Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យទេសចរណ៍ថៃ ប្រឈមហានិភ័យ ក្រោយការផ្ទុះគ្រាប់បែកនៅភាគខាងត្បូង របួសជនជាតិម៉ាឡេស៊ី ២នាក់

បានផុស

នៅ

ប្រទេសថៃ កំពុងបារម្ភអំពីការរងឥទ្ធិពលដ៏អាក្រក់ ចំពោះវិស័យទេសចរណ៍ ក្រោយកើតមានការវាយប្រហារបំផ្ទុះគ្រាប់បែក នៅខេត្តភាគខាងត្បូង បណ្តាលឲ្យទេសចរ ជាជនជាតិម៉ាឡេស៊ី ២នាក់ រងរបួស។

(រូប៖ HARIAN METRO)

តាមការផ្សាយរបស់ Khaosod, គ្រាប់បែកបានវាយប្រហាររថយន្ត របស់អ្នកទេសចរ ពេលធ្វើដំណើរមកដល់ត្រង់ផ្លូវប្រសព្វ Sapom ក្នុងស្រុក Tak Bai នៃខេត្ត Narathiwat កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ក្រោយការវាយប្រហារនោះភ្លាម ភាគីម៉ាឡេស៊ី ចេញសេចក្តីប្រកាស ព្រមានដល់ពលរដ្ឋខ្លួន ត្រូវប្រយ័ត្នពេលទៅលេងប្រទេសថៃ ភាគខាងត្បូង ឬបើអាច ផ្អាកធ្វើដំណើរទៅទីនោះសិន ព្រោះថា ស្ថានការណ៍កំពុងចលាចល និងវឹកវរ គ្មានសុវត្ថិភាពសោះឡើយ។

(រូប៖ The Star)

យោងតាម South China Morning Post កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយណែនាំដល់ប្រជាពលរដ្ឋខ្លួន ឲ្យពន្យារពេលរាល់ការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់តំបន់ភាគខាងត្បូងប្រទេសថៃ ហើយត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ប្រសិនបើពួកគេកំពុងស្ថិតនៅក្នុង តំបន់នោះស្រាប់។

ជាការពិត ហេតុការណ៍ផ្ទុះគ្រាប់បែក បូករួមទាំងការព្រមាននេះទៀតនោះ នឹងធ្វើ ឲ្យវិស័យទេសចរណ៍ថៃ នៅភាគខាងត្បូង ជួបបញ្ហាធំ និងរួមចំណែកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ដែលកំពុងដុនដាបស្រាប់ទៅហើយ។

(រូប៖ Khaosod)

ដំណើរកម្សាន្តរបស់ទេសចរម៉ាឡេស៊ី នៅភាគខាងត្បូងប្រទេសថៃ គឺជាជម្រើសដ៏ពេញនិយមបំផុត ដោយសារតែតំបន់ទាំងពីរ មានព្រំប្រទល់ជាប់គ្នា ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវអាកាស។

កាលពីឆ្នាំមុន ជនជាតិម៉ាឡេស៊ីសរុប ៤.៤ លាននាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលថៃ ធ្វើឲ្យម៉ាឡេស៊ី ក្លាយជាទីផ្សារទេសចរណ៍បរទេសធំបំផុតរបស់ ថៃ។

ដូច្នេះ ការវាយប្រហារនេះ អាចធ្វើឲ្យលំហូរភ្ញៀវទេសចរតាមព្រំដែន ធ្លាក់ចុះយ៉ាងគំហុក ហើយក៏បាត់បង់ចំណូលយ៉ាងក្រាស់ក្រែល ផងដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម