Connect with us

សន្តិសុខសង្គម

ប្រតិបត្តិការបង្ក្រាប Online Scam នៅក្រុងប៉ោយប៉ែត កម្លាំងជំនាញរកឃើញជនជាតិថៃ ១៤នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន

បានផុស

នៅ

កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត និងកម្លាំងពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹត្យលេខ០៣ លើទីតាំងចំនួន២កន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ី សុខឃី, ឧត្តមសេនីយ៍ឯក មួង សុធា និងឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

នៅទីតាំងទី១ ដែលជាអគារភ្លោះកម្ពស់ ២៩ជាន់ និង ១៣ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុមការងារបានត្រួតពិនិត្យបន្ទប់សរុប ៣៣៨បន្ទប់ និងរកឃើញជនជាតិឥណ្ឌូនេស៊ី ២០នាក់ ក្នុងនោះស្ត្រី ៤នាក់។ ការត្រួតពិនិត្យមិនបានរកឃើញសម្ភារពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ មន្ត្រីជំនាញអន្តោប្រវេសន៍បានណែនាំតំណាងម្ចាស់អគារ និងអនុញ្ញាតឱ្យជនបរទេសបន្តស្នាក់នៅ ដោយមិនបានបិទទីតាំងឡើយ។

ដោយឡែក នៅទីតាំងទី២ ដែលជាអគារកម្ពស់ ១២ជាន់ មាន ១៣២បន្ទប់ ស្ថិតនៅភូមិ និងសង្កាត់ដដែល កម្លាំងជំនាញបានរកឃើញជនជាតិថៃចំនួន ១៤នាក់ ក្នុងនោះស្ត្រី ១នាក់ ហើយបាននាំខ្លួនទៅសាកសួរ និងបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតកុំព្យូទ័រ All-in-One ចំនួន ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង iPad ៣គ្រឿង ទូរស័ព្ទដៃចំនួន ១២៣គ្រឿង ប្រាក់បាតថៃ ៥៥៩,៩៥០បាត និងប្រាក់ដុល្លារអាមេរិក ១៥,៨៥៦ដុល្លារ។ ចំណែកសម្ភារផ្ទាល់ខ្លួនរបស់ជនជាតិថៃ មិនត្រូវបានដកហូតឡើយ។

ជាមួយគ្នានេះ ក្រុមប្រតិបត្តិការបានសម្រេចបិទបន្ទប់ស្នាក់នៅ និងបន្ទប់ធ្វើការចំនួន ៤បន្ទប់ ខណៈវត្ថុតាងដែលដកហូតបាន ត្រូវប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធីបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម