Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការរាជធានី បញ្ជាក់ពីករណីមន្ត្រីនគរបាលខណ្ឌកំបូល សុំកិច្ចអន្តរាគមន៍ទៅលោកស្នងការ

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ ជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែធ្នូនេះថា ជុំវិញការបែកធ្លាយខ្លឹមសាររបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលបានប្ដឹងលោកអធិការនោះ គឺបានធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបមកកាន់ដំណែងជាស្នងការថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ករណីនេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងារចុះទៅសំណេះសំណាល និងណែនាំទៅមន្ត្រីនគរបាលនៃអធិការនគរបាលខណ្ឌកំបូល ឲ្យមានសាមគ្គីផ្ទៃក្នុង ហើយក៏បានណែនាំទៅលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ​បែងចែកតួនាទីភារកិច្ចទៅតាមជំនាញរបស់កម្លាំងនៃអធិការនគរបាលខណ្ឌ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា តាមពិតទៅករណីនេះបន្ទាប់ពីមានការណែនាំ និងផ្សះផ្សារពីលោកឧត្ដមសេនីយ៍ឯកស្នងការ គឺមានភាពស្ងប់ស្ងាត់មកហើយ ដោយមិនមានការតវ៉ាអ្វីនោះទេ តែនៅថ្ងៃទី៧ធ្នូនេះ បែជាមានបែកធ្លាយលិខិតបណ្ដឹងប្ដឹងលោកអធិការនគរបាលខណ្ឌកំបូល ពីសំណាក់មន្ត្រីក្រោមឱវាទ អញ្ចឹងទី១ លោកស្នងការនឹងធ្វើការពិនិត្យ និងដោះស្រាយ ទី២ ឲ្យមានការស្រាវជ្រាវចំពោះបុគ្គលណាដែលយកឯកសារកិច្ចការងារផ្ទៃក្នុងរបស់អង្គភាពបញ្ចេញទៅខាងក្រៅ ដែលជាការប្រព្រឹត្តខុសនូវវិន័យកងកម្លាំងនគរបាលជាតិលេខ ០០៦ ប្រការ ១ ចំណុចទី៦។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ មានការបែកធ្លាយនូវលិខិតគោរពជូនលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ របស់មន្ត្រីនគរបាលខណ្ឌកំបូល ពាក់ព័ន្ធនឹងការមិនពេញចិត្តនៃការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការខណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយសារតែអធិការរូបនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គៀបសង្កត់មន្ត្រីក្រោមឱវាទ។

យោងតាមលិខិតគោរពជូនលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ មន្តី្រនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានលើកឡើងថា ចាប់តាំងពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រកាសចូលមកកាន់ដំណែងជាអធិការ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មក បានបង្កើតនូវបាតុភាពមិនប្រក្រតី ប៉ះពាល់សតិអារម្មណ៍កងកម្លាំង និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ក្នុងនោះមានដូចដូចជា៖

-ស្នើសុំតែងតាំងតួនាទី ឋានន្តរសក្តិមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយគ្មានការប្រជុំ វាយតម្លៃត្រឹមត្រូវ ដោយថ្នូរជាប្រាក់ពី ៨០០ដុល្លារ ទៅ ១.០០០ដុល្លារ (តួនាទីនាយរងប៉ុស្តិ៍ និងនាយរងផ្នែក) ដោយ គ្រាន់តែហៅ លោក-លោកស្រីអធិការរងមកចុះហត្ថលេខា ជាការស្រេច។

-ស្នើសុំតែងតាំងលោកអនុសេនីយ៍ឯក ស៊ុំ សុផានិត នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ទៅជានាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ជំនួសលោកនាយប៉ុស្តិ៍ចាស់ដែលត្រៀមចូលនិវត្តន៍ ជាថ្នូរនឹងប្រាក់ ដោយមិនគិតពីអតីត ភាពការងារ ។

-ប្រើប្រាស់កម្លាំងស៊ីវិល មកត្រួតត្រាលើកងកម្លាំងនគរបាលខណ្ឌកំបូល។

-កងកម្លាំងអន្តរាគមន៍គ្មានរបបឧបត្ថម្ភ គ្មានរបបបាយ (បើអ្នកណាហ៊ានតវ៉ា ហៅមកសរសេរស្វ័យរបាយការណ៍) ។

-ចាប់តាំងពីលោកអធិការចូលមក គាត់បានឲ្យកងកម្លាំងអន្តរាគមន៍ រើកន្លែងស្នាក់នៅចំនួនពីរដង តាមតែចិត្ត គាត់ គ្មានស្ដាប់យោបល់របស់លោក-លោកស្រីអធិការរងណាម្នាក់ឡើយ ។

-ការងារសវនកម្ម បានប្រមូលលុយពីប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ ១០០ដុល្លារ ចំនួន៧ប៉ុស្តិ៍ ស្មើនឹង ៧០០ដុល្លារ។ ផ្នែក ចរាចរណ៍ ២០០ដុល្លារ, ផ្នែកអន្តោប្រវេសន៍ ១០០ដុល្លារ, ផ្នែកព្រហ្មទណ្ឌ ១០០ដុល្លារ, ផ្នែកគ្រឿងញៀន ១០០ដុល្លារ ផ្នែកសន្តិសុខ ១០០ដុល្លារ។

-បង្ខំឲ្យនាយប៉ុស្តិ៍ពីររូប ប៉ុស្តិ៍ប្រទះឡាង និងប៉ុស្តិ៍បឹងធំ ចេញថ្លៃធ្វើទ្វាបន្ទប់ អស់ប្រាក់ចំនួន ១.៥០០ដុល្លារ (មួយពាន់ប្រាំរយដុល្លារ) ជាថ្នូរនឹងការប្រកាសចូលកាន់តួនាទីជានាយប៉ុស្តិ៍ប្រទះឡាង និងប៉ុស្តិ៍បឹងធំ។

-បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍ទាំង៧ ចុះស្រង់ម៉ុងខ្មោច (ស្រង់ឈ្មោះខ្មោចដែលបានស្លាប់ ស្វែងរកសាច់ញាតិ កូនចៅ និងលេខទូរស័ព្ទរបស់សាច់ញាតិកូនចៅខ្មោចដែលស្លាប់)។

-ដាក់គំនាបឲ្យអធិការរងដឹកនាំកម្លាំងផ្នែក និងប៉ុស្តិ៍ពាក់ព័ន្ធ ចុះចាប់ឲ្យបាន (ម៉ូតូអត់ស្លាកលេខ ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន យកមកអធិការដ្ឋាន ទោះមានឬមិនមានសារធាតុញៀនក៏តម្រូវឲ្យបង់ប្រាក់ពី ១០០ដុល្លារ ទៅ ៣០០ដុល្លារ ជាថ្នូរនឹងការដោះលែង។ -ចុះចាប់ប្រជាពលរដ្ឋតាមដងផ្លូវដោយខ្លួនឯង ទោះមិនដឹងថាជាបទល្មើសអ្វីឲ្យប្រាកដ ដោយគ្មានការអនុញ្ញាត

ពីព្រះរាជអាជ្ញា នៅចំណុចមុខក្លោងទ្វាវត្តស្ងួនពេជ្រ ។ -នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់ត្រី (ឆក់គ្រាន់តែមួយហូបក្នុងគ្រួសារ) ស្ថិតនៅភូមិអង្គជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បានប្រជាជនចំនួនពីរនាក់ ទី១-ឈ្មោះ អ៊ុំ តូច ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ ទី២-ឈ្មោះ ភួង វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ឃុំខ្លួនពួកគាត់មួយយប់ ដោយទារលុយ ពីពួកគាត់ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារ) ជាថ្នូរនឹងការដោះលែង និងមិនបានឆ្លងព្រះរាជអាជ្ញាឡើយ។

-នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ករណ៏រកលោតពីលើផ្ទះ នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ ដោយជនរងគ្រោះមានសតិមិនគ្រប់ ឈ្មោះ ជូរ ភន អាយុ ៤៥ឆ្នាំ ភេទប្រុស ឃាត់យកមកឃុំខ្លួនមួយយប់ នៅ អធិការដ្ឋានខណ្ឌកំបូល ដោយគ្មានការឯកភាពពីព្រះរាជអាជ្ញា ។ -នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍បឹងធំបានឃាត់ជនសង្ស័យចំនួនបីនាក់ ដោយពិនិត្យទឹកនោមមានសារធាតុញៀនតែមួយនាក់ (ពីរនាក់គ្មានសារធាតុញៀន) ប៉ុស្តិ៍បានឆ្លងទៅលោកអធិការ គាត់បានឲ្យឃាត់ទាំងបីនាក់យកទៅផ្នែកជំនាញ ឃុំខ្លួនមួយយប់ ព្រឹកឡើងឲ្យថៅកែមកដោះស្រាយ ។

-នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីបូមប្រេង ស្ថិតនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ទី១-ឈ្មោះ យិន សាវឌី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ប៉ះ កង់ឡាន ទី២-ឈ្មោះ រស់ សុធា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកឡានដឹកប្រេង ដោយចោទប្រកាន់ថាករណីលួច បូមប្រេងសាំង លក់ឲ្យអ្នកប៉ះកង់ឡាន ដោយក្រុមហ៊ុនមិនបានប្ដឹងទេ ក្រុមហ៊ុនថាជាប្រេងរបស់អ្នកបើកបរឡានទេ តែ លោកអធិការនៅតែមិនស្តាប់ និងទារលុយបាន ៧៥០ដុល្លារ (ប្រាំពីររយហាសិបដុល្លារ) ជាថ្នូរនឹងការដោះលែងវិញ។

-នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់ត្រី (ឆក់គ្រាន់តែមួយហូបក្នុងគ្រួសារ) នៅភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បាន ទី១.ឈ្មោះ អ៊ុក លីន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ សំណង់ ទី២.ឈ្មោះ កង សារ៉ាត់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរយោធាឆ័ត្រយោង៩១១ ដោយបានឃុំខ្លួនពួកគាត់ មួយយប់ ទាំងគាត់ជាយោធា ហើយដោយមិនមានការឯកភាពពីព្រះរាជអាជ្ញា។

-នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីចាប់ឡានអ្នកដឹកគ្រែលក់ ឃាត់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះមួយយប់ ដោយគ្នាគ្មានលុយ ភ្លឺឡើងទើបលោកអធិការឲ្យចេញទៅវិញ។

-នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីលួចកាបូបស្ពាយក្នុងឡានមិនបានសម្រេច ឃាត់បានជន សង្ស័យឈ្មោះ កែវ ប៉ៃលិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយលោកអធិការបញ្ជាឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាងបញ្ចប់រឿង និងទារប្រាក់ពីជនសង្ស័យបានចំនួន ១.០០០ដុល្លារ (មួយពាន់ ដុល្លារ) ជាថ្នូរនឹងការដោះលែង ។

-នៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៣ មានករណ៏ស្រវឹងស្រា កាន់កាំបិតឡូឡាឈ្លោះគ្នា នៅភូមិតាជេត សង្កាត់បឹង ធំ ខណ្ឌកំបូល ដោយភាគីរងគ្រោះមិនប្តឹងប្តល់ទេ សុំឲ្យប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ តែលោកអធិការបានបញ្ជា គាត់ឲ្យជួយ លុយចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ) ទើបដោះលែងគាត់ឲ្យទៅផ្ទះវិញ។

មន្រ្តីនគរបាលនៃអធិការដ្ឋានខណ្ឌកំបូលបានបញ្ជាក់ថា ការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍កងកម្លាំងយ៉ាងខ្លាំង ដោយមន្ត្រីម្នាក់ៗលែងមានចិត្តបំពេញការងារ ព្រោះថាលោកអធិការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងទៀតបានធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល មានការមិនពេញចិត្ត ដោយទង្វើរបស់គាត់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការប្រកបអាជីវកម្ម និងមានការភ័យខ្លាច និងការគម្រាមសម្លុត កំហែងជាថ្នូរនឹងការទទួលបានលាភសក្ការៈ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៧ ខែធ្នូនេះថា នេះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយគឺជាសិទ្ធបុគ្គល ចំពោះសកម្មភាពដែលលោកធ្វើ គឺគិតគួពីសន្តិសុខប្រជាពលរដ្ឋ ធ្វើទៅតាមបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុណ្ណោះ ចំពោះការចោទប្រកាន់ផ្សេងៗ គឺជាចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បញ្ជាក់ថា អ្វីដែលជាមូលដ្ឋានពិតប្រាកដនោះ គឺស្ថិតនៅលើចំណាត់ការបស់ថ្នាក់ដឹកនាំ ក៏ដូចជាវិន័យកងកម្លាំង ហើយចំពោះការកោះហៅឲ្យចូលបំភ្លឺបែបណានោះ គឺស្ថិតលើបទបញ្ជាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម