ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងវឹកវរខ្លាំងពេក, ថៃ ប្រើវិធីសាស្រ្តថ្មី ឲ្យពលរដ្ឋ ចូលរួម ដើម្បីទៅចរចា ជាមួយក្រុមផ្តាច់ខ្លួន
ដោយសារអំពើហិង្សានៅភាគខាងត្បូង កាន់តែកញ្ជ្រោលខ្លាំងឡើងៗ ប្រទេសថៃ ក៏បានដាក់ចេញវិធីសាស្រ្តថ្មី ដោយបង្កើតក្រុមចរចាមួយ ហើយឲ្យមានការចូលរួមពីពលរដ្ឋមូលដ្ឋានជាពិសេសយុវជន ដើម្បីទៅសម្រុះសសម្រួលជាមួយក្រុមផ្តាច់ខ្លួនមូស្លីម BRN។

ថ្លែងប្រាប់ Bangkok Post កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោក Thanut Suvarnananda ប្រធានអ្នកចរចាសន្តិភាពថ្មី របស់រដ្ឋាភិបាលថៃ និយាយថា ដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ នៅតាមបណ្តាខេត្តព្រំដែនភាគខាងត្បូង គឺចាំបាច់ ត្រូវមានការចូលរួមពីសាធារណជន។
សម្រាប់វិធីសាស្ត្រថ្មីនេះ Thanut ប្រាប់ថា វាផ្តោតសំខាន់ការចូលរួមរបស់ពលរដ្ឋ រួមជាមួយសង្គមស៊ីវិល ទីភ្នាក់ងារអនុវត្តច្បាប់ ស្ថាប័នសម្ងាត់ និងសហគមន៍មូលដ្ឋាន។

បុរសម្នាក់នេះបញ្ជាក់ហើយថា ផែនការនេះ នឹងផ្អែកលើការពិគ្រោះយោបល់ជាមួយ ជនស៊ីវិលមន្ត្រីរដ្ឋ អ្នកវិស័យអប់រំ/និស្សិត តំណាងក្រុមបះបោរ BRN និងបុគ្គលដែលនៅបន្តបង្កហិង្សា។
ទន្ទឹមនោះ រដ្ឋាភិបាលថៃ គ្រោងអនុញ្ញាតឲ្យតំណាងសហគមន៍ និងយុវជន ទៅជួបពិភាក្សាជាមួយក្រុម BRN ដោយផ្ទាល់នៅម៉ាឡេស៊ី ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងមានតម្លាភាព ដើម្បីកាត់បន្ថយអំពើហិង្សា។

បច្ចុប្បន្ន ក្រុមផ្តាច់ខ្លួនមូស្លីម បានបង្កើនការវាយប្រហាររឹតខ្លាំង មានទាំងការបំផ្ទុះគ្រាប់បែក បាញ់កាំភ្លើង និងដុតកម្ទេចទីតាំងនានា នៅតាមបណ្តាខេត្តនានា នៅភាគខាងត្បូង។
ករណីធំបំផុតនាពេលថ្មីៗនេះ គឺការបំផ្ទុះគ្រាប់បែក កម្ទេចស្ថានីយប្រេងឥន្ធនៈ ៣កន្លែងផ្ទួនៗគ្នា ក្នុងខេត្តភាគខាងត្បូង ចំនួន២ គឺ Yala និង Pattani កាលពីរាត្រីថ្ងៃអាទិត្យ។

ករណីដំបូង គឺកើតឡើងនៅខេត្ត Yala ដោយ គ្រាប់បែក មួយគ្រាប់ បានផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ក្នុងឃុំ Sateng នៃស្រុក Mueang នាវេលាម៉ោងប្រហែល ១១យប់ ប៉ុន្តែមិនបណ្តាលឲ្យមានជនរងគ្រោះទេ គ្រាន់តែបង្កការខូចខាតយ៉ាងដំណំ ដល់រចនាសម្ព័ន្ធខាងក្នុង នៃស្ថានីយ ប៉ុណ្ណោះ។
នាពេលដំណាលគ្នានោះ នៅខេត្ត Pattani ឯណោះ ក៏មានការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ ដដែលនេះផងដែរ ដោយគ្រាប់បែក បានផ្ទុះនៅ ២កន្លែងផ្ទួនៗគ្នា។
ករណីទី១ គឺគ្រាប់បែកបានផ្ទុះ នៅស្ថានីយប្រេងឥន្ធនៈ PT ស្រុក Sai Buri បណ្តាលឲ្យមនុស្សម្នាក់ របួស ខណៈករណីទី២ កើតនៅស្រុក Yaring ប៉ុន្តែមិនមានរបាយការណ៍ អំពីជនរងគ្រោះទេ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


