Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ច្រានចោល​សំណើរបស់អាល្លឺម៉ង់ ដែលប្រុង​​ឲ្យ​អ៊ុយក្រែនត្រឹមតែ​ «សមាជិក​បម្រុង»ប៉ុណ្ណោះ​ ក្នុង EU

បានផុស

នៅ

យោងតាមការចុះផ្សាយផ្តាច់មុខ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក ​វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធសំណើរបស់អាល្លឺម៉ង់ ដែល​ផ្តល់ឋានៈ​​ឲ្យ​អ៊ុយក្រែន​ត្រឹមជា «សមាជិកបម្រុង ឬសមាជិករង» នៅក្នុងសហភាពអឺរ៉ុប (EU) ដោយលោកលើកឡើងថា ផែនការនេះនឹងធ្វើឲ្យទីក្រុងកៀវ គ្មានសំឡេងសម្រេចអ្វីទាល់តែសោះនៅក្នុងប្លុកមួយនេះ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានស្នើឲ្យអ៊ុយក្រែន អាចចូលរួមក្នុងកិច្ចប្រជុំនានារបស់សហភាពអឺរ៉ុបបាន ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតឡើយ ដែលនេះជាជំហានបណ្តោះអាសន្នមួយ ឆ្ពោះទៅរកការក្លាយជាសមាជិកពេញសិទ្ធិ ដែល​អ៊ុយក្រែន​​ចង់បាន​ជាយូរ​មក​ហើយ​នោះ​។ លោកបានវែកញែកថា វិធានការនេះអាចជួយជំរុញកិច្ចប្រឹងប្រែងនានា ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនថ្នាក់ដឹកនាំអឺរ៉ុប ដែលទីភ្នាក់ងារ Reuters បានពិនិត្យនិងផ្ទៀងផ្ទាត់ ប្រមុខមេដឹកនាំអ៊ុយក្រែន បានគូសបញ្ជាក់ថា សំណើនេះមិនបានផ្តល់ឲ្យអ៊ុយក្រែននូវការចូលរួមដ៏មានអត្ថន័យ ក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុបនោះឡើយ។

លោកបានសរសេរនៅក្នុងលិខិតនោះថា «វាជារឿងមិនយុត្តិធម៌ទាល់តែសោះ សម្រាប់អ៊ុយក្រែនដែលមានវត្តមាននៅក្នុង EU ប៉ុន្តែបែរជាត្រូវរក្សាភាពស្ងៀមស្ងាត់ និងគ្មានសំឡេងទៅវិញ។ ពេលនេះគឺជាពេលវេលាដ៏សមស្របបំផុត ក្នុងការបោះជំហានទៅមុខ ដើម្បីឲ្យអ៊ុយក្រែនទទួលបានសមាជិកភាពពេញលេញ និងមានអត្ថន័យពិតប្រាកដ»។

លោក ហ្សេលេនស្គី បានលើកឡើងថា ការវិវត្តន៍នយោបាយថ្មីៗនៅក្នុងប្រទេសហុងគ្រី បានបើកផ្លូវឲ្យមានវឌ្ឍនភាពជាថ្មី លើដំណើរការចូលជាសមាជិក EU របស់អ៊ុយក្រែន ជុំវិញការចាកចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Viktor Orban ដែលកន្លងមកតែងតែប្រឆាំងដាច់ខាតចំពោះការដេញថ្លៃចូលជាសមាជិករបស់ទីក្រុងកៀវ។

លោកក៏បានគូសបញ្ជាក់ទៀតថា អ៊ុយក្រែននៅតែបន្តដើរតួជាអ្នករាំងខ្ទប់ និងការពារសន្តិសុខសម្រាប់អឺរ៉ុប ចំពេលសង្គ្រាមកំពុងបន្តកើតមាន ហើយលោកបានអំពាវនាវឲ្យមានការពន្លឿនវឌ្ឍនភាព លើកិច្ចពិភាក្សាអំពីសមាជិកភាពនេះ។ លោកបានសង្កត់ធ្ងន់ថា «យើងកំពុងការពារអឺរ៉ុបទាំងស្រុង មិនមែនការពារតែមួយផ្នែក ឬការពារពាក់កណ្តាលចិត្ដនោះឡើយ។ អ៊ុយក្រែនសមនឹងទទួលបានវិធីសាស្ត្រដ៏យុត្តិធម៌ និងសិទ្ធិស្មើគ្នានៅក្នុងអឺរ៉ុប»។

គួរបញ្ជាក់ថា អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២២ ហើយត្រូវបានផ្តល់ឋានៈជាប្រទេសបេក្ខភាពផ្លូវការ នៅចុងឆ្នាំដដែលនោះ។ ទោះជាយ៉ាងណា ការចរចាចូលជាសមាជិកភាព គឺតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងដំណាក់កាលជាច្រើន ដែលដំណើរការនេះជារឿយៗត្រូវបានពន្យារពេល ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងខ្លាំងផ្នែកនយោបាយនៅក្នុងប្លុក។

រដ្ឋធានីនៃប្រទេសសមាជិក EU មួយចំនួន បានគាំទ្រវិធីសាស្ត្រសមាហរណកម្មជាដំណាក់កាលសម្រាប់អ៊ុយក្រែន រួមទាំងការផ្តល់លទ្ធភាពជាបណ្តើរៗ ចូលទៅកាន់ស្ថាប័ន EU មួយចំនួន មុនពេលផ្តល់សមាជិកភាពពេញលេញ។ ប៉ុន្តែ បណ្តាប្រទេសមួយចំនួនទៀតបានប្រកែករឿងនេះ ដោយលើកឡើងថា រាល់ការរៀបចំទាំងឡាយណាដែលមិនមានសិទ្ធិបោះឆ្នោតពេញលេញ អាចនឹងបង្កើតឲ្យមានការបែកបាក់រចនាសម្ព័ន្ធរយៈពេលវែង នៅក្នុងប្លុកអឺរ៉ុបទាំងមូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម