ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៣ ឡើងវិញ ក្រោយខកខានដោយសារជំងឺកូវីដ-១៩
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ បានបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី ៣ ឆ្នាំ ២០២២ ឡើងវិញ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ រួចមក។

លោក ប៉ុក បូរក្យ ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឲ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី ៣ ឆ្នាំ ២០២២ នេះ មានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៣៥ ស្នាដៃ។ ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំង ក្នុងរាជធានីភ្នំពេញ និងអនុញ្ញាតឲ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្ត ព្រមទាំងមានមានផ្សព្វផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោស្រពផងដែរ។

លោក ប៉ុក បូរក្យ ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឲ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៣ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ហើយពិធីបិទមហោស្រពនឹងធ្វើនាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៥ រសៀល ហើយជ័យលាភីលេខ ១ នឹងទទួលបានពានមាសមួយ អមដោយថវិកា ១២ លានរៀល លេខ ២ ទទួលបានពានប្រាក់មួយ អមដោយថវិកា ៨ លានរៀល និងលេខ ៣ ទទួលបានពានសំរឹទ្ធមួយ ថវិកា ៤ លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀតផងដែរ។

លោកបានបន្តថា មហោស្រពនាឆ្នាំនេះ ដែលមានពាក្យស្លោក ភាពយន្តខ្នាតខ្លី គឺជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង បានកំណត់ខ្លឹមសារគោលក្នុងការជ្រើសរើសស្នាដៃភាពយន្តខ្នាតខ្លីសម្រាប់ចូលរួមប្រកួតប្រជែងចំនួន ០២ គឺ វប្បធម៌ និងការអភិវឌ្ឍសង្គម និងភាពច្នៃប្រឌិត និងការបង្កើតថ្មី។

លោកបានបន្តថា មហោស្រពភាពយន្តខ្នាតខ្លី គឺជាយន្តការចាំបាច់បំផុតក្នុងការជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញនូវគំនិត ចែករំលែកនូវ ព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយនេះគឺជាជំហានដំបូងដែលនាំពួកគេឲ្យក្លាយជាផលិតករភាពយន្ត។ ដូចនេះ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាដែលរៀបចំនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការផ្ដល់ឱកាសឲ្យយុវជន យុវនារី ដើម្បីបញ្ចេញទេពកោសល្យ សមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន ដើម្បីយកមកចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ។

លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។

លោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះយុវជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំសីលធម៌គុណធម៌ អត្តសញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិយើងផងដែរ ព្រោះថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេកទេស ការសម្ដែងប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះមានការរីកដុះដាលនូវរោងភាពយន្តលំដាប់អន្តរជាតិ និងការផលិតផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើន ហើយទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


