ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង អាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន
ប្រមាណជាមួយសប្តាហ៍កន្លងទៅនេះ ជំនន់ទឹកភ្លៀងនៅឯក្បាលស្ទឹងសង្កែមានការជោរជន់ខ្លាំងចាប់តាំងពីខេត្តប៉ៃលិនរហូតដល់តំបន់ស្រុកសំឡូត ដោយសារតែភ្លៀងបានបង្អុរមកឥតស្រាកស្រាន ធ្វើឱ្យប្រភពទឹកនៅតំបន់ខាងលើបានស្ទុះឡើងយ៉ាងឆាប់រហ័ស និងតម្រូវឲ្យអាជ្ញាធរក្នុងស្រុកមួយចំនួន ដូចជាស្រុកសំឡូត ស្រុករតនៈមណ្ឌល និងស្រុកបាណន់ជាដើម បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈទឹកមិនទាន់មានការថយចុះនៅឡើយ។

យ៉ាងណាមិញដោយសារតែទឹកហក់ឡើងខ្លាំង ធ្វើឲ្យមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ចាប់ផ្ដើមបើកទ្វារទឹកដើម្បីបន្ធូរទឹកពីតំបន់ស្តុក ដូចជាទ្វារទឹកទំនប់ពហុបំណងសេកសក ក្នុងស្រុករតនៈមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាប ដូច្នេះហើយបានជាប៉ុន្មានថ្ងៃនេះទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា កម្ពស់ទឹកនៅក្នុងស្ទឹងសង្កែនាព្រឹកនេះ បានកើនឡើងរហូតដល់ ១៣ ម៉ែត្រហើយ ហើយទឹកនេះអាចនឹងបន្តឡើងរហូតដល់កម្ពស់ ១៣,៥០ ម៉ែត្រ ដែលកម្ពស់ទឹកស្ថិតក្នុងកម្រិតត្រូវប្រកាសអាសន្នគឺ ១៣,៧០ ម៉ែត្រ ហើយទឹកស្ទឹងសង្កែនឹងចាប់ផ្ដើមស្រកទៅវិញ នាពេលខាងមុខនេះ ដោយសារតែនៅតំបន់ខាងលើភ្លៀងក៏លែងធ្លាក់ ហើយទឹកតាមស្ទឹងព្រែកអូរក៏ស្រកអស់ដែរ ដូច្នេះមន្ត្រីជំនាញ នឹងចាប់ផ្ដើមទម្លាក់ទ្វារទឹកនៅប៉ែកខាងលើបន្តិចមកវិញនាពេលខាងមុខនេះ។

ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែនាពេលដ៏ខ្លីខាងមុខទឹកនឹងចាប់ផ្ដើមស្រកវិញក៏ដោយ ក៏ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ក៏ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះកំសួលទឹកនឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


