Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ ដឹកនាំដោយ លោក Qalibaf ទៅដល់ស្វីស សម្រាប់​បើក​ការ​ចរចាផ្លូវការ​ជាមួយ​អាមេរិក

បានផុស

នៅ

ប្រតិភូជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Qalibaf បានធ្វើដំណើរទៅដល់ប្រទេសស្វីស​នៅ​យប់ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ដើម្បីចរចាជាមួយអាមេរិក​​ ក្រោមកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដ ឈានទៅបិទ​បញ្ចប់សង្គ្រាម​នៅ​មជ្ឈិមបូព៌ា។​

រូបភាព៖wanaen.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រតិភូអ៊ីរ៉ង់ត្រូវបានកំណត់ថា នឹងលើកយកការអនុវត្តជាក់ស្តែងនៃកិច្ចសន្យាទាំងឡាយ ដែលមានចែងនៅក្នុងការយោគយល់គ្នារវាងអ៊ីរ៉ង់ និងអាមេរិក មកជជែកដេញដោលនៅក្នុងកិច្ចចរចាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ ពីទីភ្នាក់ងារ wanaen

មុនពេលក្រុមប្រតិភូចាកចេញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមិនមែនជាការចាប់ផ្តើមចរចាដំណាក់កាលទីពីរ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយនោះទេ ប៉ុន្តែគោលបំណងចម្បង គឺដើម្បីទាមទារឲ្យភាគីម្ខាងទៀតបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោក Baghaei បានកត់សម្គាល់ថា ការសាកល្បងពិតប្រាកដនៃកិច្ចព្រមព្រៀងណាមួយ គឺស្ថិតនៅលើដំណាក់កាលអនុវត្តជាក់ស្តែង ដោយផ្អែកលើបទពិសោធន៍កន្លងមកជុំវិញការខកខានមិនគោរពពាក្យសន្យារបស់ភាគីម្ខាងទៀត អ៊ីរ៉ង់ត្រូវតែទាមទារឲ្យមានការអនុវត្តតាមដោយម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។

លោកក៏បានធ្វើការពន្យល់បន្ថែមថា ការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ អាចធ្វើទៅបាន លុះត្រាតែមានការអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលមានចែងក្នុងប្រការ ១, ៤, ៥, ១០ និង ១១ នៃ MoU ជាមុនសិន។ ជាក់ស្ដែង រហូតមកដល់ពេលនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនទាន់បានឃើញការអនុវត្តកាតព្វកិច្ចទាំងនេះឲ្យបានពេញលេញនៅឡើយទេ។

ដោយចង្អុលបង្ហាញពីការវាយប្រហារបន្តបន្ទាប់របស់អ៊ីស្រាអែលលើលីបង់ អ្នកនាំពាក្យរូបនេះបានថ្លែងថា អាមេរិកមានកាតព្វកិច្ចបង្ខំឲ្យរបបនេះបញ្ឈប់អរិភាព ប៉ុន្តែបែរជាបរាជ័យទៅវិញ ដោយលោកបានចាត់ទុកស្ថានការណ៍នេះថាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។

ដោយឡែក ចំពោះសមាសភាពប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ ដែលធ្វើដំណើរទៅកាន់ប្រទេសស្វីស រួមមាន៖ ប្រធានសភា លោក Mohammad Bagher Qalibaf, រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi, អនុប្រធានកិច្ចការអន្តរជាតិនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសន្តិសុខជាតិកំពូល លោក Ali Bagheri Kani, ទេសាភិបាលធនាគារកណ្តាល លោក Abdolnaser Hemmati, អនុរដ្ឋមន្ត្រីក្រសួងប្រេង និងជាប្រធានក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) លោក Hamid Bourd, អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការច្បាប់ និងអន្តរជាតិ លោក Kazem Gharibabadi និងអ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei។

គួររំលឹកផងដែរថា អនុស្សរណៈយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកដោយប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ និងអាមេរិករួចមកហើយ។ ទីក្រុងតេហេរ៉ង់បានសង្កត់ធ្ងន់ជាថ្មីថា ការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងត្រូវផ្អែកលើគោលការណ៍ «ការប្តេជ្ញាចិត្តដោះដូរការប្តេជ្ញាចិត្ត» យ៉ាងតឹងរ៉ឹងបំផុត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​អាមេរិកនិង​អ៊ីរ៉ង់ ត្រៀមចរចា​កម្រិត​ខ្ពស់​ ខណៈ​​អ៊ីរ៉ង់​បិទច្រក Hormuz ភ្លាមៗ ដោយសារ​អ៊ីស្រាអែល​បន្តវា​យលីបង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម