សន្តិសុខសង្គម
គ្រួសារសពសិស្សលិចទូកដ ទទួលជំនួយបឋម ២៨ លានរៀល ខណៈម្ចាស់ទូកដ កំពុងសួរនាំបន្ថែម
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យ “កម្ពុជាថ្មី” ដឹងមុននេះថា ក្នុងកិច្ចការដឹកនាំកម្លាំងស្វែងរកជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដទទឹង) នៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក មកដល់ពេលនេះ ក្រុមការងារបានរកឃើញ ១២នាក់ ក្នុងនោះនៅរស់រានមានជីវិត ៤នាក់ បាត់បង់ជីវិត ៨នាក់ និងកំពុងបន្តស្វែងរកជនរងគ្រោះ ៣នាក់ទៀត ដែលកំពុងបាត់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងបន្តថា មកដល់ពេលនេះ គ្រួសារសព ទទួលបានជំនួយឧបត្ថម្ភ ដោយមួយសព រដ្ឋបាលខេត្តជូន ២០លានរៀល លោកជំទាវ ឃួន សុដារី ជួយ ៤លានរៀល និងឯកឧត្ដម ហេង រតនា ជួយចំនួន ៤លានរៀល។


ចំពោះម្ចាស់ទូកដ ឬអ្នកបើកទូកដ ដែលដាក់លើសចំណុះនោះ ស្នងការនគរបាលខេត្តកណ្តាល រូបនេះ បានឱ្យដឹងបន្ថែមថា ជំនាញកំពុងសាកសួរនាំតាមនីតិវិធី ដោយមិនទាន់កំណត់ថា ពួកគាត់នឹងត្រូវបង់សំណង និងទទួលទោសដូចម្ដេចនៅឡើយទេ។

គួររំលឹកថា នៅម៉ោង ៧ :១០ យប់មិញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីមនុស្ស ១៨នាក់ ជិះទូកដទទឹង ឆ្លងទន្លេ ហើយជួបឧបទ្ទវហេតុលិចទឹក។ ទីតាំងលិចស្ថិតនៅក្នុង ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយមនុស្សធំ ៣នាក់ និងសិស្ស ១៥នាក់ ពួកគេសុទ្ធជាក្មេងក្រីក្រ។ គ្រាន់តែទទួលដំណឹងភ្លាម អ្នកភូមិបាននាំគ្នារត់មកចាំយកកូននៅមាត់កំពង់ ស្របពេលកណ្តាលទន្លេដ៏ធំកំពុងតែខ្មួរខ្មាញ់ដោយទឹកហូរ និងអូប័រក្រុមសមត្ថកិច្ច បំពាក់ដោយបរិក្ខាសង្គ្រោះ មានពិលមុជងើបៗស្វែងរកជនរងគ្រោះ។

ម៉ោង ១០ យប់ កម្លាំងសមត្ថកិច្ចបានរាវរកឃើញ សិស្សសាលាចំនួន ៤នាក់។ រំលងអាធា្រត្រ រកឃើញ ២នាក់ទៀត ក្នុងចំណោមសិស្សសាលារងគ្រោះទាំង ៦នាក់នេះ គឺ នៅរស់រានមានជីវិត ២នាក់ និង ស្លាប់ ៤នាក់។ ទៀបភ្លឺរកឃើញសព ២នាក់ទៀត។ ម៉ោង ៨ : 0០ នាទី ព្រឹករកឃើញសព ២នាក់ទៀត សរុបរកឃើញ ៨សព។

ក្មេងស្រីម្នាក់ដែលនៅរស់រាន នាងឃើញហេតុការណ៍ផ្ទាល់ភ្នែក គឺទូកដាក់លើសចំណុះ ហើយលើទូកមានរឺម៉ឺក១ គឺសឹងតែទឹកហៀរចូលទូកទៅហើយ ហើយទូកខំជិះលឿនឱ្យឆាប់ដល់គោលដៅ អកុសលមានទូកជិះបញ្ច្រាសមក រលកវាយចូលទូកដែលនាងកំពុងជិះ លិចតែម្តង។ នាងអាចរស់បាន គឺគ្មាននរណាជួយនាងឡើយ ដំបូងនាងសម្រេចចិត្តដោះកាតាបបោះចោល ហើយស្ទុះទៅឈរលើរឺម៉ឺកដែលនៅលើទូក ហើយហែលផ្ងារឡើងលើ ទាំងអត់ចេះហែលទឹក ហើយរលកដ៏ខ្មាញ់រុញនាងរហូតដល់គោកតែម្តង៕

អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


