ព័ត៌មានជាតិ
អាមេរិកគ្រោងផ្តល់ជំនួយឥតសំណង ៣០០លានដុល្លារ គាំទ្រវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាននៅកម្ពុជា
រដ្ឋាភិបាលអាមេរិក គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០លានដុល្លារ សម្រាប់គាំទ្រវិស័យ៤ រួមមាន សុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន រយៈពេល ៥ឆ្នាំ នៅកម្ពុជា។

គម្រោងនេះ បានបង្ហាញនៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។
ជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ ២០២១-២០២៥ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខាក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២២ខាងមុខ។
បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួន ដូចជា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការជំរុញវិស័យពាណិជ្ជកម្ម តាមរយៈការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ វិស័យបរិស្ថាន កសិកម្ម សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ ២០២២។
លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន អភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥លានដុល្លារ និងវ៉ាក់សាំងកូវីដ-១៩ (Johnson & Johnson) ចំនួន ១,០៦លានដូស ដល់កម្ពុជាសម្រាប់គាំទ្រដល់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការសង្គមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រេចតាមផែនការក្នុងការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន៕ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


