ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអង់គ្លេសម្នាក់រៀបរាប់ពីឧបសគ្គលំបាកខ្លាំងទម្រាំទៅដល់បន្ទប់សម្ងាត់របស់លោក Zelensky
នៅក្នុងបន្ទប់សម្ងាត់មួយដែលស្ទើរតែគ្មានអ្នកដឹងនៅទីក្រុងកៀវប្រទេសអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយទៅកាន់ប្រធានព័ត៌មានមកពីកាសែត The Economist នៅក្នុងបទសម្ភាសន៍ផ្តាច់មុខអំពីការប្រយុទ្ធប្រទេសរបស់លោក ។

The Economist ដែលជាប្រភពព័ត៌មាន និងការវិភាគជាសកលដែលគួរឲ្យទុកចិត្តបំផុតមួយរបស់ពិភពលោកបាននិយាយយ៉ាងច្រើនទៅកាន់លោក Zelensky នៅក្នុង “បន្ទាយ ឬបន្ទប់សម្ងាត់” កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ អំពីស្ថានភាពបច្ចុប្បន្ននៃសង្រ្គាមជាមួយរុស្ស៊ី និងអ្វីដែលជាយុទ្ធសាស្ត្រឈ្នះសម្រាប់អ៊ុយក្រែន ។
លោកស្រី Zanny Minton Beddoes ជនជាតិអង់គ្លេស និងជាអ្នកសារព័ត៌មាន The Economist បាននិយាយរៀបរាប់ពីការទៅដល់បន្ទប់សម្ងាត់មួយនេះថា “វាត្រូវចំណាយពេលជិតមួយម៉ោងសម្រាប់ពួកយើងដើម្បីទៅដល់ច្រកទ្វារនៃបរិវេណរបស់លោក Volodymyr Zelensky ដែលជាការធ្វើដំណើរខុសគ្នាទៅកាន់វិមានប្រធានាធិបតីកន្លងមក ដែលជាធម្មតាមានរយៈពេល ១០ នាទីប៉ុណ្ណោះ” ។

លោកស្រីបាននិយាយថា ផ្លូវទៅបន្ទប់សម្ងាត់ក្នុងទីក្រុងកៀវភាគច្រើនគឺក្រាលគ្រួស ហើយមិនមានការធ្វើចរាចរណ៍ច្រើនទេក្នុងប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែផ្លូវដែលជាសរសៃឈាមកណ្តាលរបស់ទីក្រុងត្រូវបានរៀបចំឡើងវិញដើម្បីបំភាន់សត្រូវ ។
លោកស្រី Zanny បញ្ជាក់ថា ផ្លូវនេះក៏ឆ្លងកាត់ដុំថ្មធំៗប្រឆាំងរថក្រោះរបស់សូវៀត ឆ្លងកាត់ការការពារពីខ្មាន់កាំភ្លើង និងមានប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនដើម្បីពង្រឹងសន្តិសុខកាន់តែខ្លាំង ។ យើងក៏បានផ្លាស់ប្តូរយានយន្តផងដែរ ហើយស្ថានភាពដ៏ភ័យខ្លាចនៃការត្រៀមខ្លួនក្នុងទីក្រុងកៀវគឺធ្វើឲ្យយើងនឹកឃើញដល់ខែកុម្ភៈ ឆ្នាំ ២០១៤ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការរក្សាអ៊ុយក្រែនក្នុងការកាន់កាប់របស់ខ្លួនបាននាំឲ្យមាន “បដិវត្តន៍” និងការស្លាប់របស់មនុស្សជាង ១០០ នាក់ ខណៈឥឡូវនេះរាជធានីមួយនេះក៏កំពុងមានសង្គ្រាមម្តងទៀត” ។

នៅពេលទៅដល់បន្ទប់សម្ងាត់នោះ លោកស្រី Zanny បានប្រាប់ថា “របងទ្វារលោហធាតុពណ៌សបានបើក ហើយមានដើមឈើ និងបាវខ្សាច់ ។ ជំនួយការប្រធានាធិបតីបាននិយាយថា “សូមស្វាគមន៍មកកាន់បន្ទាយរបស់យើង” ។
ជាចុងក្រោយលោកស្រីរៀបរាប់ថា មានអ្នកបាញ់ស៊ីបទាំងលើ និងក្រោម ទាំងឆ្វេង និងស្ដាំ ក៏ដូចជាប្រព័ន្ធការពារអាកាសផងដែរ ។ នៅពេលដែលទ្វារបិទ ទាហានម្នាក់បានយកទូរស័ព្ទលើតុពណ៌ក្រហម ពោលជាទូរស័ព្ទរបស់រដ្ឋាភិបាលដែលមានសុវត្ថិភាពពីសម័យសូវៀតសម្រាប់ការបញ្ជាណាមួយ ។ យើងត្រូវបានបញ្ជូនទៅផ្លូវចូលចំហៀង បន្ទាប់មកនាំចូលទៅខាងក្នុងតាមច្រករបៀង ហើយជណ្ដើរមានសភាពងងឹតទម្រាំទៅដល់កន្លែង ឬបន្ទប់សម្ងាត់របស់លោក Zelensky ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Economist
ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


