវជនរបស់យើងអាចយល់ដឹងអំពី​បញ្ហា​សង្គម គោរព​ទស្សនៈ​ចម្រុះ និងចូលរួមប្រកបដោយស្ថាបនាក្នុងការអភិវឌ្ឍជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធី​ប្រារព្ធ​ទិវា​ជាតិ​អំណានលើកទី ១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលរៀបចំឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ព្រឹកថ្ងៃពុធ ៨ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។

យោងតាមការលើកឡើងរបស់ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានបង្ហាញថា តាមរយៈ​លទ្ធផល​វាយតម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​ទាំង​កម្រិត​តំបន់ SEA-PLM ឆ្នាំ ២០២៤ បានបង្ហាញថា សិស្សកម្ពុជា ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់ ដោយមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ ពិន្ទុ (កើនឡើងពី ២៩០ ក្នុង​ឆ្នាំ ២០១៩)។ អត្រាសិស្សដែលមាន​សមត្ថភាព​អំណាន​ខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ ២០២៤។ ក្នុង​ចំណោមប្រទេស​ដែលបាន​ចូលរួមក្នុង​ការ​វាយតម្លៃ SEA-PLM ទាំង ២ លើក ពិន្ទុផ្នែកអំណាន របស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុង​លំដាប់ទី ៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា)។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវ​កោតសរសើរ​ចំពោះ លោក​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញ​បេសសកម្ម​តាមតួនាទីភារកិច្ច និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​អប់រំ យុវជន និងកីឡា ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​មូលធន​មនុស្ស​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ទិវាជាតិអំណានលើកទី ១១ ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ពិតជាមាន​សារៈសំខាន់​ណាស់ ព្រោះថា ការអាន និង​ការ​សរសេរ បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយ​សិស្ស និងយុវជន​របស់​យើង​អាចយល់ដឹងអំពីបញ្ហាសង្គម គោរពទស្សនៈចម្រុះ និងចូលរួមប្រកបដោយស្ថាបនា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុង​បន្តធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុងសេដ្ឋកិច្ចតំបន់ និងសហគមន៍ អន្តរជាតិ សិស្ស និងយុវជនរបស់យើង ត្រូវតែ​ត្រៀម​ខ្លួន ដើម្បីចូលរួមជាមួយពិភពលោកប្រកបដោយទំនុកចិត្ត ប៉ុន្តែ​យើងនៅតែរក្សា​បាននូវមូលដ្ឋាន នៃ​តម្លៃ​ជាតិ និង​បេតិកភណ្ឌ​វប្បធម៌​របស់​យើង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន​បំផុសឲ្យ​អាណាព្យាបាល ត្រូវលើកទឹកចិត្តកូនៗ របស់ពួកគេឲ្យ​អាននៅផ្ទះ គ្រូបង្រៀនដែលជំរុញការអាន និងការ​សរសេរ​ក្នុងថ្នាក់រៀន និង​សហគមន៍​ដែលឲ្យ​តម្លៃ​ដល់ចំណេះដឹង សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកអាន និងអ្នកនិពន្ធ​ជំនាន់​ក្រោយ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍​ជាតិ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម