ព័ត៌មានជាតិ
ឡាវសុំបទពិសោធពីកម្ពុជាពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រសួងសន្តិសុខសាធារណៈឡាវ បានស្នើសុំការចែករំលែកបទពិសោធពីក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈបច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសឡាវ តាមទីតាំងតូចៗក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សំណើនេះ ត្រូវបានធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី បានសម្ដែងការសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ដោយមើលឃើញពីជោគជ័យនេះ លោក បានស្នើឱ្យមានការចាត់មន្ត្រីជំនាញក្រសួងមហាផ្ទៃកម្ពុជា ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាដល់មន្ត្រីជំនាញក្រសួងសន្តិសុខសាធារណៈឡាវ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ។ លោក បានបញ្ជាក់ទៅកាន់សមភាគីឡាវ ថា ក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។

លោក បានបន្តប្រាប់ភាគីឡាវ ថា បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ ពេលនេះនៅកម្ពុជា ពួកឧក្រិដ្ឋជននៅសេសសល់ ក៏កំពុងព្យាយាមប្រើវិធីសាស្រ្តថ្មីៗ ដើម្បីប្រព្រឹត្តបទល្មើសដែរ ដោយខ្លះជួលទីតាំងតូចៗ ដូចជាផ្ទះសំណាក់ និងផ្ទះធម្មតារបស់ពលរដ្ឋ សម្ងំប្រព្រឹត្តបទល្មើសជាដើម។ តែបែបនេះក្ដី លោក ស សុខា បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋានបានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។
តាមការបញ្ជាក់របស់លោក ស សុខា ទៅកាន់សមភាគីឡាវ រហូតមកដល់ពេលនេះ មានជនបរទេសប្រមាណជាជាង៣៦ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង បន្ទាប់ពីការចុះបង្ក្រាប និងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏សង្កត់ធ្ងន់ជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតបទល្មើសមួយនេះ ស្ដារកេរ្តិ៍ឈ្មោះ និងជួយសង្គ្រោះមនុស្សជាតិលើពិភពលោក។
ជាការកត់សម្គាល់ ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ការសហការសម្របសម្រួលជូនពលរដ្ឋរស់នៅតំបន់ព្រំដែនទាំងសងខាង ការសហការ និងគាំទ្រដំណើរការបោះបង្គោលព្រំដែន សភាពការណ៍តំបន់ និងពិភពលោក និងសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលក្រសួងមហាផ្ទៃកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងពេលនេះ៕
-
សន្តិសុខសង្គម១៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


