Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ​នៅ​បង់ក្លាដែស សម្លាប់មនុស្ស​យ៉ាងហោចណាស់ ៥១នាក់ និងប៉ះពាល់​ជាង ១លាននាក់​​

បានផុស

នៅ

យ៉ាង​ហោច​ណាស់​ មនុស្ស ៥១នាក់ ​បាន​បាត់​បង់​ជីវិត​ និង​ជាង​​ ១លាន​នាក់​រងផលប៉ះពាល់​ដោយ​ជាប់​គាំង​​ដោយសារភ្លៀងធ្លាក់​ខ្លាំង​ នៅប្រទេសបង់ក្លាដែស​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃថ្មីៗនេះ។​

សារព័ត៌មាន BBC ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា មនុស្សរាប់ពាន់​នាក់បានបាត់បង់ផ្ទះ​សម្បែង ដោយ​សារទឹកជំនន់​ភ្លាមៗ​ និងការបាក់ដី​ បន្ត​​វាយប្រហារតំបន់ធំៗ​នៃប្រទេស រួមទាំង​រដ្ឋធានី Dhaka ផងដែរ។

ប្រជា​ជន​បង់​ក្លាដែស​កំពុង​រក​កន្លែង​សុវត្ថិភាព។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពីសប្តាហ៍មុន សិស្សានុសិស្ស​ជាច្រើននាក់ និងគ្រូបង្រៀន​ម្នាក់​បាត់​បង់​ជីវិត​ ពេល​ទឹកជំនន់​បានហូរកាត់​សាលារៀនរបស់​ពួកគេ។

សូម​បញ្ជាក់​ថា បង់ក្លាដែសគឺជា​ប្រទេសដែល​មានទំនាប និងទន្លេ​ជា​ច្រើន ជារឿយៗ​មានភ្លៀងធ្លាក់​ខ្លាំង និងទឹកជំនន់ក្នុង​រដូវវស្សា​ប្រចាំ​ឆ្នាំ​។ ប៉ុន្តែ​អ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុ​បាន​ធ្វើ​ឱ្យភ្លៀងធ្លាក់ខ្លាំង និងញឹកញាប់ជាង​មុន។

ភ្លៀង​ធ្លាក់ខ្លាំង​បាន​ចាប់ផ្តើម​ជាងមួយសប្តាហ៍មុន ពេល​ភ្លៀង​កាន់តែខ្លាំង​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ អាជ្ញាធរបាន​ចេញការ​ព្រមានអំពីទឹក​ជំនន់ បាក់ដី ​ជម្លៀសគ្រួសារ​ក្នុងតំបន់​ដែល​មានហានិភ័យខ្ពស់ និងពន្យារពេលការប្រឡងសម្រាប់​​សិស្ស​។

បច្ចុប្បន្ន​មនុស្ស​រាប់ពាន់នាក់​ កំពុងរស់នៅ​ក្នុងជម្រក​របស់រដ្ឋាភិបាល​។ គិត​ត្រឹមថ្ងៃអាទិត្យ មនុស្សជាង ១លាននាក់បានរងផលប៉ះពាល់​ដោយ​ភ្លៀង នេះបើយោងតាមអាជ្ញាធរ។

ក្នុង​ចំណោមអ្នកស្លាប់ ៥១នាក់​​មកដល់ពេលនេះ ២៨​នាក់​ គឺស្ថិតក្នុង​ស្រុក Cox’s Bazar​ ។ ស្រុកនេះគឺជាជម្រករបស់​ជនជាតិរ៉ូហ៊ីងយ៉ា​ជាងមួយលាននាក់ ជាកន្លែងតាំង​ទីលំនៅជនភៀសខ្លួន​ធំជាងគេបំផុត​របស់ពិភពលោក។

លោក Sarder Udoy Raihan មក​ពីមជ្ឈមណ្ឌលព្យាករណ៍ និងព្រមាន​ទឹកជំនន់ ប្រាប់ទីភ្នាក់ងារសារព័ត៌​មាន AFP ថា ស្ថានភាព​នៅ​ភាគអាគ្នេយ៍​នៃប្រទេសទំនង​ជានឹងប្រសើរ​ក្នុងពេលឆាប់ៗ​នេះ។

ប៉ុន្តែដោយ​សារខ្យល់មូសុងបន្ត​ប៉ះពាល់ដល់តំបន់ភាគឦសាន និង​ភាគខាងជើងនៃប្រទេសបង់ក្លាដែស លោក​ព្រមានថា៖ « មានលទ្ធ​ភាព​នៃទឹកជំនន់បន្ថែមទៀត»​៕

សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម