សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចាប់ដៃជាមួយកម្ពុជាផ្សព្វផ្សាយជំរុញកំណើនទេសចរ
ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី ២៧ ខែមេសា ២០២៦ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរយៈពេល៩ខែ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ព្រមទាំងទៅកាន់ទិសដៅហោះផ្សេងទៀតជុំវិញពិភពលោក។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយកញ្ញា Rachel Tan អនុប្រធានផ្នែកទីផ្សារ និងម៉ាកយីហោ នៃក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងលោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស្ត្រាហាន លីម លេខាទី១ នៃស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា។
SIA និងCTB នឹងសហការវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៤០,០០០ ដុល្លារ ដើម្បីរៀបចំយុទ្ធនាការទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ដែលមានដូចជាការរៀបចំដំណើរកម្សាន្តស្វែងយល់ពីសក្ដានុពលទេសចរណ៍សម្រាប់អ្នកផលិតមាតិកាអន្តរជាតិល្បីៗ (KOLs) មកពីប្រទេសអូស្ត្រាលី បារាំង និងសិង្ហបុរី។
លើសពីនេះ SIA និងCTB ក៏នឹងសហការគ្នាដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅទីផ្សារផ្សេងទៀតដូចជា ប្រទេសឥណ្ឌា ក្នុងរយៈពេលវែងផងដែរ។

លោក Vinod Kannan អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍រវាងសិង្ហបុរី និងកម្ពុជា ក៏ដូចជាទិសដៅទេសចរណ៍ក្នុងតំបន់ទាំងមូល»។
លោក Vinod Kannan បន្ថែមថា តាមរយៈយុទ្ធនាការរួមគ្នា និងសកម្មភាពផ្សព្វផ្សាយនានា យើងនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ភ្ជាប់ជាមួយនឹងបទពិសោធន៍ហោះហើរលំដាប់ពិភពលោក តាមរយៈបណ្តាញហោះហើរសកលរបស់ SIA។
លោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នេះ បង្ហាញពីជំនឿទុកចិត្ត និងភាពជឿជាក់លើសក្ដានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា»។

កម្ពុជាមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានដូចជា តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងរាជធានីពោពេញដោយភាពច្នៃប្រឌិត និងភាពរស់រវើក តំបន់ឆ្នេរដ៏ស្រស់ស្អាត និងគោលដៅទេសចរណ៍ធម្មជាតិជាច្រើន។
តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមួយនេះ យើងមានគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយជាសកល ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងបង្ហាញពីទិដ្ឋភាពពិតនៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក។
កិច្ចសហប្រតិបត្តិការនេះក៏ជាឱកាស ក្នុងការផ្លាស់ប្តូរការយល់ឃើញអវិជ្ជមានលើប្រទេសកម្ពុជា តាមរយៈការបង្ហាញប្រទេសកម្ពុជាទៅពិភពលោកថាជាគោលដៅទេសចរណ៍ដ៏សំបូរបែប ពោពេញដោយស្នាមញញឹម និងភាពកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាព និងអត្តសញ្ញាណពិតប្រាកដរបស់កម្ពុជានាពេលបច្ចុប្បន្ន។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធន៍ទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។
លោករដ្ឋមន្រ្តីទេសចរណ៍បន្ថែមថា នៅថ្ងៃសៅរ៍ទី ០២ ឧសភា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។
លោករដ្ឋមន្រ្តី មានទំនុកចិត្តថា យុទ្ធនាការខាងលើ រួមជាមួយការចុះហត្ថលេខាលើអនុស្សរណៈនែការយោគយល់គ្នានេះ នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


