Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ប្រព័ន្ធតាមដានទំនើបនៅច្រកទ្វារអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

បានផុស

នៅ

កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ ដែលជាប្រព័ន្ធគ្រប់គ្រងព្រំដែន ជំនាន់ទី២ ជាភាសាអង់គ្លេស Cambodia Border Management System-2 (CBMS-2) ដោយរួមបញ្ចូលនូវមុខងារឌីជីថល ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធតាមដានទំនើបនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោក ស សុខា បានចាត់ទុកប្រព័ន្ធថ្មីនេះ ថា ជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។

លោក បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងដំណើរការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២នេះ លោក បន្ថែមថា គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ជាអាទិ៍ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាការប្រើប្រាស់ប្រព័ន្ធនេះមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ សំដៅបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់។

លោក ក៏បានណែនាំឱ្យបន្តតភ្ជាប់ប្រព័ន្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីបង្កើនល្បឿន និងភាពងាយស្រួល ក្នុងការផ្តល់សេវាសាធារណៈដល់អ្នកដំណើរ ផ្សារភ្ជាប់គ្នារវាងការពង្រឹងសន្តិសុខ និងការផ្តល់សេវាប្រកបដោយភាពរួសរាយរាក់ទាក់ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោក ឱ្យបន្តស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ក៏ដូចជាបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងពិភពលោក ព្រមទាំងការសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ប្រទេសជាមិត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីផ្លាស់ប្តូរបទពិសោធបច្ចេកវិទ្យា និងព័ត៌មាន សំដៅរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងធានាសន្តិសុខ សុវត្ថិភាពព្រំដែនជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម