ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យកែច្នៃសហគមន៍ព្រៃឈើចង្ក្រានរយ ក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យសហគមន៍ព្រៃឈើចង្ក្រានរយ ធ្វើការកែច្នៃ និងអភិវឌ្ឍន៍តំបន់ការពារធនធានធម្មជាតិមួយនេះ ដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រានរយ នៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី ២៦ មិថុនា លោករដ្ឋមន្ត្រី បានណែនាំដល់ប្រជាសហគមន៍ ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឲ្យ តាមរយៈការបង្កើត រៀបចំ និងផ្ដល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបន្តថា «សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្ដល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ»។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីឲ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ សម្រាប់ទុកជាផលប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។

គួរបញ្ជាក់ថា សហគមន៍ព្រៃឈើចង្ក្រានរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីក្រុងសៀមរាប។ នៅឆ្នាំ ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីផ្ទៃដីព្រៃឈើទំហំជាង ១ ម៉ឺនហិកតា សម្រាប់សហគមន៍ ១១ ភូមិ ក្នុងឃុំចំនួន ៥ នៃស្រុកវ៉ារិន ធ្វើការការពារ និងអភិរក្ស ដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នេះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្ក្រានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូចធំជាច្រើនកន្លែងជាដើម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ