ព័ត៌មានជាតិ
កម្ពុជា មានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មជិត ៩ពាន់តោនក្នុងមួយឆ្នាំ
កម្ពុជា មានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្ម ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ។

ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែចង្វាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស អភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៩ មិថុនា។
ប្រហុក ត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម សម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ។

លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសប៉េប៉េ អឹម និងក្រុមហ៊ុន Confirel បានលើកឡើងថា សហគ្រាស Confirel បាននិងកំពុងកែច្នៃ ដើម្បីនាំចេញប្រហុក។ បច្ចុប្បន្នក្រុមហ៊ុនបានដាក់ការស្នើសុំកម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិហើយ នៅពេលដែលទទួលបានកម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិ នោះនឹងបង្ហាញក្ដីសង្ឃឹមយ៉ាងច្បាស់លាស់ថា ប្រហុកខ្មែរនឹងមានអនាគតវែងឆ្ងាយ មានតម្លៃ មានតម្រូវការ ក្នុងការនាំចេញទៅប្រទេសក្រៅ។

លោកឧកញ៉ាបានបញ្ជាក់ថា «ចំពោះគោលដៅនាំចេញប្រហុក គឺនាំចេញទៅកាន់គ្រប់បណ្ដាប្រទេស ដែលអាចនាំចេញបានព្រោះថា ក្រុមហ៊ុនបានធ្វើទីផ្សារប្រហុកជាមួយនឹងជនជាតិបរទេសកន្លងមកឃើញថា ពីមុនប្រហុកមួយក្រឡប្រើរាប់ខែមិនអស់ទេ ប៉ុន្ដែបន្ទាប់ពីកែច្នៃប្រហុកឃើញថា ត្រឹមតែ១-៣ខែប៉ុណ្ណោះប្រហុកប្រើបានរហូតដល់ ៣០គីឡូក្រាម នេះបង្ហាញទីផ្សារប្រហុកចាប់ផ្ដើមមានជាបណ្ដើៗហើយ»។
លោកឧកញ៉ា លើកឡើងបែបនេះ នៅក្នុងកម្មវិធីពានរង្វាន់ត្នោតមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃនៃប្រហុក» ធ្វើឱ្យផលិតផលប្រហុក ក្លាយជាផលិតផលនាំចេញ កាលពីពេលថ្មីៗនេះ។
ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព លោក ឌិត ទីណា បានគូសបញ្ជាក់ថា ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការ និងស្តង់ដាទីផ្សារ។ ក្នុងការជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន