Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ក្តៅស្លឹកត្រចៀក ករណីជនជាតិខ្លួន រត់ពន្ធគ្រឿងញៀន ចូលអូស្រ្តាលី ធ្វើឲ្យកេរ្តិ៍ឈ្មោះថៃ ស្អុយរលួយពេញពិភពលោក

បានផុស

នៅ

នៅអត់សុខទេ! នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់ ចំពោះករ​ណី នារីដែលជាជនជាតិខ្លួន ត្រូវបានប៉ូលិសអូស្រ្តាលី ចាប់ខ្លួន ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ដែលក​រណីនេះ គឺជាការយកមុខមាត់របស់ប្រទេសថៃ ទៅបំផ្លាញចោល យ៉ាងអាម៉ាស់បំផុត លើឆាកអន្តរជាតិ។

(រូប៖ The Nation)

ថ្លែងចេញពីប្រទេសបារាំង នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦, លោក អានុទីន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធនៅថៃ ត្រូវចាត់វិធានការលើករណីនេះ ព្រោះវាកំពុង សម្អុយឈ្មោះប្រទេស និងធ្វើឲ្យខ្មាសគេ ពេញពិភពលោក។

សូមជម្រាបជាថ្មី ស្រ្តីជនជាតិថៃ វ័យ ២៦ឆ្នាំ ជាអ្នកបម្រើការលើជើងហោះហើរ TG465 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៤ ខែមិថុនា។

អាជ្ញាធរអូស្រ្តាលី បានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីនជាង ១ គីឡូក្រាម លាក់ទុកក្នុងស្រទាប់ខាងក្នុងនៃកាបូបយួរដៃ ចំនួន ១២ ដែលនាងដាក់តាមខ្លួន។

(រូប៖ Standard)

បើតាមការប៉ាន់ស្មានតម្លៃលើទីផ្សារងងឹត ថ្នាំញៀនទាំងនោះ មានតម្លៃ ប្រហែល ៣៤ម៉ឺនដុល្លារ អាមេរិក ខណៈពេលនេះ នាងត្រូវប្រឈមមុខ នឹងបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែន ដែលជាទោសធ្ងន់ធ្ងរក្នុងប្រទេសអូស្រ្តាលី។

អាជ្ញាធរអូស្ត្រាលី បានចោទប្រកាន់នាង ជាផ្លូវការចំនួន ២ បទល្មើស ក្រោមក្រមព្រហ្មទណ្ឌអូស្ត្រាលី ដែលបទចោទទី១ គឺការនាំចូលគ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់លើទីផ្សារ និងបទចោទទី២ គឺការកាន់កាប់គ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែន ក្នុងបរិមាណសម្រាប់លក់លើទីផ្សារ។

បើបូកចូលគ្នា! បទល្មើសទាំងពីរនេះ អាចឲ្យនាងប្រឈមនឹង ការមានទោសជាប់ពន្ធនាគារ អតិបរមា ៥០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្ត្រាលី គ្មានទោសប្រហារជីវិតឡើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម