ព័ត៌មានអន្ដរជាតិ
ការចាប់ដៃរបស់ជប៉ុនជាមួយណាតូ ធ្វើឲ្យចិន និងរុស្ស៊ីមានកង្វល់ធំ
រុស្ស៊ី និងចិនជាប្រទេសដែលមានប្រតិកម្មខ្លាំង និងមានកង្វល់ធំ ចំពោះវត្តមានឥទ្ធិពលយោធាជប៉ុនក្នុងរយៈពេលចុងក្រោយនេះ ដែលអ្នកជំនាញក្នុងវិស័យយោធា វីភាគថា ការប្រកាសភ្ជាប់ខ្លួនរបស់វិស័យយោធាជប៉ុនជាមួយអង្គការណាតូ គឺមិនត្រឹមតែជួយអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឥទ្ធិពលណាតូនៅអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកទៀតផង។

ក្រោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំនេះ ប្រកាសដាក់ចេញការចំណាយកើនឡើងយ៉ាងខ្លាំងសម្រាប់វិស័យយោធា ការកែប្រែច្បាប់ងាកទៅអភិវឌ្ឍ និងផលិតមីស៊ីលជាច្រើនប្រភេទ នាំចេញមីស៊ីល ពេលនេះ ជប៉ុនបានផ្តើមធ្វើកិច្ចការដ៏សំខាន់មួយទៀត គឺការភ្ជាប់វិស័យកងទ័ពជាមួយអង្គការណាតូដោយផ្ទាល់ ដើម្បីជួយដល់អ៊ុយក្រែន ដែលជាសញ្ញាបង្ហាញថា ជប៉ុនកាន់តែពង្រីកឥទ្ធិពលយោធា។
ការពង្រីកឥទ្ធិពលយោធាចុងក្រោយ ទាំងក្នុងស្រុកនិងអន្តរជាតិរបស់ប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចរីកលួតលាស់ខ្លាំងនៅអាស៊ីបូព៌ាជាច្រើនទសវត្សរ៍ កំពុងធ្វើឲ្យចិន និងរុស្ស៊ី ដែលមានប្រវត្តិប្រយុទ្ធបង្ហូរឈាមដ៏ជូរចត់ក្នុងសង្គ្រាមកន្លងមក នៅមិនសុខឡើយ និងចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់ជប៉ុនក្នុងការពង្រីកសកម្មភាពយោធានេះ។
ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីជាង៤ឆ្នាំ ជប៉ុនមិនដែលបានបង្ហាញការគាំទ្រផ្នែកយោធាណាមួយដោយផ្ទាល់ជួយដល់អ៊ុយក្រែនទេ គឺបានត្រឹមតែផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រលើគោលនយោបាយតាមរយៈក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មជឿនលឿន ហៅកាត់ថា G7 និងយន្តការអង្គការសហប្រជាជាតិប៉ុណ្ណោះ ប៉ុន្តែទើបសប្តាហ៍មុននេះប៉ុណ្ណោះ ជប៉ុននិងអង្គការណាតូបានប្រកាសជាចំហក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាជាមួយគ្នា។
ទីក្រុងតូក្យូផ្តើមធ្វើការផ្ទាល់ជាមួយណាតូ ដោយចេញពីផែនការដាក់ពង្រាយសមាជិកយោធាជប៉ុនចំនួន៤នាក់ទៅកាន់មូលដ្ឋានទ័ពណាតូ ក្នុងប្រទេសប្រទេសអាល្លឺម៉ង់ ដើម្បីហ្វឹកហាត់ជាមួយបេសកកម្មអ៊ុយក្រែនរបស់ណាតូ។
យោងការផ្សាយរបស់ Politico រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្សួមី (Shinjiro Koizumi) បាននិយាយថា ទាហានមកពីកងកម្លាំងការពារខ្លួនរបស់ជប៉ុន នឹងត្រូវបានប្រគល់ភារកិច្ចឱ្យវិភាគយុទ្ធសាស្ត្រប្រយុទ្ធថ្មីដែលប្រើប្រាស់ក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋាភិបាលបច្ចុប្បន្នរបស់ជប៉ុន បានជំរុញឱ្យមានការរៀបចំអាវុធឡើងវិញ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី និងចិន។
លោក កូអ៊ីហ្សួមី បាននិយាយថា ៖ «ការដាក់ពង្រាយនេះបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងជប៉ុន និងណាតូ»។
ស្របគ្នានេះដែរ ជប៉ុនបានបង្កើនការចំណាយយ៉ាងខ្ពស់លើវិស័យការពារជាតិ និង បង្កើនទំនាក់ទំនងកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសក្នុងអាស៊ាន មានហ្វីលីពីនជាដើម។ ការដាក់ពង្រាយចុងក្រោយនេះកើតឡើងនៅពេលដែលប្រទេសជប៉ុនពង្រឹងការរៀបចំអាវុធឡើងវិញផ្នែកយោធារបស់ខ្លួន រួមទាំងការដកចេញការរឹតបន្តឹងសម្រាប់ការនាំចេញអាវុធកាលពីខែមេសាឆ្នាំនេះ។
ក្រោយការប្រកាសពីការដាក់ពង្រាយនេះ ទាំងរុស្ស៊ី និងចិនបានប្រតិកម្មយ៉ាងខ្លាំង។ ជម្លោះពាក្យសម្តីរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន និងចិន បានប៉ះគ្នាផ្ទាល់ជាលើកដំបូងក្នុងកិច្ចប្រជុំកំពូលវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរី ហៅថា « IISS Shangri-La Dialogue»។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង នៅក្រោយក្ារប្រកាសរបស់ជប៉ុនសហការជាមួយណាតូ ថា ជប៉ុនបានបន្តធ្វើសមយុទ្ធយោធាឡើងវិញយ៉ាងពេញទំហឹង ដោយចូលរួមក្នុងអន្តរកម្មជាញឹកញាប់ជាមួយអង្គការយោធាមកពីខាងក្រៅតំបន់ ពង្រីកវិសាលភាពនៃសកម្មភាពរបស់កងកម្លាំងការពារខ្លួន (SDF) និងកសាងប្រព័ន្ធប្រតិបត្តិការត្រៀមប្រយុទ្ធ។
លោក Lin បាននិយាយថា «នេះគឺជាប្រទេសជប៉ុនដែលកំពុងព្យាយាមរំដោះខ្លួនចេញពីការរឹតបន្តឹងនៃរដ្ឋធម្មនុញ្ញ ច្បាប់ក្នុងស្រុក និងអន្តរជាតិ និងគោលការណ៍ផ្តោតលើការការពាររបស់ខ្លួនទាំងស្រុង»។
ផ្ទុយពីការចោទប្រកាន់របស់ចិន ភាគីជប៉ុនបានចោទប្រកាន់ចិនវិញថា ជាប្រទេសដែលមានឃ្លាំងស្តុកនុយក្លេអ៊ែរ និងធ្វើទំនើបកម្មក្នុងវិស័យយោធាឥតឈប់ឈរ។
ក្រសួងការបរទេសរុស្ស៊ីឯណោះវិញ បានព្រមានជប៉ុនប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhoon របស់សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន ដោយនិយាយថាវានឹង «បង្កើតការគំរាមកំហែងដោយផ្ទាល់តាមបណ្តោយព្រំដែនចុងបូព៌ារបស់យើង»៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


