Connect with us

សេដ្ឋកិច្ច

​រដ្ឋមន្ត្រី​៖ ​វិស័យ​កសិកម្ម​រួមចំណែក ១៦% ​នៃ​ផលិតផលក្នុងស្រុកសរុប​

បានផុស

នៅ

វិស័យកសិកម្ម​បានរួមចំណែក ​១៦% ​ដល់​ផលិតផល​ក្នុង​ស្រុកសរុប​របស់​កម្ពុជា ​ក្នុង​ឆ្នាំ ២០២៥ ខណៈ​ផលិតកម្មកសិកម្ម ស្រូវ អង្ករ និងដំណាំរួមផ្សំមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​ និង​ធានាបានូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងពិធី​សន្និ​បាតបូកសរុបការ​ងារក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិស​ដៅ​អនុវត្តឆ្នាំ ២០២៦ នៅថ្ងៃទី ១៩ ខែមីនា ថា ​វិស័យកសិកម្មចូលរួមក្នុងសេដ្ឋកិច្ចចំនួន ១៦ ភាគរយ សម្រាប់​ឱ្យប្រជាពលរដ្ឋមានហូប។​

​លោក ឌិត ទីណាបញ្ជាក់ថា៖ «កុំឱ្យថា វិស័យកសិកម្មចូលរួម ៨០% ដូចកាលពីមុន ​ប៉ុន្តែហូបអត់គ្រាន់ តម្លៃ​ម្ហូប​វាថ្លៃ​ ឥឡូវ ១៦% ​នៃសេដ្ឋកិច្ចជាតិ ​ក៏ប៉ុន្តែតម្លៃម្ហូបអាហារ ​យើងរកហូបាន»។​

​លោក​រដ្ឋមន្ត្រីបានពន្យល់ថា៖«​កុំ​ឱ្យ​មាន​ការយល់ច្រលំថា​ វិស័យកសិកម្មគឺជាវិស័យដែលយើងត្រូវយក​ទៅ​ធ្វើជាមហា​អំណាច​សេដ្ឋកិច្ច គឺយើងធ្វើសម្រាប់ឱ្យមានហូប ​ក្នុងតម្លៃសមរម្យ ដោយមិនចាំបាច់​មាន​ការនាំចូល។​ មួយ​ផ្នែក​មាន​ហូប ​ហើយ​មួយ​ផ្នែក​ទៀត​ឱ្យ​គាត់​មានបាន ​ឱ្យ​គាត់​លក់​ចំណេញ​ និង​មាន​ប្រើ»។

វិស័យកសិកម្មគឺជាសសរស្តម្ភ​ក្នុងចំណោមសសរស្តម្ភទាំង​បួនដែលគាំទ្រដល់​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ​បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ​ស្បែកជើង​ វិស័យទេសចរណ៍ វិស័យ​សំណង់ ​និងអចលនទ្រព្យ។

​រាជរដ្ឋាភិបាល​បានប្រកាសពីការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មីមួយ ​សំដៅធ្វើឱ្យ​ប្រសើរ​ឡើង​នូវវិស័យកសិកម្មពីកសិកម្មគ្រួសារទៅជាកសិកម្មពាណិជ្ជកម្ម​ និងបង្កើនប្រាក់ចំណូល​របស់​កសិករតាមរយៈផលិតផលដែលមានតម្លៃបន្ថែម។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦,៤៦ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម កើនឡើង ៧,៣ ភាគរយ ​ធៀបនឹងឆ្នាំ ២០២៤។ ផលិតផល​​មាន​សក្តានុពល​នាំចេញ​រួមមាន ​ស្រូវ ​អង្ករ កៅស៊ូ ដំឡូងមី ​គ្រាប់ស្វាយចន្ទី ​ស្វាយ​ ម្រេច ចេក ​និងទុរេនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម