Connect with us

កីឡា

សង្ឃ​សៅលិញ ១៦ អង្គ និង​អ្នក​គុន​ល្បុក្កតោ ៤៥ នាក់​សម្តែងមហោ​ស្រព​ក្បាច់​គុន​ នៅ​ប្រាសាទ​បាយ័ន

បានផុស

នៅ

កីឡាករ កីឡាការិនី​គុនល្បុក្កតោ​កម្ពុជា​ប្រមាណ ៤៥ នាក់ និង​ព្រះ​សង្ឃ​សៅ​លិញ​របស់​ចិន ១៦ អង្គ នឹង​​សម្តែង​​ក្នុង​«មហោស្រព​ក្បាច់​បុរាណ​ចម្រុះ»​រវាង​កម្ពុជា និង​ចិន ដើម្បី​លើក​កម្ពស់​ក្បាច់​គុន​បុរាណ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ជំរុញ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​សង្ឃ​សៅលិញ និង​ប្រតិភូ​នៃ​ប្រទេស​ចិន​បាននិមន្ត-ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គ្រាន់​តែ​​មក​ដល់​​ប្រទេស​កម្ពុជា​ភ្លាម អ្នក​គុន​និយម​សៅលិញ​ចិន​បាន​បង្ហាញ​ក្បាច់​គុន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តែ​ម្តង។

លោក អ៊ូ តារា

តាម​ការ​ឲ្យ​ដឹង​ពី លោក អ៊ូ តារា អគ្គលេខាធិការ​នៃ​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា ថា ព្រះ​សង្ឃ​សៅលិញ​ចិន​ មាន​ចំនួន ១៦ អង្គ នឹង​​សម្តែង​ក្បាច់​គុន​បុរាណ​របស់​ចិន​មាន​ដូច​ជា ក្បាច់​គុនកុងហ្វូ ​ថៃជី និង​ក្បាច់​គុន​ផ្សេង​ៗ​ទៀត។ ចំណែក​ភាគី​កម្ពុជា មានកីឡាករ កីឡាការិនី​ចំនួន ៤៥​ ដែល​ត្រូវ​សម្តែង​ក្បាច់​គុន​បុរាណ​ខ្មែរ​រួម​គ្នា​ដូច​ជា គុន​ល្បុក្កតោ ក្រពើហា ខ្លាក្រាប ស្រង៉ប៉ែន​ គុនផ្គាក គុនខែល គុន​ដាវ គុន​កង​យោធពលខេមរភូមិន្ទ គុន​ខ្មែរ និង​យុទ្ធក្រមខម។

នេះ​ជា​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​ស្ថានទូត​ចិន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី​លើក​កម្ពស់ ផ្សព្វផ្សាយ​ក្បាច់​គុនបុរាណ​ ក៏​ដូច​ជា​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ជាពិសេស​ជំរុញ​លើ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រជា​ជន​ចិន​ដែល​កម្ពុជា បាន​លើក​លែង​ទិដ្ឋាការ​​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ទី​១៥ ខែតុលា ឆ្នាំ ២០២៦។​

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល ព្រះ​សង្ឃ​សៅលិញ​ចិន​និមន្ត​មក​សម្តែង​ក្បាច់​គុនបុរាណ​​នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ឆ្នាំ ២០២៤ សង្ឃ​សៅលិញ​ក៏​បាន​មក​សម្តែង​ក្បាច់​គុន​ជា​មួយ​កីឡាករ កីឡាការិនី​ល្បុក្កតោ​កម្ពុជា​នៅ​ប្រាសាទ​បាយ័ន​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់ ការ​សម្តែង​មហោស្រពក្បាច់គុន​ចចម្រុះ​កម្ពុជា-ចិន រវាង​ព្រះ​សង្ឃសៅលិញ​ និង​កីឡាករ កីឡាការិនី​ល្បុក្កតោ នឹង​ធ្វើ​​នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ ២០២៦ នៅ​បរិវេណ ប្រាសាទបាយ័ន ខេត្ត​សៀមរាប៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម