សុខភាព
សូមប្រយ័ត្នជំងឺតេតាណូសផ្ចិតទារក មិនមែន “ស្កន់ម្តាយដើម” ដែលយើងត្រូវយល់ដឹង
ប្រជាជនយើងមួយចំនួនធំ នៅតែមានការយល់ច្រលំទាំងស្រុងទៅលើជំងឺ “ស្កន់ម្តាយដើម” ដោយពួកគាត់យល់ថា បើកាលណាកូនៗរបស់ពួកគាត់មានចេញរោគសញ្ញាប្រកាច់នៅអាយុ ១សប្តាហ៍ ទៅ ២សប្តាហ៍ដំបូងនៃជីវិត។

ឪពុកម្តាយ យាយតា យល់ថាកូនឬចៅពួកគាត់ត្រូវម្តាយដើម (ម្តាយកាលពីជាតិមុន) មកយកជីវិតកូនគាត់ទៅវិញហើយ។ ដូច្នេះធ្វើឲ្យពួកគាត់ខូចចិត្ត អស់សង្ឃឹមថាគាត់នឹងបាត់បង់កូនទៅ ហើយ បន្ទាប់មកពួកគាត់បានទៅរកគ្រូទាយ គ្រូស្តោះ គ្រូផ្លុំ តែមិនមានប្រយោជន៍អ្វីទាំងអស់ ដែលតាមការពិត ជំងឺនេះត្រូវបានក្រុមគ្រូពេទ្យបច្ចេកទេសហៅថា “ជំងឺតេតាណូសផ្ចិតទារក” ដែលមានមូលហេតុពិតប្រាកដ អាចព្យាបាល និងការពារបានយ៉ាងមានប្រសិទ្ធិភាព។
ពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នាជាទីរាប់អាន ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត សូមលើក យកជំងឺនេះមកបកស្រាយ ដែលមានអត្ថន័យជាសង្ខេបដូចតទៅ៖
ក) មូលហេតុ៖
ជំងឺនេះឆ្លងមកទារកដោយសារមេរោគម្យ៉ាងឈ្មោះ ក្លស្ទ្រីដ្យូម តេតានី (Colstridium tétani) ហើយ មេរោគនេះឆ្លងតាមរយៈ
– ១00%: តាមការកាត់ផ្ចិតមិនស្អាត ឬការដាក់សារធាតុមិនស្អាតលើផ្ចិត
– ៥% ទៅ ១0%:
• កន្លែងចោះត្រចៀកមិនស្អាត
• កន្លែងចាក់វ៉ាក់សាំងមិនស្អាត
• កន្លែងចាក់ថ្នាំមិនស្អាត
• របួសនៅលើស្បែក
*កំណត់ចំណាំ៖ ដោយសារភាគច្រើននៃជំងឺនេះឆ្លងតាមផ្ចិតមិនស្អាត ទើបត្រូវបានដាក់ឈ្មោះថា “ជំងឺតេតាណូសផ្ចិតទារក”។

ខ) រោគសញ្ញា៖
ជំងឺនេះស្តែងនូវរោគសញ្ញាដូចជាៈ
– ទារកដែលបៅធម្មតា ស្រាប់តែលែងចង់បៅនៅរយៈពេលពី ៣ថ្ងៃ ទៅ៧ថ្ងៃ នៃជីវិត
– ទារកយំមិនបាត់
– ទារកមានវិបត្តិនៃការដកដង្ហើម
– ការកន្ត្រាក់សាច់ដុំថ្គាម (មាត់ស្ញេញ)
– ការកន្ត្រាក់រឹងដងខ្លួន ជើងត្រង់ ដៃបត់ខ្លាំង។
*កំណត់ចំណាំ៖ មេរោគបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់ទារក ទើបធ្វើឲ្យស្តែងចេញជារោគ សញ្ញាគ្លីនិកកើតឡើង។
គ) ការព្យាបាល៖
យើងអាចព្យាបាលជំងឺនេះបាន ប៉ុន្តែជាមួយនឹងអត្រាមរណភាពខ្ពស់ (៨០-៩០%) និងផលវិបាកផ្សេងៗ ទៀតដែលអាចកើតឡើងចំពោះទារក នៅពេលពួកគាត់ចម្រើនវ័យធំឡើង ដែលមិនអាចទាយទុកជាមុនបាន។
ឃ) វិធីការពារ៖
ការការពារប្រសើរជាងការព្យាបាល ការការពារជាមធ្យោបាយតែមួយគត់ ដែលអាចជៀសផុតពីជំងឺដ៏កាចសាហាវនេះបាន។
វិធីការពារទាំងឡាយ ដែលយើងអាចធ្វើបានមានដូចតទៅ៖
១. ធ្វើយ៉ាងណាកុំឲ្យឆ្លងមេរោគ ក្លស្ទ្រីដ្យូម តេតានី ដោយៈ
– ត្រូវសម្រាលកូននៅមន្ទីរពេទ្យ
– ជៀសវាងឲ្យបាននូវការសម្រាលកូនតាមផ្ទះ
– អប់រំឪពុកម្តាយ តាយាយ អោយបំបាត់ចោលនូវទំនៀមទំលាប់ចាស់បុរាណ ដោយការដាក់សារធាតុ មិនស្អាតនៅលើផ្ចិត
– គោរពគោលការណ៍អនាម័យក្នុងការសំអាតផ្ចិត(“ការថែទាំទងផ្ចិតទារក” បានបង្ហាញយ៉ាងលម្អិតលើកមុន នៅលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត)
២. លើកកម្ពស់សេវាម្តាយ និងទារក
ទារកអាចការពារខ្លួនប្រឆាំងនឹងជំងឺតេតាណូសបានយ៉ាងមានប្រសិទ្ធិភាព តាមរយៈការទទួលប្រព័ន្ធ ភាពស៊ាំពីម្តាយតាមទងសុកដោយផ្ទាល់ ពេលកំពុងពពោះ ដូច្នេះយើងត្រូវ៖
– ធានាឲ្យបាននូវស្ត្រីមានផ្ទៃពោះទាំងអស់ចាក់វ៉ាក់សាំងគ្រប់ៗគ្នា
– ធានាឲ្យបាននូវសេវាផ្តល់វ៉ាក់សាំងជូនពួកគាត់

– អប់រំស្ត្រីមានផ្ទៃពោះទាំងអស់ឲ្យយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង ទើបធានាឲ្យបាន នូវរាល់ការសម្រាលប្រកបដោយសុវត្ថិភាព អស់រយៈពេលនៃវ័យបន្តពូជរបស់ពួកគាត់។

“សម្រាលបុត្រនៅកន្លែងមានសុវត្ថិភាព ការចាក់វ៉ាក់សាំងប្រឆាំងជំងឺតេតាណូសរបស់ម្តាយគ្រប់រូប ការកាត់ និងការថែទាំផ្ចិតទារកឲ្យបានត្រឹមត្រូវ អាចការពារបុត្រធីតារបស់លោកអ្នក ឲ្យចាកផុតពីជំងឺតម្កាត់នានា រួមទាំងជំងឺតេតាណូសផ្ចិតទារក “ជំងឺស្កន់ម្តាយដើម” ដ៏កាចសាហាវមួយនេះបាន។ ក្រុមគ្រូពេទ្យឯកទេសនៃ មន្ទីរពេទ្យកាល់ម៉ែតរីករាយនឹងបម្រើជូនរាល់ចម្ងល់ផ្សេងៗ និងផ្តល់ការពិភាក្សាដល់ប្រជាពលរដ្ឋ យើងគ្រប់ ស្រទាប់វណ្ណៈ ដើម្បីសុខាមាលភាពរបស់បុត្រធីតាលោកអ្នក និងអាចជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗចំពោះមាតា ផ្ទាល់តែម្តង”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


