ព័ត៌មានជាតិ
ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងធ្វើជាលើកដំបូងនាចុងខែកញ្ញានេះ
ពិព័រណ៍ជំនាញ និងការងារ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នឹងធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៩ និងទី៣០ ខែកញ្ញានេះ ក្រោមការសហការរបស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយសមាគមធនាគារនៅកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង មជ្ឈមណ្ឌលការងារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និង Salatect ដែលនឹងរៀបចំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្ទាល់តែម្តង។

លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅនៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីជំនាញ និងការងារ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ថា គោលបំណងនៃការរៀបចំពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ គឺដើម្បីឆ្លើយតបទៅនឹងសម័យកាលបច្ចុប្បន្ន ដែលជាសម័យឌីជីថល មានភាពជឿនលឿន និងត្រូវការធនធានមនុស្សបន្ថែម។ ពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារនេះ គឺរៀបចំជាលើកដំបូង ក្រោមការរួមសហការជាមួយស្ថាប័នពាក់ព័ន្ធចំនួន៤ខាងលើ ដើម្បីពង្រឹងគុណភាព និងឱ្យប្រាកដថា សមាគមធនាគារពាក់ព័ន្ធដែលចូលរួម នឹងទទួលបាននិស្សិត ឬ បុគ្គលិកដែលចូលរួមដោយមានគុណភាពល្អតែម្តង។

ក្នុងការពិព័រណ៍ខាងមុខ មានស្ថាប័នធនាគារចំនួន២០ នឹងដាក់ស្តង់បង្ហាញការងារ និងមានការងារជាង ៤០០០មុខតំណែង។ ជាមួយគ្នានេះ វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលការងារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងរៀបចំជាពិសេសនូវវគ្គបណ្តុះបណ្តាលខ្លីៗទាក់ទងជំនាញរឹង និងជំនាញទន់ក្នុងការទាញយកឱកាសការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដល់សិស្សនិស្សិត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ូ វិសាល។
និស្សិតស្រី ឈ្មោះ ជា ស្រីនុត សិក្សាជំនាញធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងយល់ថា ពិព័រណ៍ជំនាញ និងការងារនេះ ពិតជាសំខាន់ណាស់សម្រាប់និស្សិត ដើម្បីផ្តល់ឱ្យពួកគេនូវការងារ និងជំនាញមួយដែលស័ក្តិសមជាមួយនឹងសមត្ថភាពរបស់ពួកគេ។ ចំណែក និស្សិតស្រី លី ម៉ីម៉ី អាយុ២២ឆ្នាំ សិក្សាជំនាញដូចគ្នា បានលើកឡើងថា សម្រាប់ការពិព័រណ៍ជំនាញ និងការងារខាងមុខនេះ កញ្ញា ប្រាកដណាស់ថា ខ្លួន និងនិស្សិតឯទៀត នឹងចូលរួម ព្រោះជាឱកាសមួយសម្រាប់កញ្ញា និងនិស្សិតផ្សេងទៀត ក្នុងការស្វែងរកការងារដែលខ្លួនស្រឡាញ់។ និស្សិតស្រីរូបនេះ នឹងផ្សព្វផ្សាយពីការពិព័រណ៍នេះដល់និស្សិតដទៃទៀត ដើម្បីឱ្យពួកគេអាចស្វែងរកការងារណាដែលត្រូវជាមួយជំនាញសិក្សារបស់ខ្លួន។ រីឯ និស្សិតប្រុស លី សុវណ្ណដានូ សិក្សាឆ្នាំទី៤ ជំនាញដូចគ្នា បានប្រាប់ថា ខ្លួនចង់ឱ្យមានការពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ព្រោះជាឱកាសសម្រាប់និស្សិតគ្រប់រូបមានឱកាសស្វែងរកការងារត្រូវជំនាញពួកគេ។ និស្សិតរូបនេះ រំពឹងថា សម្រាប់ការពិព័រណ៍នេះ នឹងមាននិស្សិតចូលរួមច្រើន សម្រាប់ឱ្យពួកគេដឹងពីឱកាសការងាររបស់ខ្លួនផងដែរ។

យ៉ាងណាមិញ ការពិព័រណ៍ដែលនឹងរៀបចំឆាប់ៗនេះ គឺបើកទូលាយសម្រាប់សាធារណជន និងនិស្សិតគ្រប់រូប ក្នុងការស្វែងរកការងារធ្វើទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយពួកគេគ្រាន់តែចុះឈ្មោះតាម IBFKH App ដែលមាននៅលើកម្មវិធីទូរស័ព្ទ អេនត្រយ និងអាយអូអេស។
សម្រាប់គម្រោងទៅថ្ងៃអនាគត លោក ស៊ូ វិសាល បានបញ្ជាក់ថា អាចនឹងធ្វើការពិព័រណ៍នេះជារៀងរាល់ឆ្នាំ អាស្រ័យលើស្ថានការណ៍ជាក់ស្តែង ហើយលោកសង្ឃឹមថា នាពេលអនាគត នឹងមានធនាគារ និងក្រុមហ៊ុនកាន់តែច្រើនទៀតរួមសហការក្នុងការពិព័រណ៍មួយនេះ។ ចំពោះការពិព័រណ៍នេះ លោកថា មានភាពខុសពីការពិព័រណ៍ការងារផ្សេងៗ ព្រោះនេះផ្តោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុស្របតាមសម័យបច្ចុប្បន្ន ហើយក៏មានការពិគ្រោះយោបល់ជាមួយអ្នកចូលរួម ក្នុងការជ្រើសរើសការងារឱ្យត្រូវតាមសមត្ថភាព និងជំនាញរបស់ពួកគេថែមទៀតផង៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ