Connect with us

ព័ត៌មានជាតិ

កសិដ្ឋានមួយ នាំចេញខ្យងទៅវៀតណាម ៣០តោន ក្នុងមួយខែ

បានផុស

នៅ

លោក ឈីម ផៃ ម្ចាស់កសិដ្ឋានត្បូងឃ្មុំ បានប្រមូលទិញខ្យងធម្មជាតិ ពីប្រជាកសិករ និងអ្នកនេសាទ នៅខេត្តបាត់បង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តកំពង់ធំជាដើម ដើម្បីស្តុកទុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ​ទៅប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈីម ផៃ បានលើកឡើងថា កសិដ្ឋានរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ មកម្លេះ។ លោកថា បច្ចុប្បន្ននេះ កសិដ្ឋាត្បូងឃ្មុំ របស់លោក បាននាំចេញខ្យងធម្មជាតិទៅទីផ្សារវៀតណាម ប្រមាណ ៣០តោន ដោយរក​ចំណូល​បានជិត ២ពាន់ដុល្លារ ក្នុងមួយខែ ពីការនាំចេញនេះ។

បើតាមលោក ឈីម ផៃ ខ្យងធម្មជាតិមួយគីឡូមានតម្លៃចន្លោះពី ៤ ០០០ រៀល ទៅ ១៣ ០០០ រៀល អាស្រ័យ​ទៅតាមទីផ្សារជាក់ស្ដែង។

ក្រោយពីបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម លោក ឈីម ផៃ មិនបានធ្វើការអ្វីនោះទេ ពោលគឺចាប់យកអាជីពនេះតែម្តង ដោយមើលឃើញពីសក្តានុពលទីផ្សារល្អ និងចង់ជួយ​បង្កើន​ប្រាក់ចំណូលដល់ពលរដ្ឋ ក្រៅពីរបរស្រែចម្ការ។

ពាក់ព័ន្ធនឹងផលិតផលជលផល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញបង្កើតទីផ្សារនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែង នៅពេលឆាប់ៗខាងមុខនេះ ផលិតផលជលផលខ្មែរចំនួន ៤ប្រភេទបន្ថែមទៀត រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​មួយ​ដ៏​ធំ​ ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។

ចំពោះ​ការ​បើក​ទីផ្សារផលិតផល​ជលផល​របស់​កម្ពុជា​៤​ប្រភេទ​បន្ថែម​ទៀត​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នា​ពេល​នេះ កម្ពុជាជឿជាក់ថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជា នឹងក្លាយ​ជា​ទី​ពេញនិយមរបស់​ប្រជាជនចិន៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម