ព័ត៌មានអន្ដរជាតិ
សារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី
បន្ទាប់ពីបើកកិច្ចសហការស៊ើបអង្កេតយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈតម្រុយពីអតីតចោរប្លន់ឈ្មោះ Toek Tik ឬឈ្មោះក្រៅថា Lion មានទំនាក់ទំនងជាមួយមេខ្លោងអង់គ្លេសឈ្មោះ Douglas Latchford , នៅទីបំផុត វត្ថុបុរាណខ្មែររាប់ពាន់ដុំត្រូវបានរកឃើញនៅក្នុងសារមន្ទីរល្បីៗ និងភូមិគ្រឹះឯកជននៅលើទឹកដីនៃសហរដ្ឋអាមេរិក ។
ក្រោយរកឃើញ អាមេរិកក៏បានឈានដល់ការប្រគល់ដួងព្រលឹងជាតិ ដែលគេឆ្លៀតឱកាសលួច តាំងពី «សម័យកាលនៃការបង្ហូរឈាម ឬរបបប្រល័យពូជសាសន៍នៅកម្ពុជា នាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មកកាន់កម្ពុជាវិញជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CBS News ។

លោក Brad Gordon មេធាវីជនជាតិអាមេរិកដែលធ្វើការឲ្យរដ្ឋាភិបាលកម្ពុជា អស់ ១៤ ឆ្នាំ ក្នុងការតាមដានទ្រព្យសម្បត្តិសិល្បៈចម្លាក់ដែលបានបាត់បង់ បាននាំក្រុមការងារទៅដល់ប្រាសាទមួយស្ថិតនៅចម្ងាយ ១០០ ម៉ាយល៍ (១៦០គីឡូម៉ែត្រ) ស្ថិតនៅភាគឦសាននៃប្រាសាទអង្គរវត្ត។ នៅទីធ្លាប្រាសាទដែលបាក់បែក ស្ទើរតែគ្មានអ្វីសល់ក្រៅពីជើងទម្រទទេរស្អាត ដែលរាយប៉ាយនៅចន្លោះដើមស្រឡៅ។
លោក Brad បានពន្យល់ថា «នៅពេលដែលក្រុមចោរមកដល់ទីតាំងបែបនេះ អ្វីដំបូងដែលពួកគេយកគឺព្រះសិរ (ក្បាល) ព្រោះវាស្រួលកាន់ ហើយក្រោយមកទៀត ទើបពួកគេត្រឡប់មកយកដងខ្លួន។ ប៉ុន្តែ ពួកគេមិនសូវប្រយ័ត្នទេ ដូច្នេះទើបក្រុមចោរបានបន្សល់ទុកនូវបំណែកខ្លះៗ»។
លោក Brad បានហៅមេចោរជនជាតិអង់គ្លេសឈ្មោះ Douglas Latchford ថា ជា «ខួរក្បាលនៅពីក្រោយមហាចោរកម្មសិល្បៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។ Latchford រស់នៅក្នុងប្រទេសថៃ ជាពាណិជ្ជករអង់គ្លេសដ៏អាថ៌កំបាំងម្នាក់ ដែលបានចាប់ផ្តើមប្រមូលវត្ថុបុរាណនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។
លោក បានបង្ហាញខ្លួនឯងថា ជាអ្នកប្រាជ្ញ និងជាអ្នកការពារវប្បធម៌កម្ពុជា ដោយបានបរិច្ចាគរូបចម្លាក់ទៅឲ្យសារមន្ទីរ Metropolitan Museum of Art (The Met) នៅទីក្រុងញូវយ៉ក និងស្ថាប័នល្បីៗផ្សេងទៀត។ លោក ថែមទាំងបានបោះពុម្ភសៀវភៅចំនួន៣ក្បាលដែលបង្ហាញពីគំរូដ៏ល្អបំផុតនៃវត្ថុបុរាណខ្មែរ ដែលតាមពិតទៅ វត្ថុភាគច្រើនក្នុងនោះត្រូវបានលោកលួចមកសោះ។ លោក បានប្រើប្រាស់សៀវភៅទាំងនោះធ្វើជាកាតាឡុកលក់ទំនិញ ដើម្បីឲ្យអ្នកទិញជឿជាក់ថាវាជាវត្ថុបុរាណស្របច្បាប់។
ក្រោយមក មេចោរ Latchford ត្រូវអាជ្ញាធរអាមេរិកចោទប្រកាន់ជាផ្លូវការនៅឆ្នាំ ២០១៩ ពីបទរត់ពន្ធ កុហកបោកប្រាស់ និងបទល្មើសផ្សេងទៀត ប៉ុន្តែ លោកបានស្លាប់មុនពេលតុលាការកាត់ទោស។ លោក Brad បានបញ្ចុះបញ្ចូលគ្រួសាររបស់ Latchford ឲ្យប្រគល់ការប្រមូលផ្ទាល់ខ្លួននៃវត្ថុបុរាណដែលបានលួចត្រឡប់មកវិញ រួមទាំងរូបសំណាកពីកោះកេរនៅឆ្នាំ ២០២១ ផងដែរ។ លោក Lion ដែលកំពុងទន់ខ្សោយដោយសារជំងឺមហារីក បានមកពិនិត្យរូបសំណាកនោះនៅសារមន្ទីរជាតិកម្ពុជាដើម្បីបញ្ជាក់ថា វាជាវត្ថុពិត មុនពេលលោកបានទទួលមរណភាពពីរបីខែក្រោយមក។
ទោះបីជាមានការត្រឡប់មកវិញខ្លះក៏ដោយ វត្ថុបុរាណខ្មែរជាច្រើននៅតែត្រូវបានលាក់ទុកនៅក្នុងភូមិគ្រឹះរបស់មហាសេដ្ឋី និងដាក់បង្ហាញនៅក្នុងសារមន្ទីរល្បីៗលើពិភពលោក។ សារមន្ទីរ The Met នៅញូវយ៉ក មានការប្រមូលវត្ថុបុរាណខ្មែរដ៏សំខាន់បំផុតមួយ ប៉ុន្តែ បំណែកល្អៗជាច្រើននៅក្នុងផ្នែកសិល្បៈអាស៊ីអាគ្នេយ៍ គឺជាវត្ថុដែលបានមកពីការលួចប្លន់ និងឆ្លងកាត់ដៃរបស់ Latchford ។
លោក Brad Gordon បាននិយាយថា មនុស្សភាគច្រើនដែលដើរកាត់សារមន្ទីរ The Met មិនបានដឹងថា ទាំងនោះជា «វត្ថុបុរាណបង្ហូរឈាម» ឡើយ ពួកគេមិនដឹងពីប្រវត្តិ និងមនុស្សដែលត្រូវស្លាប់ដើម្បីយកវាចេញមកនោះទេ។
ក្រៅពីសារមន្ទីរ វត្ថុបុរាណខ្មែរដ៏កម្រក៏ត្រូវបានរកឃើញនៅក្នុងភូមិគ្រឹះនៅកោះ Palm Beach របស់មហាសេដ្ឋីចុងក្រោយ លោក George Lindemann និងភរិយាផងដែរ ដែលពួកគេបានចំណាយប្រាក់ប្រហែល ២០ លានដុល្លារ ដើម្បីបង្កើតការប្រមូលនេះឡើង ដោយមានការជួយជ្រោមជ្រែងពី Latchford ។
លោកស្រី Andrea Bayer អនុប្រធានផ្នែកប្រមូល និងរដ្ឋបាលនៃសារមន្ទីរ The Met បានទទួលស្គាល់ថា កាលពីមុនសារមន្ទីរមិនបានត្រួតពិនិត្យប្រភពដើមវត្ថុបុរាណឲ្យបានម៉ឺងម៉ាត់គ្រប់គ្រាន់នោះទេ។ នៅចុងឆ្នាំ ២០២៣ សារមន្ទីរ The Met បានប្រកាសប្រគល់វត្ថុបុរាណចំនួន ១៣ ដុំត្រឡប់មកវិញ បន្ទាប់ពីមានសម្ពាធពីរដ្ឋអាជ្ញា។ ដូចគ្នានេះដែរ គ្រួសារមហាសេដ្ឋី Lindemann ក៏បានព្រមព្រៀងស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន ៣៣ ដុំមកឲ្យកម្ពុជាវិញផងដែរ។
នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ សារមន្ទីរ The Met បានប្រគល់វត្ថុបុរាណចំនួនពីរថែមទៀតមកឲ្យកម្ពុជា បន្ទាប់ពីមានការរឹបអូសដោយអង្គភាពជួញដូរវត្ថុបុរាណរបស់រដ្ឋអាជ្ញា នៅតំបន់ Manhattan។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជានៅតែបន្តទាមទារយ៉ាងម៉ឺងម៉ាត់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ៣០ផ្សេងទៀត ដែលកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់សារមន្ទីរ The Met នៅឡើយ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់ទាំងអារម្មណ៍រំភើបថា ការបញ្ជូនត្រឡប់មកវិញនៃរូបសំណាក និងទេវរូបទាំងនេះ គឺប្រៀបដូចជា «ការទទួលបានមកវិញនូវព្រលឹងរបស់ជាតិ» មិនត្រឹមតែសម្រាប់លោកស្រី និងក្រុមគ្រួសារដែលបានបាត់បង់ក្នុងសង្គ្រាមនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរ។
គួរបញ្ចាក់ដែរថា ក្នុងអំឡុងសង្គ្រាមស៊ីវិល វត្ថុបុរាណខ្មែររាប់ពាន់ដុំត្រូវបានលួចប្លន់ជាលក្ខណៈប្រព័ន្ធ ដោយមេខ្លោងជនជាតិអង់គ្លេស ឈ្មោះ Douglas Latchford ដែលប្រើប្រាស់រូបភាពជាអ្នកជំនាញបិទបាំងសកម្មភាពជួញដូរឆ្លងដែន យកទៅលក់ឲ្យសារមន្ទីរខាន់ៗមួយចំនួននៅលើពិភពលោក និងមហាសេដ្ឋីបរទេស៕

ប្រែសម្រួលអត្ថបទ ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


