សន្តិសុខសង្គម
កាត់ទោសអតីតប្ដីបាញ់សម្លាប់ប្រពន្ធ ថ្ងៃ ២៧ មេសា ប្រកាសសាលក្រម
សំណុំរឿងឃាតកម្មគិតទុកមុនដែលបុរសអតីតប្ដីបានបាញ់សម្លាប់អតីតប្រពន្ធនៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការកាត់ទោសកាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នេះ។

ជនដៃដល់ដែលត្រូវកាត់ទោសឈ្មោះ ជា អូន ភេទប្រុស អាយុ ២៥ ឆ្នាំ គ្មានមុខរបរពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទស្រី អាយុ ២២ ឆ្នាំ។ តុលាការបានចោទប្រកាន់ឈ្មោះ ជា អូន ពីបទ ឃាតកម្មគិតទុកមុន និងប្រើប្រាស់អាវុធខុសច្បាប់។

ក្នុងសវនាការជនជាប់ចោទបានរៀបរាប់ថា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ ខ្លួនបានរៀបការជាមួយប្រពន្ធឈ្មោះ នូ សុខនីតា។ លុះមកដល់អំឡុងខែមីនា ឆ្នាំ ២០២២ ពួកគេទាំងពីរមានទំនាស់ឈ្លោះប្រកែកគ្នា ដោយខ្លួនបានដឹងថា ប្រពន្ធឈ្មោះ នូ សុខនីតា មានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិចិនម្នាក់(មិនស្គាល់ឈ្មោះ)។ ពេលនោះពួកគេក៏បាននាំគ្នាមកលែងលះនៅសាលាសង្កាត់ចាក់អង្រែក្រោម។ ក្រោយពីលែងលះគ្នាមួយរយៈ ខ្លួនបានមកសុំប្រពន្ធយកគ្នាជាប្ដីប្រពន្ធវិញ តែនាងមិនព្រម ទើបខ្លួនមានកំហឹង រួចបានទំនាក់ទំនងទិញអាវុធខ្លីមួយដើមម៉ាក K៥៩(រលប់លេខ) មានបង់ចំនួន ០១ និងគ្រាប់ចំនួន ០៦ គ្រាប់ ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណតាមរយៈហ្វេសប៊ុកផេក (មិនចាំឈ្មោះក្រោយពេលទិញរួចបានលុបឆាតនោះចោលទាំងអស់) ក្នុងតម្លៃ ៦៥០ ដុល្លារអាមេរិក (ដោយគេផ្ញើអាវុធនោះតាមរថយន្តវីរៈប៊ុនថាំ ខណ្ឌសែនសុខ) នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ ក្នុងគោលបំណងយកមកគំរាមប្រពន្ធឲ្យព្រមទទួលយកខ្លួនជាប្ដីវិញ បើមិនព្រមរូបគេនឹងបាញ់សម្លាប់ចោលតែម្ដង រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

លុះមកដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៤ និង ១៥ នាទី ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ កណ្ដាល ១D-៥០១១ ដោយយកអាវុធខ្លីមួយដើមម៉ាក K៥៩ ដាក់តាមខ្លួនមកជួបឈ្មោះ នូ សុខនីតា នៅចំណុចក្នុងបន្ទប់ ផ្ទះលេខ ១៤០៣A ផ្លូវជាតិលេខ ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ពេលមកដល់ខ្លួនបាននាំជនរងគ្រោះចូលទៅក្នុងបន្ទប់និយាយសុំត្រូវគ្នាវិញ(ប្តីប្រពន្ធ) តែជនរងគ្រោះមិនយល់ព្រមទេ ខណៈនោះ ខ្លួនក៏បានដកអាវុធខ្លីមួយដើមម៉ាក K៥៩ ពីចង្កេះមកអាមេបញ្ចូលគ្រាប់ រួចបាញ់គំរាមជនរងគ្រោះចំនួន ០១ គ្រាប់ ត្រូវជញ្ជាំងបន្ទប់ ហើយបាញ់មួយគ្រាប់ទៀតត្រូវជនរងគ្រោះចំពីលើក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង បន្ទាប់មកខ្លួនបាញ់ខ្លួនឯងចំនួន ០៣ គ្រាប់ទៀតតែមិនផ្ទុះ ទើបក្រុមគ្រួសារទាំងសងខាង (ទាំងជនរងគ្រោះ និងជនសង្ស័យ) និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចូលទៅអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
ក្រោយពីស្ដាប់ការរៀបរាប់យ៉ាងក្បោះក្បាយរបស់ជនដៃដល់រួចមក លោក វង្ស សាវ៉ាត តំណាងអយ្យការ បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់លើឈ្មោះ ជា អូន ដដែល ហើយសំណូមពរក្រុមប្រឹក្សាតុលាការផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់។
លោក ម៉ម ច័ន្ទវណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ ដើម្បីប្រកាសសាលក្រម៕
អត្ថបទ ៖ មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


