Connect with us

ព័ត៌មានជាតិ

ចែក​រំលែក​បទ​ពិសោធន៍ ​ទៅ​បន្ត​សុពលភាព​អត្តសញ្ញាណបណ្ណ​​សញ្ជាតិខ្មែរ​​ថ្មី​ ដំណើរការ​យ៉ាង​ណា?

បានផុស

នៅ

ពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ ១៥ ឆ្នាំ អាច​ទៅ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​​អាច​យក​ប្រើប្រាស់​ជា​​ផ្លូវការ​ស្រប​តាម​ច្បាប់។ ​អត្តសញ្ញាណបណ្ណ​​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព ១០ ឆ្នាំ ហើយ​ផុត​រយៈ​ពេលកំណត់​​ ពលរដ្ឋ​ត្រូវ​ទៅ​ស្នើសុំ​​បន្ត​សុពលភាព​ប្រើប្រាស់ថ្មី​ឡើងវិញ។

ពាក់ព័ន្ធ​ការ​ស្នើសុំ​បន្ត​សុពលភាព​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ក្រុមការងារ​​កម្ពុជាថ្មី​មានអត្ថបទ​ចង់​ចែក​រំលែក​បទ​ពិសោធន៍ពីលំហូរក្នុង​ការ​​បន្ត​សុពលភាព​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ក្រោយ​បាន​ចុះ​ទៅស្នើសុំបន្ត​សុពលភាព​​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​​ដែល​ផុត​សុពលភាព​​នៅ​ផ្សារ​ទំនើប​អ៊ីអន ៣ ខណ្ឌ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ជាន់​ទី ៣ នៃ​ផ្សារ​ទំនើប​អ៊ីអន ៣ មានជ័យ នៅ​ខាង​មុខ​ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ​មាន​រៀប​​ចំ​បែងចែកគំនូស​​ ដើម្បី​ឲ្យ​ពលរដ្ឋ​ឈរ​តម្រង់​ជួរ​តាម​អាទិភាព​អ្នក​មក​មុន​ចូល​មុន។ ប៉ុន្តែ​ក្នុង​នោះ​ក៏ផ្តល់​អាទិភាព​សម្រាប់​ជន​​ចាស់​ជរា ស្រ្តី​មាន​ផ្ទៃពោះ ជន​ពិការ និង​អ្នកមាន​កូន​ក្មេង​តូចៗ។

ក្រោយ​តម្រង់​ជួរ​មួយ​សន្ទុះ ឃើញ​មាន​មន្រ្តី​បាន​ដើរ​មក​ណែនាំ​ដល់​អ្នក​ដែល​កំពុង​ឈរ​តម្រង់​ជួរ​ពី​លំហូរការងារ សម្រាប់​​​ការ​ស្នើសុំ​បន្ត​សុពលភាពអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ ឬ​​អ្នកដែល​​បាត់​ឬ​ត្រូវ​មក​កែ​តម្រូវ​ទិន្នន័យ​អត្តសញ្ញាណ​បណ្ណ។ ក្នុង​នោះ​ក៏សង្កេតឃើញ​​មាន​អ្នក​មក​ទទួល​អត្តសញ្ញាណបណ្ណ​ថ្មី​ដែល​ត្រូវ​ឈរ​ជួរ​ផ្សេង​គ្នា​ និង​ច្រក​ចូល​ខុស​គ្នា។

ឆ្លងកាត់​បទពិសោធន៍ផ្ទាល់​របស់ក្រុមការងារកម្ពុជាថ្មី ​ពាក់ព័ន្ធ​​ដំណើរការ​ស្នើសុំ​បន្ត​សុពលភាព​​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​ឆ្លង​កាត់​ ៦ ដំណាក់​កាល​៖

ដំណាក់កាល​ទី ១

កន្លែង​ផ្តល់​ព័ត៌មាន៖ នេះជា​ទីតាំង​ដំបូង​គេ​​ដែលត្រូវ​ឆ្លងកាត់។​ ក្រោយ​តម្រង់​ជួរដើរ​ចូលក្នុងការិយាល័យ​ មានមន្រ្តី​មួយរូប​បាន​ឈររង់ចាំ​ដើម្បី​ទទួល​​អត្តសញ្ញាណបណ្ណដែល​ផុត​សុពលភាព​​របស់ពលរដ្ឋ​ដើម្បី​យក​ទៅ​ថត​ចម្លង និងចែក​សលាកបត្រ​ព័ត៌មាន​ដើម្បី​បំពេញ​ ក្នុង​នោះ​ក៏​មាន​ការ​បោះ​ត្រានិង​ផ្តិត​មេដៃ​បញ្ជាក់​នៅ​លើ​ឯកសារ​​នោះ​ផង​ដែរ។

(បញ្ជាក់៖ ការ​ស្នើ​សុំ​បន្ត​សុពលភាព​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី ពលរដ្ឋ​អាច​ភ្ជាប់​យក​ទៅ​តែ​ជាមួយ​អត្តសញ្ញាណ​បណ្ណ​​​ចាស់​ (ច្បាប់​ដើម) ដែល​ផុត​សុពលភាព​ តែ​ក្នុង​ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណបណ្ណឧទាហរណ៍ការ​ដូរ​អាសយដ្ឋានជាដើម ត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។

សលាកបត្រ​ព័ត៌មាន​ត្រូវបំពេញ

ដំណាក់​កាល​ទី ២

កន្លែង​បំពេញ​ឯកសារ៖ នៅ​ទីតាំង​បំពេញ​ឯកសារ​ មាន​រៀបចំ​តុ​បញ្ឈរ​សម្រាប់​ពលរដ្ឋ​ឈរ​បំពេញ​។ នៅ​លើ​សលាកបត្រ​ព័ត៌មាន (សូម​បំពេញ​អាសយដ្ឋាន​តាម​អត្តសញ្ញាណបណ្ណ សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ហាម​​បំពេញ​យក​អាសយដ្ឋាន​​ផ្ទះ​ជួល ឬ​ផ្ទះ​បង​ប្អូន ឬ​កន្លែង​ធ្វើការ)។

(បញ្ជាក់៖ នៅក្នុង​សលាកបត្រ​ព័ត៌មាន ​ក៏​តម្រូវ​ឲ្យបំពេញ​លេខ​អត្តសញ្ញាណបណ្ណ​​ឪពុក​និង​ម្តាយ។ ករណី​នេះ​គួរ​ថត​ចម្លង​ឬថត​ទុក​ឲ្យ​រួច​ស្រេច ដើម្បី​យក​ទៅ​បំពេញ​​ឲ្យ​បាន​ត្រឹមត្រូវ​។

ដំណាក់​កាល​ទី ៣

កន្លែង​យក​ខ្ចៅ​ដៃ៖ ក្រោយ​បំពេញ​នៅ​លើ​សលាកបត្រ​ព័ត៌មាន​រួច ត្រូវ​យក​ទៅ​ដាក់​នៅ​លើ​កញ្ច្រែង​តុ​មន្ត្រីកន្លែង​​យកខ្ចៅដៃ (អាច​មាន​មន្ត្រី​ណែនាំបន្ថែម​) រួច​រង់​ចាំ​ស្ដាប់​មន្រ្តី​ហៅ​ឈ្មោះ​ដើម្បី​ឈរ​តម្រង់​ជួរ​យក​ខ្ចៅ​ដៃ។ ដំណើរការ​យក​ខ្ចៅ​ដៃ​ត្រូវ​​ផ្តិត​ទាំង​ម្រាម​ខាង​ឆ្វេង និង​ខាង​ស្តាំ (ម្រាម ៥ ទាំង​សង​ខាង)។

ដំណាក់​កាល​ទី ៤

ទីតាំង​ត្រួត​ពិនិត្យ​ឯកសារ៖ កន្លែង​នេះ​មាន​ការ​វាស់​កម្ពស់ ហើយ​ត្រូវ​រង់ចាំ​មន្រ្តី​ហៅ​តាម​លេខរៀង​។

ដំណាក់​កាល​ទី ៥

ទីតាំង​ពិនិត្យ​ផ្តល់៖ កន្លែង​​នេះ​មន្រ្តី​នឹង​ពិនិត្យ​បន្ថែម​​លើឯកសារ​ និង​អាច​សាកសួរ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​បាន​បំពេញ​។

ដំណាក់​កាល​ទី ៦

កន្លែង​បន្ទប់​ថត​រូប៖ នេះ​ជា​ដំណាក់​កាល​ចុងក្រោយ​នៃ​លំហូរ​​ការ​ស្នើសុំ​បន្ត​សុពលភាព​ការ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​។ ពេល​ដើរ​ចូល​បន្ទប់​ថត​រូប មន្រ្តីណែនាំ​ឲ្យ​​អង្គុយ​​កៅអីតាម​លេខ​រៀងដើម្បី​ត្រៀម​ថត​រូប។

(ក្នុង​បន្ទប់​ថត​រូប ក៏​​មាន​កញ្ចក់​បញ្ឈរ​តូច​មួយ​ដែលអ្នកមកស្នើសុំ​អាច​សា​រ៉េ​មុខ​ ឬ​សក់​ឲ្យ​បាន​សមរម្យ​មុន​ចាប់ផ្តើម​ថត​រូប​)​។

ក្នុង​ដំណើរការ​ថត​រូប​ ដំបូង​ត្រូវ​ស្កេន​ម្រាម​ដៃ​ចំនួន​ ៤ ទាំង​ម្រាម​ខាង​ឆ្វេង​និង​ខាង​ស្តាំ បន្ទាប់​មក​ត្រូវ​ស្កេន​មេដៃ​ផ្គួប​ម្តង​ពីរ​ចុងក្រោយ។ ​ក្រោយ​ថត​រូប​ចប់ ​គឺ​ត្រូវ​ស៊ីញ៉ែ​ប៊ិច​អេឡិចត្រូនិក​នៅ​លើ​ម៉ាស៊ីន។

ក្នុងដំណាក់​ថត​រូបនេះ មន្រ្តី​អាច​​ណែនាំ​អ្នក​​​កាន់​លេខ​រៀងបន្ទាប់​ឲ្យ​ឡើង​​​​​ឈរ​​ទន្ទឹម​ក្បែរ​អ្នកកំពុង​ថតរូប​នៅ​ខាងមុខ​ ដើម្បី​អាច​ដឹង​ពី​​ដំណើរកា​រការងារ​ និង​ត្រៀម​ថត​រូបបន្តបន្ទាប់គ្នា។

ក្រើន​រំលឹកបន្ថែម៖ ក្នុង​ដំណាក់កាល​ថត​រូប​ មន្រ្តី​នឹង​វាយ​បញ្ចូល​ទិន្នន័យចូល​ទៅ​​ប្រព័ន្ធ​កុំព្យូទ័រ។ ខណៈ​មន្រ្តីវាយ​ទិនុ្នន័យ​​បញ្ចូល​ក្នុង​ប្រព័ន្ធកុំព្យូទ័រ មាន​ស្រ្គីន​មូនីទ័រ​​បង្ហាញ​ព័ត៌មានដែលមន្រ្តី​បានកំពុង​វាយ​បញ្ចូល​ទិន្នន័យ​ចូល​ទៅក្នុង​​​គំរូ​អត្តសញ្ញាណ​បណ្ណ​​ថ្មី ដែលនេះជាដំណាក់កាលសំខាន់ដែលពលរដ្ឋដែល​មកស្នើសុំបន្ត​សុពលភាពអត្តសញ្ញាណ ​​ត្រូវ​​ពិនិត្យ​ផ្ទៀងផ្ទាត់ដោយ​យកចិត្តទុកដាក់ ​និង​អាច​ស្នើ​សុំ​កែ​តម្រូវ​ភ្លាម​ៗ​ក្រែង​មាន​ការ​បញ្ចូល​ទិន្នន័យ​ខុស។

ក្រោយ​បញ្ចប់​ទាំង ៦ ដំណាក់​កាល​ គឺ​រួចរាល់​នៃ​ដំណើរការ​ស្នើសុំ​បន្តសុពលភាព​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី។ ជាចុងក្រោយ​ពលរដ្ឋ​នឹង​ទទួល​បាន​ចុង​សន្លឹក ដើម្បី​រង់ចាំ​ថ្ងៃ​ទទួល​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​ ដើម្បីយកទៅ​ប្រើប្រាស់ជា​​ផ្លូវការ។

ក្នុង​ចុង​សន្លឹក​ឃើញ​​មាន​បញ្ជាក់​ ក្រោយ​​ដាក់​ពាក្យ​ស្នើសុំ ពលរដ្ឋ​នឹង​ទទួល​បាន​អត្តសញ្ញាណបណ្ណ​ថ្មី​ក្នុង​រយៈពេល ២១ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ។

ការ​រៀបរាប់​ចែក​រំលែក​បទពិសោធន៍​នេះ គឺ​ជា​ដំណើរការ​ស្នើ​សុំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិ​​ខ្មែរនៅ​ផ្សារ​ទំនើប​អ៊ីអន ៣ មានជ័យ​ ខណៈ​ការ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ពលរដ្ឋ​​ក៏​អាច​ទៅ​ធ្វើ​នៅ​តាម​ទីតាំង​ផ្សេង​ទៀត​ដែល​​អាជ្ញាធរ​បាន​រៀបចំ​ពង្រាយ​មាន​ដូចជា៖

-នៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ/សង្កាត់ នៃ​លំនៅឋានសាមីខ្លួនកំពុងរស់នៅ ឬ
-នៅអធិការដ្ឋាន​នគរបាលក្រុង/ស្រុក/ខណ្ឌ នៃលំនៅឋាន​សាមីខ្លួនកំពុងរស់នៅ ឬ
-នៅស្នងការដ្ឋាន​នគរបាលរាជធានី/ខេត្ត នៃ​លំនៅឋានសាមីខ្លួន​កំពុងរស់នៅ ឬ
-នៅទីស្នាក់​ការ ក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌ​សែនសុខ (AEON II) ឬ
-នៅ​ទីស្នាក់ការ ក្នុងផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ (AEON III) ឬ
-នៅ​ទីស្នាក់ការ បេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) ខណ្ឌសែនសុខ ឬ
-នៅ​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម