Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានប្រគល់ទីលានចាក់សំរាមតម្លៃជាង ១លានដុល្លារ​ដល់រដ្ឋបាលខេត្តស្វាយរៀង

បានផុស

នៅ

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមប្រគល់-ទទួលទីលាន​ទុកដាក់សំរាម​សំណល់រឹង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលចំណាយថវិកាសាងសង់អស់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដី​ជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉ក សម្រាប់ដឹកសំរាមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ការបង្កើតឲ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ ជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អ និងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល ហើយចាប់​ពីពេលនេះតទៅ។ លោកក៏បាន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកប្រមូល​សំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។

លោក សេង សីលា បានបន្តថា ដើម្បីឲ្យការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទាមទារឲ្យប្រជាពលរដ្ឋចូលរួម​ទាំងអស់គ្នា​ជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាព​ក្នុងការប្រមូលសំរាម​ផងដែរ។ ហើយទីលាននេះក៏បានបង្កើតឲ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះមានតម្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដូច្នេះមិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់​យកចិត្តទុកដាក់ក្នុង​ការធ្វើអនាម័យបរិស្ថានឲ្យបានស្អាត ជាក្រុងគ្មានសំរាម ប្រកបដោយពណ៌បៃតងស្រស់បំព្រង ដែលជាការទាក់ទាញ​ដល់ភ្ញៀវទេសចរណ៍នានាមកកំសាន្ត និងស្នាក់នៅប្រកបដោយផាសុខភាព។

ក្នុងឪកាសនោះដែរលោក សៅ សុភាព បានថ្លែងថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន​យកចិត្ត​ទុកដាក់ ហើយបានដាក់ចេញឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយ គ្រប់គ្រងសំរាម​សំណល់​រឹងទីប្រជុំជន ដើម្បី ពង្រឹង និង ដោះស្រាយបញ្ហាគ្រប់គ្រងសំរាម  និងសំណល់រឹងនៅទីប្រជុំជន​ឱ្យមានប្រ​សិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់។

បន្ថែមលើសពីនេះលោក សៅ សុភាព ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ កុំដុតសំរាមផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានការរស់នៅ និងជះក្លិនមិនល្អ នាំឱ្យប៉ះពាល់ដល់​សុខ​ភាពសាធារណៈ៕

ដោយ: អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម