ព័ត៌មានជាតិ
ជំនួយឥតសំណងរបស់ជប៉ុនថ្មីនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខា ជាមួយលោក មិកាមិម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១នេះ។

ថ្លែងនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាលើកទី៤ ហើយនៅក្នុងឆ្នាំនេះ ដែលរូបលោកផ្ទាល់ និងឯកអគ្គរាជទូត បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញផងដែរអំពីការផ្តល់ឥណទានសម្បទានរបស់ជប៉ុនដល់ការអភិវឌ្ឍន៍គម្រោងសាងសង់ស្ថានីយកុងតឺណឺរ ដំណាក់កាលទី១ ដែលរំពឹងថានឹងអាចធ្វើប្រតិបត្តិការបាន នៅឆ្នាំ២០២៥ ខាងមុខនេះ។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាងពីរទសវត្សរ៍មកហើយដែលជំនួយអភិវឌ្ឍរបស់ជប៉ុនបានរួម ចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់ និងបានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពនាំចេញ-នាំចូលទំនិញ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបានរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតដល់ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រតិបត្តិការការងារ ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិនៃជំងឺ រាតត្បាតកូវីដ-១៩។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍន៍រយៈពេលវែងនៅកម្ពុជា។ លោកបានថ្លែងអំណរគុណជាពិសេសចំពោះឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តផ្តល់កិច្ច សហប្រតិបត្តិការ និងជំនួយមកដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


