Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភជាលើកទី ២ ដល់កម្មករជិត ៩ ពាន់នាក់ រងប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល

បានផុស

នៅ

រាជរដ្ឋាភិបាល បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជា​លើក​ទី ២ ដល់​កម្មករ​និយោជិត​ចំនួន ៨ ៧៦២ នាក់ មកពី ២៦ រោងចក្រ ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ព្យួរ​ការងារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្ដីពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​លើក​ទី ២ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ០៧ មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​បើក​ប្រាក់​ឧបត្ថម្ភ​នេះ រាជរដ្ឋាភិបាល​ធ្វើឡើង​តាមរយៈ​ធនាគារ​វី​ង​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​កម្មករ​និយោជិត​ដែល​បាន​ផ្តល់​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ និង​សហគ្រាស នា​ពេល​កន្លង​មក។

ប្រាក់​ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្ដល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ ក្នុង​នោះ​ទឹកប្រាក់​ចំនួន ៨១ ០០០ រៀល ស្មើ​នឹង ២០ ដុល្លារ សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល​ពី ៧ ថ្ងៃ ដល់ ១៤ ខែ។ ទឹកប្រាក់ ១៦២ ០០០ រៀល ស្មើ​នឹង ៤០ ដុល្លារ​អាមេរិក សម្រាប់​ព្យួរ​ការងារ​រយៈពេល ១៥ ថ្ងៃ ដល់ ១ ខែ។

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វីង នឹង​បង្វិល​ប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​ជា​កម្មករ​និយោជិត​ខកខាន​មិន​បាន​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០ ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង ដោយ​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរសព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វីង​ដែល​នៅ​ជិត​បំផុត ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ ហើយ​រាល់​ការ​បើក​ប្រាក់​នេះ​គឺ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ។

ក្នុង​ករណី​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង ២៦ នេះ មិន​បាន​ទទួល​សារ​ទូរសព្ទ​ពី​ធនាគារ​ឯកទេស​វីង នោះ​ត្រូវ​ធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរសព្ទ​របស់​ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់​ខ្លួន​ជាបន្ទាន់។

នេះ​ជា​លើក​ទី ២ ហើយ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ព្យួរ​ការងារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល ខណៈ​លើក​ទី ១ រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​សរុប​ចំនួន ៨ ៨៣១ នាក់ មកពី ១៩ រោងចក្រ កាលពី​ថ្ងៃ​ទី ០២ ខែ​មិថុនា ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម