Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ​ត្រៀមចូលរួម​ធានាសុវត្ថិភាព​ច្រកហ័រមូហ្ស ​តាមសំណើ ត្រាំ

បានផុស

នៅ

បណ្តាប្រទេស​ធំៗនៅ​អឺរ៉ុប និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែង​ធានា​សុវត្ថិភាពសម្រាប់ការដឹកជញ្ជូន​តាមរយៈច្រកសមុទ្រ​ហ័រមូហ្ស ​ហើយនឹង​ចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​មាន​ការទាមទារជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បណ្ដាប្រទេសផ្សេងៗរួមដៃគ្នា​ជួយអាមេរិក​ក្នុងការធានាសុវត្ថិភាពច្រកហ័រមូហ្ស​ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក​។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា បណ្ដាប្រទេសមួយចំនួន រួមទាំងអាល្លឺម៉ង់ បាន​ច្រានចោលសំណើរបស់ ត្រាំ ​ដែលធ្វើឱ្យ ត្រាំ ហៅពួកគេថា​ «រមិលគុណ»។

ប្រទេសធំៗទាំងនោះ រួមមាន​ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន។

ពួកគេបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម និងអនុវត្តតាមសេចក្តីសម្រេចលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ពួកគេបន្តថា៖ «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ»។

​ការបិទច្រកសមុទ្រហ័រមូហ្ស ​បានក្លាយជាអាវុធដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការបិទនេះ បាន​បង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញសំខាន់ៗពីមជ្ឈិមបូព៌ា រួមទាំងប្រេងកាត ដែលធ្វើឱ្យ​ថ្លៃដឹកជញ្ជូន និងថាមពល ហក់ឡើងទូទាំងសកលលោក​។

បណ្ដាប្រទេសអឺរ៉ុបធំៗ និងជប៉ុនដដែល បាន​និយាយដោយមិនទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា​៖ «​ឥទ្ធិពលនៃទង្វើរបស់អ៊ីរ៉ង់ នឹងប៉ះពាល់ដល់​ប្រជាជន​គ្រប់ផ្នែកទាំងអស់នៃពិភពលោក​ ជាពិសេស​អ្នកងាយរងគ្រោះ»។ ​

ពួកគេបន្តថា៖ «យើងសូមបង្ហាញ​ការត្រៀមខ្លួនរួចជាស្រេច ក្នុងការ​រួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែង​ធានាបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាព។ យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ»។

ក្រៅពីនោះ ប្លុកដដែល​បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញទុនបម្រុងប្រេងកាតជាយុទ្ធសាស្ត្រ។ ពួកនិយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថេរភាព រួមទាំងការធ្វើការជាមួយប្រទេសផលិតមួយចំនួន ដើម្បីបង្កើន​ផលិតកម្ម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម