ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យម៉ារ៉ាតុងព្រះសីហនុ ក្លាយជាម៉ារ៉ាតុងរត់ចម្ងាយ ៤២ គម
បន្ទាប់ពីឃើញប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តបានចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ ២០២៦ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុជំរុញឲ្យ ព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍រត់ដែលមានចម្ងាយ ៤២ គីឡូម៉ែត្រ។

ចាប់ផ្តើមចេញពីឆ្នេរសមុទ្រអូរឈើទាល់ ឆ្ពោះទៅដើមឈើចាំឆ្នេរ និងបត់ទៅ រូបសំណាក់ព្រះថោងតោងស្បៃនាងនាគ និងវិលត្រឡប់មកកាន់ឆ្នេរសមុទ្រអូរឈើទាល់វិញ ដែលជាទីផ្តាច់ព្រ័ត្រគឺជាផ្លូវរត់តាមឆ្នេរសមុទ្រពិសេសប្លែកជាងគេបំផុតនៅក្នុងពិភពលោកដែលមានអាកាសធាតុ និងបរិយាកាសដ៏បរិសុទ្ធដែលមានទាំងក្លិន និងសំឡេងទឹកសមុទ្របក់បោកទាំងព្រលឹមអុល។

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ មានអ្នកចូលរួមប្រមាណ ១៥០០០ នាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិព្រឹត្តិការណ៍ម៉ារ៉ាតុងព្រះសីហនុដែលមាន ១០ លើកកន្លងមក។ តាមពិតទៅ របាយការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែមីនា បានបង្ហាញថា អ្នកចុះឈ្មោះចូលរួមប្រកួតប្រហែលជាជាង ៣០០០នាក់ប៉ុណ្ណោះ ហើយស្របពេលតម្លៃសាំងកំពុងឡើងខ្ពស់ផងនោះ អ្នកចូលរួមមិនត្រូវបានរំពឹងថា អាចកើនឡើងច្រើនឡើយ។

ផ្ទុយទៅវិញបែរជាមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុកដោយសារលោក ម៉ាង ស៊ីណេត បានជំរុញឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តចូលរួមរត់ឲ្យបានច្រើនទើបកើនដល់ប្រហែល ១៥០០០នាក់។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ៖«ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណែត បានកៀរគរប្រជាពលរដ្ឋ សិស្សានុសិស្សនៅក្នុងខេត្តឲ្យមកចូលរួម។ នេះជាមូលហេតុសំខាន់ដែលធ្វើឲ្យអ្នកចូលរួមកើនជាង ១ ម៉ឺននាក់»។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា អ្វីដែលកាន់តែពិសេសឯកឧត្តមអភិបាលខេត្តចង់ជំរុញឲ្យព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងនេះទៅក្លាយជា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិពេញ (៤២គីឡូម៉ែត្រ) លក្ខណៈស្តង់ដាអន្តរជាតិ។ ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិពេញនេះ នឹងពិនិត្យមើលចំនួនអ្នកចូលរួមក្នុងខេត្ត និងជនបរទេសមកពីក្រៅប្រទេស ថាតើពួកគាត់សំណូមពរបែបណា ដូច្នេះឆ្នាំក្រោយ ឬពីរបីឆ្នាំទៀត នឹងដាក់ជាម៉ារ៉ាតុងអន្តរជាតិ (Full Maratho) ពេញ។

មិនត្រឹមតែជំរុញឲ្យ ព្រឹត្តិការណ៍ម៉ារ៉ាតុងព្រះសីហនុបង្កើតដល់វិញ្ញាសាចម្ងាយ ៤២ គីឡូម៉ែត្រប៉ុណ្ណោះទេ លោក ម៉ាង ស៊ីណេត បើកចិត្តស្វាគមន៍ជានិច្ចរាល់ព្រឹត្តិការណ៍កីឡាធំៗទាំងកីឡាប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឲ្យកាន់តែរីកចម្រើន។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ អាចជាខេត្តឈានមុខគេមួយក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗដូចជា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក កីឡាក្នុងពិធីបុណ្យសមុទ្រ ហើយជាពិសេសទៀតនោះមានកីឡដ្ឋានបាល់ទាត់របស់ក្លិបឡាយហ្វព្រះសីហនុ និងចុងក្រោយបំផុតក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា កំពុងកសាងកីឡដ្ឋាននៅទីនោះទៀត៕



អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


