ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការប្រព្រឹត្តបទល្មើសដោយជនបរទេសមានសញ្ជាតិខ្មែរ ជារឿងបុគ្គលសុទ្ធសាធ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញមកបញ្ជាក់ថា ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ ហើយបានប្រព្រឹត្តបទល្មើស ទាំងក្នុងប្រទេសក្ដី ឬនៅក្រៅប្រទេសក្តី ត្រូវតែប្រឈមចំពោះមុខច្បាប់ដោយខ្លួនឯង តាមការកំណត់របស់ប្រទេសនីមួយៗ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកការប្រព្រឹត្តបទល្មើសទាំងនេះ ជាបញ្ហារបស់បុគ្គលសុទ្ធ សាធ មិនជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជាឡើយ។

ការចេញមកបញ្ជាក់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបែបនេះ ខណៈកន្លងមក មានសារព័ត៌មានមួយចំនួនបានផ្សព្វ ផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដោយបានព្យាយាមទាញភ្ជាប់បញ្ហានេះជាមួយជនបរទេសមានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
ជុំវិញការចុះផ្សាយព័ត៌មាននេះ ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ចាត់ទុកថា មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីសញ្ជាតិនៃកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវ ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន ទាំងការវាយតម្លៃកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស ដោយមិនមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។
ប៉ុន្តែ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តថា ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្ដី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់កំណត់របស់ប្រទេសនីមួយៗ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា បញ្ហាទាំងនេះ គឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមក បានកើតឡើងជារឿយៗបង្កឡើងដោយជនបរទេសនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត។ តែយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអរគុណដល់សាធារណជន ដែលបានឈ្វេងយល់ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានទាំងនេះ ហើយបានចូលរួមទប់ស្កាត់នូវព័ត៌មានដែលមានចេតនា លម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ។
នៅពេលកន្លងទៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មី ថា ការចាប់ខ្លួនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តល្មើសច្បាប់នៅលើទឹកដីនៃប្រទេសដទៃ គឺជាយន្តការអនុវត្តច្បាប់ចំពោះជនល្មើស បើទោះបីជាពលរដ្ឋខ្មែរមានសញ្ជាតិពីកំណើត ឬជាពលរដ្ឋខ្មែរតាមរយៈសញ្ជាតូបនីយកម្មក៏ដោយ។

បើតាមច្បាប់ស្ដីពីសញ្ជាតិនៃកម្ពុជា ឆ្នាំ២០១៨ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរ ត្រូវធ្វើឡើងតាមរយៈ ៤បែប គឺ១.ការទទួលសញ្ជាតិខ្មែរពីកំណើត ២.ដោយការស្មុំកូន ៣.ដោយចំណងអាពាហ៍ពិពាហ៍ និង៤.ដោយសញ្ជាតូបនីយកម្ម។ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម សំដៅដល់ការផ្ដល់សញ្ជាតិខ្មែរ តាមរយៈការស្នើសុំរបស់ជនបរទេស ដោយផ្អែកលើលក្ខខណ្ឌកំណត់របស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ