ព័ត៌មានជាតិ
ឧទ្យាននរា (Norea Parkway) បានក្លាយជាកន្លែងកម្សាន្ដ និងលំហែអារម្មណ៍ថ្មីមួយ សម្រាប់ពលរដ្ឋនៅភ្នំពេញ
ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីដាក់ឲ្យដំណើរការស្ពានកោះពេជ្រ-កោះនរា បណ្ដោះអាសន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់កោះនរានោះរួចរាល់ គេសង្កេតឃើញថា មានប្រជាពលរដ្ឋ ជាពិសេសយុវជន-យុវនារីជាច្រើន បានចាប់អារម្មណ៍នាំគ្នាទៅដើរលេងកម្សាន្ត និងលំហែអារម្មណ៍ នៅឧទ្យាននរា (Norea Parkway)។
ឧទ្យាននរា (Norea Parkway) ជាទីកន្លែងកម្សាន្ដ និងលំហែអារម្មណ៍ថ្មីមួយ នៅរាជធានីភ្នំពេញ បន្ទាប់ពីទីក្រុងកោះពេជ្រ។ ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ស្ពានកោះពេជ្រ-កោះនរា នឹងទៅដល់ទីកន្លែងដ៏ស្រស់ស្អាតថ្មីមួយនេះ ហើយអ្វីដែលសំខាន់នោះ គឺទទួលបានអារម្មណ៍ថា ស្រស់ស្រាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ពីកន្លែងនោះតែម្ដង។

យុវជន ហេង សុវណ្ណរ៉ុង និស្សិតពេទ្យ នៃសាកលវិទ្យាល័យន័រតុន បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកចាប់អារម្មណ៍មកកម្សាន្ត ឧទ្យាននរានេះ ដោយសារតែទីនេះជាកន្លែងទេសចរថ្មីមួយ បន្ទាប់ពីទីក្រុងកោះពេជ្រ។ អ្វីដែលពិសេសនោះ គឺលោកបានទទួលយកអារម្មណ៍មួយថា ស្រស់ស្រាយ ដោយសារខ្យល់អាកាសបរិសុទ្ធ និងស្ងប់ស្ងាត់ គួរឱ្យចង់អង្គុយលេង អង្គុយអានសៀវភៅ ឬអាចណាត់ជួបមិត្តភក្តិជជែកគ្នាលេង និងញ៉ាំហារផ្សេងៗ ជាដើម។
យុវជនរូបនេះ បន្ថែមទៀតថា ក្រៅពីទេសភាពស្រស់ស្អាតនោះ ឧទ្យាននរា ក៏ជាកន្លែងថ្មីមួយរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ អាចនាំគ្នាមកដើរកម្សាន្ដ ជិះកង់ និងរត់ហាត់ប្រាណ បានដោយយ៉ាងសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព។
លើសពីនេះ យុវជន ហេង សុវណ្ណរ៉ុង មើលឃើញកន្លែងខ្វះខាតមួយ នោះគឺតំបន់ Norea Parkwayនេះ មិនទាន់មានកន្លែងផ្ញើម៉ូតូ និងរថយន្ត ដោយយុវជននេះ អះអាងថា គ្រប់ម៉ូតូ និងរថយន្ត គ្រាន់តែឈប់ចត និងទុកដាក់ដោយខ្លួនឯងតែប៉ុណ្ណោះ ដែលលោកគិតថា វាអាចនឹងគ្មានសុវត្ថិភាព និងធ្វើឱ្យចិត្តមិនស្ងប់ ព្រោះនឹកគិតដល់សម្ភារៈ ដូចជា៖ ម៉ូតូ និងរថយន្ត រៀងៗខ្លួន។

ចំណែក កញ្ញា លី រតនា និស្សិតពេទ្យ នៃសាកលវិទ្យាល័យន័រតុន ក៏បានប្រាប់កម្ពុជាថ្មីដូចគ្នាដែរថា កញ្ញាទើបតែបានមកលេង នៅឧទ្យាននរានេះជាលើកទី ១។ កញ្ញា ស្គាល់កន្លែងនេះតាមរយៈមើលវីដេអូតាម TikTok ដែលគេបានបង្ហោះ ទើបបានបបួលមិត្តរួមថ្នាក់ មកអង្គុយលេងកម្សាន្ត នៅទីនោះតែម្ដង។
កញ្ញា លី រតនា បន្តថា ក្រៅពីកន្លែងឧទ្យាននរា កញ្ញា និងមិត្តភក្តិ ក៏អាចនាំគ្នាទៅលេងកម្សាន្តនៅតាមសួនច្បារ ក្នុងបរិវេណតំបន់កោះនរានេះ ដោយមិនអស់ប្រាក់នោះឡើយ។ កញ្ញា បញ្ជាក់ថា តំបន់កោះនរានេះ គឺជាទីកន្លែងថ្មីមួយ បន្ទាប់ពីទីក្រុងកោះពេជ្រ សម្រាប់សាធារណជនទូទៅ អាចជ្រើសរើសកម្សាន្ត ជាមួយមិត្តភក្តិ និងជាលក្ខណៈគ្រួសារ បានដោយរីករាយ មិនថាថ្ងៃធម្មតា ឬថ្ងៃចុងសប្ដាហ៍ នោះឡើយ។

សូមជម្រាបថា ឧទ្យាននរា (Norea Parkway) មានទីតាំងស្ថិតនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចម្ងាយប្រហែល ៩គីឡូម៉ែត្រ ពីវត្តភ្នំ ហើយត្រូវឆ្លងកាត់ស្ពានកោះនរា-កោះពេជ្រ៕ ប្រភពរូបភាព៖ Norea City
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


