ព័ត៌មានអន្ដរជាតិ
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកល ដោយសារជម្លោះមជ្ឈិមបូព៌ា និងតម្លៃប្រេងខ្ពស់
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ រួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៦ និងព្រមានអំពីកំណើនអតិផរណា ដោយសារជម្លោះនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង និងថ្លៃដើមផលិតកម្មកើនឡើង។

ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធ IMF បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៦ មកនៅត្រឹម ៣% ពី ៣,១% ដែលបានព្យាករកាលពីខែមេសា។ ចំណែក ADB ឯណោះវិញ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់កំពុងអភិវឌ្ឍអាស៊ី និងប៉ាស៊ីហ្វិក មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំនេះ បើធៀបនឹងការព្យាករ ៥,១% កាលពីខែមេសា។
ស្ថាប័នទាំង២ បានលើកឡើងស្រដៀងគ្នាថា ជម្លោះនៅមជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ថាមពល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃប្រេង និងថ្លៃដើមផលិតកម្មកើនឡើង ហើយប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចពិភពលោក។
IMF បានបង្កើនការព្យាករអតិផរណាពិភពលោកសម្រាប់ឆ្នាំ២០២៦ ដល់ ៤,៧% ពីការព្យាករ ៤,៤% កាលពីខែមេសា ដោយបញ្ជាក់ថា តម្លៃថាមពល និងស្បៀងអាហារខ្ពស់ ជាមូលហេតុជំរុញសំខាន់។ ស្ថាប័ននេះក៏បានកត់សម្គាល់ថា តម្លៃប្រេងនៅតែខ្ពស់ប្រហែល ២៥% បើធៀបនឹងមុនជម្លោះ ហើយរំពឹងថា តម្លៃប្រេងជាមធ្យមក្នុងឆ្នាំ២០២៦ នឹងស្ថិតនៅប្រមាណ ៨៩ ដុល្លារ/បារ៉ែល។
ចំណែក ADB ឯណោះវិញ ក៏បានដំឡើងការព្យាករអតិផរណាសម្រាប់តំបន់កំពុងអភិវឌ្ឍអាស៊ី និងប៉ាស៊ីហ្វិក ដល់ ៤,៦% សម្រាប់ឆ្នាំនេះ ពី ៣,៦% ដែលបានព្យាករកាលពីខែមេសា។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ADB បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ទៅដល់ ៤,៦% ពីត្រឹម ៤,២% ក្នុងការព្យាករនៅខែមេសា។ ធនាគារនេះបានលើកឡើងថា ការអូសបន្លាយនៃជម្លោះ បានបង្កភាពមិនច្បាស់លាស់លើទីផ្សារថាមពល និងបង្កើនថ្លៃដើមផលិតកម្មនៅទូទាំងតំបន់។

ទោះជាយ៉ាងណាក៏ដោយ IMF មើលឃើញថា ការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានជួយទប់ស្កាត់ផលប៉ះពាល់ខ្លះៗពីជម្លោះ ដោយជំរុញតម្រូវការលើវិស័យបច្ចេកវិទ្យា និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។ ប្រទេសដែលស្ថិតនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មហាដវែរ AI ដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង ថៃ និងម៉ាឡេស៊ី សុទ្ធតែមានកំណើនប្រសើរជាងការព្យាករកាលពីខែមេសា។
ផ្ទុយទៅវិញ ប្រទេសដែលពឹងផ្អែកលើការនាំចូលថាមពល ប៉ុន្តែមិនទទួលបានអត្ថប្រយោជន៍ពីឧស្សាហកម្ម AI ជាពិសេសប្រទេសមានចំណូលទាប និងប្រទេសនៅមជ្ឈិមបូព៌ា ត្រូវបាន IMF បន្ទាបការព្យាករកំណើនច្រើនជាងគេ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំដដែល រំពឹងថា កំណើនសេដ្ឋកិច្ចនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល នឹងធ្លាក់មកត្រឹម ០,៧% ក្នុងឆ្នាំ២០២៦ មុនពេលស្ទុះងើបឡើងវិញ ៦,៥% នៅឆ្នាំ ២០២៧។
ដោយឡែក ADB ក៏បានព្រមានផងដែរថា ទស្សនវិស័យសេដ្ឋកិច្ចនៅតែប្រឈមនឹងហានិភ័យជាច្រើន រួមមានការកើនឡើងវិញនៃជម្លោះនៅមជ្ឈិមបូព៌ា ភាពមិនច្បាស់លាស់នៃទីផ្សារថាមពល លក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកកាន់តែតឹងរ៉ឹង ការប្រែប្រួលនៃទីផ្សារភាគហ៊ុនពាក់ព័ន្ធ AI និងវិបត្តិអចលនទ្រព្យនៅចិនដែលអាចអូសបន្លាយ។
គួរគូសបញ្ជាក់ថា ការបន្ទាបការព្យាកររបស់ IMF និង ADB ធ្វើឡើងបន្ទាប់ពីធនាគារពិភពលោក បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៦ មកនៅត្រឹម ២,៥% ដោយចាត់ទុកថា កំណើនតម្លៃថាមពលកំពុងជំរុញរលកអតិផរណាថ្មី និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការធ្លាក់ចុះធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីវិបត្តិកូវីដ-១៩។
ក្នុងពេលជាមួយគ្នានោះ IMF បានអំពាវនាវឱ្យប្រទេសនានាបន្តផ្តោតលើការគ្រប់គ្រងអតិផរណា ពង្រឹងស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងជៀសវាងវិធានការឧបត្ថម្ភធំទូលាយ ឬការគ្រប់គ្រងតម្លៃ ដែលអាចបង្កការបង្ខូចទីផ្សារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


