Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអាមេរិក ព្រមានថា មេដឹកនាំ​អ៊ីស្រាអែល អាចនឹងធ្វើឱ្យផែនការសន្តិភាពរបស់លោក ត្រាំ រលាយ

បានផុស

នៅ

ទីភ្នាក់ងារចារកម្មអាមេរិក បានចេញមុខព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានទំនោរខ្ពស់ ក្នុងការដើរខុសផ្លូវ ដែលអាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយសាបសូន្យ។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ បានធ្វើឡើង ខណៈដែលមេដឹកនាំអ៊ីស្រាអែលរូបនេះ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ឱ្យបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់។

របាយការណ៍សម្ងាត់ ដែលត្រូវបានចុះផ្សាយដោយ​ The Washington Post នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៦ បានបង្ហាញថា អ៊ីស្រាអែលហាក់ដូចជាមានបំណងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡា (Hezbollah) ដែលជាដៃជើងរបស់អ៊ីរ៉ង់នៅលីបង់ ដែលបំណងនេះគឺវាផ្ទុយស្រឡះ និងបំពានទាំងស្រុងទៅលើចំណុចស្នូលនៃកិច្ចព្រមព្រៀងសន្តិភាពទើបតែចាប់កំណើត ដែលទាមទារឱ្យមានការបញ្ឈប់រាល់អរិភាពទាំងអស់នៅក្នុងប្រទេសលីបង់។ ការវិភាគរបស់ចារកម្មអាមេរិក បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ណេតាន់យ៉ាហូ និងមន្ត្រីរដ្ឋបាលលោក ត្រាំ កំពុងមានភាពតានតឹងដាក់គ្នា កាន់តែខ្លាំងឡើងៗ បន្ទាប់ពីអាមេរិកបានព្រមានអ៊ីស្រាអែលជាសាធារណៈ កុំឱ្យវាយប្រហារក្រុមហេសបូឡា ដែលនាំឱ្យខូចការដល់កិច្ចព្រមព្រៀង។

ជាក់ស្តែង កាលពីថ្ងៃសុក្រ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់ បានធ្វើឱ្យកិច្ចចរចាសន្តិភាពនៅប្រទេសស្វីស ត្រូវលើកពេលភ្លាមៗ ហើយលោកអនុប្រធានាធិបតី JD Vance ក៏បានលុបចោលការធ្វើដំណើររបស់លោកដែរ។ ប្រសិនបើលោក ណេតាន់យ៉ាហូ នៅតែឌឺដងជំរុញសង្គ្រាមនៅលីបង់បន្តទៀត វាមិនត្រឹមតែបំផ្លាញកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ប៉ុណ្ណោះទេ ហើយ​វាក៏អាចនឹងកាត់ផ្តាច់ទំនាក់ទំនងរវាងលោក និងលោកប្រធានាធិបតី ត្រាំ ដែលជាខ្នងបង្អែកនយោបាយដ៏សំខាន់បំផុត​​ផងដែរ។

កាលពីថ្ងៃពុធ លោក ត្រាំ ធ្លាប់បានបង្ហើបថា លោកមាន «ជម្លោះបន្តិចបន្តួចរឿងលីបង់» ជាមួយលោក ណេតាន់យ៉ាហ៊ូ ហើយលោកក៏បានដាស់តឿនមេដឹកនាំអ៊ីស្រាអែលរូបនេះដែរថា កុំឱ្យតែមានមនុស្សក្រុមហេសបូឡាដើរចូលអាគារណា គឺបាញ់កម្ទេចអាគារនោះរហូតអី។ ទោះជាយ៉ាងណា របាយការណ៍ចារកម្ម បានសន្និដ្ឋានថា ដោយសារតែអ៊ីស្រាអែលត្រូវប្រឈមមុខនឹងការបោះឆ្នោតជាតិនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ការរស់រានមានជីវិតខាងនយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ គឺផ្អែកទាំងស្រុងលើការបង្ហាញឱ្យប្រជាជនខ្លួនឃើញថា លោកនឹងមិនដកទ័ពចេញពីលីបង់ដាច់ខាត និងប្តេជ្ញាវាយកម្ទេចក្រុមហេសបូឡាឱ្យទាល់តែបាន។

ក្រៅពីនេះ អ៊ីស្រាអែល ក៏មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់លោក ត្រាំ ព្រោះពួកគេយល់ថា វាបានកាត់បន្ថយសម្ពាធទៅលើទីក្រុងតេហេរ៉ង់ និងរារាំងសមត្ថភាពការពារខ្លួនរបស់អ៊ីស្រាអែលពីការគំរាមកំហែងរបស់ក្រុមហេសបូឡា។ ផ្ទុយទៅវិញ មន្ត្រីរដ្ឋបាលលោក ត្រាំ បានទទូចថា កិច្ចព្រមព្រៀងនេះ មិនបានហាមឃាត់អ៊ីស្រាអែលមិនឱ្យវាយបកវិញនោះទេ បើមានការវាយប្រហារមកលើខ្លួនមុន ប៉ុន្តែកង្វល់របស់លោក ណេតាន់យ៉ាហ៊ូ គឺជារឿងតូចតាចណាស់ បើធៀបទៅនឹងតម្រូវការក្នុងការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចៀសវិបត្តិសេដ្ឋកិច្ចពិភពលោក។ ទោះបីជាមានការបកស្រាយបែបនេះក្តី សម្រាប់លោក ណេតាន់យ៉ាហ៊ូ ការផ្អាកសង្គ្រាម ឬដកទ័ពចេញពីលីបង់នៅពេលនេះ គឺមិនខុសពីការទទួលយកបរាជ័យខាងនយោបាយដ៏ធំធេងនោះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម