សេដ្ឋកិច្ច
ខ្យងចំពុះទាកំពុងពេញប្រមូលផល តែខ្វះតម្រូវការបញ្ជាទិញដូចមុន
កោះកុង៖ ប្រជានេសាទក្នុងតំបន់សហគមន៍ពាមក្រសោប ស្រុកមណ្ឌលសីមា លើកឡើងថា ទិន្នផលអាហារសមុទ្រខ្យងចំពុះទាកំពុងពេញសាច់ប្រមូលផល ២ ខែមកនេះ ក៏ប៉ុន្តែខ្វះការបញ្ជាទិញពីក្រុមឈ្នួញដូចពេលមុនៗគ្រាជួបវិបត្តិជំងឺកូវីដ-១៩។

លោក ប៉ែន សំអាល់ ជាអ្នកនេសាទប្រមូលផលខ្យងចំពុះទានៅសមុទ្រទឹករាក់គ្រប់គ្រងដោយសហគមន៍ព្រៃកោងកាងពាមក្រសោប ឱ្យដឹងថា រដូវទាញយកផលចំណេញពីទិន្នផលខ្យងចំពុះទាផ្តើមពីខែតុលាដល់ខែឧសភាជារៀងរាល់ឆ្នាំ អ្វីដែលគួរឱ្យសោកស្តាយ គឺជិត ២ ឆ្នាំទៅហើយដែលមិនបានប្រមូល ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ពួកគាត់។
តំណាងប្រជានេសាទ លោក សុខ ជីនទុន អះអាងថា សម្រាប់ឆ្នាំ ២០២២ នេះ ទើបពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាសម្រុកប្រមូលផលឡើងវិញ ទោះបីជាមានពុំមានក្រុមឈ្នួញបញ្ជាទិញច្រើនដូចពេលមុនក៏ដោយ ឱ្យតែថាលក់បានសម្រាប់យកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ទ្រាំស្តារសេដ្ឋកិច្ចជាមុនសិន។

ខ្យងចំពុះទាសព្វថ្ងៃ ក្នុង១គីឡូក្រាមថ្លៃ ១ ២០០ រៀល ទិញពីទូកលើផ្ទៃសមុទ្រតែម្តង បើធៀបនឹងពេលមិនទាន់មានការវាយលុកជំងឺកូវីដ អាចលក់បាន ១គីឡូក្រាមថ្លៃ ២ ០០០ រៀលទៅ ២ ២០០ រៀល។ គ្រាមិនទាន់កកើតជំងឺកូវីដ ប្រជានេសាទអាចរកខ្យងបានពី ៧០ ទៅ ៩០ តោនក្នុង១ឆ្នាំៗ បើគិតជាថវិកាខ្ទង់ម៉ឺនដុល្លារ។
លោក សៅ សំណាង អនុប្រធានសហគមន៍តំបន់អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប បានប្រាប់ “កម្ពុជាថ្មី” ថា ខ្យងចំពុះទា មានតម្រូវការច្រើន លុះត្រាតែឈ្នួញនៅប្រទេសថៃបញ្ជាទិញពីប្រជានេសាទ ទើបតម្លៃលក់អាចមានផលចំណេញគួរសម។ លោកថា សព្វថ្ងៃនេះ មានតែឈ្នួញក្នុងស្រុកទេដែលទិញយកទៅទីផ្សារ ឬអាចនាំទៅខេត្តផ្សេងៗទៀត។

កន្លងទៅ ក្រសួងបរិស្ថានធ្លាប់ចុះទស្សនកិច្ចស្រាវជ្រាវពីជីវភាពពលរដ្ឋក្នុងសហគមន៍ពាមក្រសោបម្តងទៅ២ដងហើយ ដោយសន្យាជួយរកទីផ្សារលក់ក្នុងតម្លៃសមរម្យជូនអ្នកនេសាទខ្យងចំពុះទាតាមបណ្តាសណ្ឋាគារលំដាប់ផ្កាយ និងផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។
ខ្យងចំពុះទា ជាអាហារមួយប្រចាំនៅខេត្តកោះកុងដែលស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងហូប ឆាក្រៀម ឆាកែងហឹរៗ និងច្នៃជាម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តអ្នកពិសារ។ ខ្យងចំពុះទាជាជីវៈចម្រុះកកើតឡើងវិញ គ្រាន់តែចំណោយថវិកាច្រើនបន្តិចដើម្បីទិញបង្គោលយកទៅដាំជម្រៅពី ៥ ម៉ែត្រទៅ ១០ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ហើយរុំទៃសជុំវិញបង្គោលនីមួយៗតាមរយៈការយកកូនខ្យងមកទុំព័ទ្ធរហូតដល់ពេលធំធាត់ប្រមូលផលតែម្តង។

សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប មានប្រជាពលរដ្ឋប្រមាណ ១១៩ គ្រួសារប្រកបរបរនេសាទខ្យងចំពុះទា ក្នុងចំណោមពលរដ្ឋសរុបចំនួន ៣៩២ គ្រួសារដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ក្រៅពីលក់ដូរ និងប្រកបអាជីវកម្មផ្តល់សេវាទេសចរណ៍ជូនភ្ញៀវដើរលេងកម្សាន្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


