Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឃាតកម្មញាត់សពក្នុងវ៉ាលី នៅប៉ាតាយ៉ា កំពុង​បង្ក​ជា​វិបត្តិ​សុវត្ថិភាពដល់ស្ត្រី​រកស៊ីផ្លូវភេទ និងបរទេស

បានផុស

នៅ

ទីក្រុងប៉ាតាយ៉ា ដែលជា​តំបន់​ទេសចរណ៍មាត់សមុទ្រដ៏ល្បីរបស់ប្រទេសថៃ និងជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ កំពុងតែធ្លាក់ក្នុងស្ថានភាពគួរឱ្យកើត​ក្តីបារម្ភយ៉ាងខ្លាំងផ្នែកសុវត្ថិភាព។ ការណ៍នេះ បានកើតឡើងបន្ទាប់ពីមានករណីឃាតកម្មដ៏រន្ធត់មួយ ដោយគេបានប្រទះឃើញសាកសពក្មេងស្រីវ័យ ១៧ឆ្នាំម្នាក់ ត្រូវបានឃាតកជាជនបរទេសសម្លាប់ រួចញាត់ចូលក្នុងវ៉ាលីខ្មៅយកទៅបោះចោលក្នុងព្រៃ។ នេះ​បើយោងតាម​​ការ​ចុះផ្សាយរបស់​សារព័ត៌មាន​ចិន SCMP កាល​ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺ ប៉ូលិសថៃ កំពុងស៊ើបអង្កេតថាតើករណីនេះមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មស្រដៀងគ្នាចំនួនពីរទៀត ដែលសាកសពស្ត្រីត្រូវបានគេរកឃើញនៅក្នុងវ៉ាលី កាលពីប៉ុន្មានខែមុននេះដែរឬទេ។

រឿងរ៉ាវដ៏រន្ធត់នេះ បានធ្វើឱ្យមហាជន ជាពិសេសស្ត្រីដែលរកស៊ីកំដរភ្ញៀវពេលរាត្រី នៅតាមបណ្តោយឆ្នេរប៉ាតាយ៉ា មានការភ័យខ្លាចជាខ្លាំង ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ ស្ត្រីម្នាក់ដែលប្រកបរបរនេះ បានរៀបរាប់ថា ការធ្វើការងារនៅទីនេះ គឺត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ជារៀងរាល់យប់ ព្រោះភ្ញៀវអន្តរជាតិខ្លះ មានសភាពស្រវឹងជោកជាំ ចូលចិត្តឈ្លោះប្រកែក និងមានអារម្មណ៍ប្រែប្រួលដែលមិនអាចទាយទុកមុនបាន។ ទោះជាដឹងថា វាគ្រោះថ្នាក់ដល់ជីវិតយ៉ាងណាក៏ដោយ ក៏ស្ត្រីជាច្រើនដែលមកពីតំបន់ក្រីក្រ នៅតែបង្ខំចិត្តជ្រើសរើសផ្លូវនេះ ព្រោះតែភាពអត់ការងារធ្វើ និងមិនចង់ធ្វើជាបន្ទុកដល់ក្រុមគ្រួសារ។

ទន្ទឹមនោះ ករណីឃាតកម្មដែលបង្កឡើងដោយជនបរទេសរូបនេះ បានជះឥទ្ធិពល និងបង្កើតជាក្តីបារម្ភកាន់តែខ្លាំងដល់រូបភាពជារួមនៃវិស័យទេសចរណ៍របស់ទីក្រុងប៉ាតាយ៉ា។ ថ្វីត្បិតតែអាជ្ញាធរមានបំណងចង់កែប្រែមុខមាត់ទីក្រុងនេះឱ្យក្លាយជា «គោលដៅទេសចរណ៍សម្រាប់គ្រួសារ» ក៏ដោយ ប៉ុន្តែវត្តមាននៃអាជីវកម្មផ្លូវភេទដ៏ច្រើនលើសលប់ នៅតែជាចំណុចងាយរងគ្រោះបំផុត។ ក្រុមអ្នកការពារសិទ្ធិស្ត្រី បានលើកឡើងថា ការដែលច្បាប់មិនទាន់ទទួលស្គាល់ការងារប្រភេទនេះពេញលេញ បានធ្វើឱ្យស្ត្រី និងក្មេងស្រីវ័យក្មេងជាច្រើន ក្លាយជាផ្ទាំងស៊ីបដ៏ងាយស្រួលសម្រាប់ជនល្មើស ឬឃាតកចិត្តសាហាវ ដែលតែងតែគិតថា ពួកគេអាចធ្វើបាបស្ត្រីទាំងនោះបាន ដោយសារតែជនរងគ្រោះជាមនុស្សទន់ខ្សោយ និងមិនសូវហ៊ានតតាំងនឹងច្បាប់។

(រូបថត៖ EPA)

ជារួម នៅពីក្រោយពន្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត និងការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងពីវិស័យទេសចរណ៍ ប្រទេសថៃ កំពុងតែបង្ហាញឱ្យពិភពលោកឃើញពី «តថភាពដ៏គួរឱ្យខ្លាច» មួយ ដែលពោរពេញដោយគ្រោះថ្នាក់។ ករណីឃាតកម្មសម្លាប់មនុស្សញាត់ចូលវ៉ាលីជាបន្តបន្ទាប់នៅក្រុងប៉ាតាយ៉ា បានក្លាយជាភស្តុតាងយ៉ាងច្បាស់ក្រឡែតថា ប្រព័ន្ធសន្តិសុខរបស់ប្រទេសនេះ មានភាពធូររលុង និងអសមត្ថភាព ក្នុងការការពារអាយុជីវិតមនុស្ស មិនថាជាប្រជាជនខ្លួនឯង ឬភ្ញៀវទេសចរនោះឡើយ។

បន្ថែម​ពី​នេះ ទីក្រុងទេសចរណ៍ល្បីៗរបស់ថៃ បាននិងកំពុងក្លាយជា «ជម្រកប្រមូលផ្តុំនៃឧក្រិដ្ឋជនបរទេសខិលខូច» ដែលចូលមកស្រុកថៃយ៉ាងស្រួល រួចមកធ្វើបាប និងសម្លាប់ជីវិតក្មេងស្រី និងស្ត្រីងាយរងគ្រោះតាមអំពើចិត្ត។ ភាពអនាធិបតេយ្យនៃរបរកម្សាន្តពេលរាត្រី និងការបើកដៃឱ្យមានការជួញដូរផ្លូវភេទយ៉ាងអនាធិបតេយ្យ បានបង្កើតជាតំបន់ងងឹតមួយ ដែលគ្មានច្បាប់ទម្លាប់ច្បាស់លាស់។

ការបណ្តោយឱ្យមានរឿងរ៉ាវសាហាវឃោរឃៅកើតឡើងដដែលៗបែបនេះ កំពុងតែដាស់តឿនភ្ញៀវទេសចរជុំវិញពិភពលោកឱ្យដឹងខ្លួនថា ប្រទេសថៃលែងជាឋានសួគ៌ប្រកបដោយសុវត្ថិភាពទៀតហើយ។ ដរាបណាអាជ្ញាធរនៅតែបន្តធូររលុង មិនព្រមរឹតបន្តឹងច្បាប់លើជនបរទេស និងមិនព្រមសម្អាតតំបន់អបាយមុខទាំងនេះទេ ទីក្រុងទេសចរណ៍របស់ថៃ នឹងនៅតែជាកន្លែងដ៏គ្រោះថ្នាក់បំផុតមួយ ដែលមនុស្សគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ឬគួរតែជៀសវាងតែម្តង៕

(រូបថត៖ REUTERS)
(រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម