Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរ មានមនុស្សខ្ទង់១៧ម៉ឺននាក់ បានទៅកម្សាន្តនៅអតីតព្រលានយន្តហោះពោធិ៍ចិនតុង

បានផុស

នៅ

រយៈពេល៧ថ្ងៃ ពលរដ្ឋ​ និងភ្ញៀវទេសចរ​ ចំនួន១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលត្រូវបានដាក់ឱ្យចូលលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺរាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឬស្គាល់ជាទូទៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបើកទ្វារស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ដោយអមជាមួយការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើន ដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការអរគុណដល់ក្រុមការងារពាក់ព័ន្ធ ពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានរៀបចំសហការ និងបើកដំណើរការដល់ប្រជាជនខ្មែរបានចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ នាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយ:ពេល៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ១៧០ ០០០នាក់។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏ថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ ដោយកែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្មរបស់ខ្លួនបានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។ ទីតាំងនេះ ក៏នឹងក្លាយជាទីតាំងបម្រើដល់កិច្ចប្រជុំ ការប្រគំតន្ត្រីសម្រាប់ដល់វិស័យឯកជនក្នុងការផ្តល់ការកម្សាន្ត ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៅថ្ងៃមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម