Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ចារ​កម្ម​អាមេរិក៖​​​ សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​​អ៊ីរ៉ង់​មិនចុះ​ថយ​ច្រើនទេ​

បានផុស

នៅ

យោង​តាម​របាយការណ៍វាយតម្លៃ​ផ្នែក​ចារ​កម្មរបស់​សហរដ្ឋអាមេរិក​ បាន​លាត​ត្រដាង​​ឲ្យឃើញ​ថា សង្គ្រាមដែល​ចាប់​ផ្តើម​​ដោយ​​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ ក្នុងប្រទេសអ៊ីរ៉ង់មិនបាន​ជួយអ្វីច្រើន​ដល់ការ​បន្ថយ​សមត្ថ​ភាព​នុយក្លេអ៊ែររបស់​​ទី​ក្រុង​តេហេរ៉ង់​នោះទេ​។

សារព័ត៌មាន​ The Independent មាន​មូលដ្ឋាន​​នៅ​អង់គ្លេស​​ ចុះផ្សាយ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​​ឲ្យ​ដឹងថា បើ​ទោះបី​​​ជា​មាន​ ការធានា​អះអាង​យ៉ា​ងប្រាកដ​ប្រជា​ ដែល​​ថា​«អ៊ីរ៉ង់មិនអាច​ផលិតអាវុធនុយក្លេអ៊ែរ»​ គឺ​ជា​គោល​បំណងសំខាន់មួយ​ដែលបាន​ដាក់ចេញដោយ លោក ត្រាំ និង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក​ លោក Pete Hegseth ​ពេល​ចាប់​ផ្តើម​សង្គ្រាមនៅ​ថ្ងៃទី២៨ ខែកុម្ភៈ ​ក៏លទ្ធផល​នៃ​ការវាយប្រហារ​នោះ​ហាក់​​មិន​​ត្រូវ​គ្នា​នឹង​ការ​អះអាង​​​​ឡើយ​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីរ​ខែក្រោយមក កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ នៅ​​តែ​មិន​​មាន​ការផ្លាស់ប្តូរច្រើន​ ចាប់តាំងពីការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​កាល​​ពី​ខែ​មិថុនា​​ឆ្នាំមុន។ នេះបើយោងតាម​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ​ដកស្រង់ប្រភព​ចារកម្មអាមេរិក​​​។  

ក្នុងសន្និសីទសារព័ត៌មាន​មួយ​​របស់មន្ទីរបញ្ចកោណ​កាលពីថ្ងៃអង្គារ​ អ្នក​សារព័ត៌មាន​សួរ​ លោក Hegseth ​ថា ​តើការវាយ​តម្លៃ​ផ្នែក​ចារ​កម្មនេះខុសដែរឬទេ?

លោក​ Hegseth បដិសេធរបាយការណ៍​នោះ​ថា​ជា «ការស្មាន»។

លោកលើក​ឡើង​ថា៖ « យើង​មិនពិភាក្សាអំពីព័ត៌មានលម្អិត​អំពីចារកម្មទេ[…] ខ្ញុំ​មិន​អាច​បញ្ជាក់​ថា​តើវាត្រឹមត្រូវ​ឬអត់​នោះ​ទេ»។

ដោយ​ឡែក អ្នកនាំពាក្យ​សេតវិមាន លោកស្រី Olivia Wales ប្រាប់រ៉យទ័រ​ថា​៖ « អំឡុង​ពេល​​ប្រតិបត្តិការ Midnight Hammer វា​បាន​​បំផ្លាញរោងចក្រនុយក្លេ​អ៊ែររបស់​អ៊ីរ៉ង់ ចំណែក​ប្រតិបត្តិការ Epic Fury ក៏បន្តភាព​ជោគជ័យបន្ថែម​ ​​ដោយបំផ្លាញមូល​ដ្ឋានឧស្សាហកម្មការពារជាតិ​របស់អ៊ីរ៉ង់ ដែល​ធ្លាប់​ប្រើជាខែលការពារជុំវិញការស្វែងរកអាវុធនុយក្លេអ៊ែររបស់ពួកគេ»។

ជុំវិញ​បញ្ហា​នេះ​​ លោក​ស្រី Tulsi Gabbard នាយកផ្នែកស៊ើបការណ៍​សម្ងាត់ជាតិ ប្រាប់​ព្រឹទ្ធសភា​នៅថ្ងៃទី១៨ ខែមីនា ថា៖ « មិន​មានភស្តុតាង​ណាមួយ​​បង្ហាញថា អ៊ីរ៉ង់ព្យាយាម​កសាងទីតាំង​​នុយ​ក្លេអ៊ែរ​ឡើងវិញ មុន​ពេល​លោក ត្រាំ​ បញ្ជា​ឱ្យវាយប្រហារថ្មី​ក្នុងខែ​កុម្ភៈ​នោះទេ»​។

កាល​ពីសប្តាហ៍មុន អំឡុងពេលផ្តល់​សក្ខីកម្មរយៈ​ពេល​ ៩​ម៉ោង​នៅសភា លោក ​Hegseth ប្រាប់សមាជិកសភាថា៖ « ទោះបីជាមាន​ប្រតិបត្តិការ Midnight Hammer ក៏ដោយ ក៏​អ៊ីរ៉ង់មិនបានបោះបង់​ចោល​មហិច្ឆតានុយក្លេអ៊ែរ​របស់ពួកគេឡើយ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម