ព័ត៌មានជាតិ
ចម្ការផ្លែមៀននៅស្រុកភ្នំព្រឹកប្រើប្រាស់កម្មករជាង ៣០០ នាក់ ម្នាក់ៗអាចរកកម្រៃបានពី ៥ ទៅ ៦ម៉ឺនរៀលក្នុង ១ថ្ងៃ
កម្មករប្រុសស្រីប្រមាណ ៣០០ នាក់ ម្នាក់ៗអាចរកចំណូលបានចន្លោះពី ៥ ទៅ ជាង ៦ម៉ឺនរៀលក្នុងមួយថ្ងៃតាមរយៈការស៊ីឈ្នួលបេះផ្លែមៀន។ នេះបើតាមការឲ្យដឹងពីលោក រិន ដា ម្ចាស់ចម្ការមៀនដែលបានជួលកម្មករដើម្បីប្រមូលទិន្នផលផ្លែមៀនក្នុងចម្ការមៀនរបស់លោក។

លោក រិន ដា ជាកសិករ នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានឲ្យ «កម្ពុជាថ្មី» ដឹងថា លោកបានដាំដុះផ្លែមៀនប៉ៃលិនប្រមាណជា ១៤០០ ដើមលើផ្ទៃដីជាង ៥ហិកតា។ ឆ្នាំនេះដោយសារកត្តាអំណោយផលពីអាកាសធាតុ ព្រមទាំងមិនសូវមានជំនន់ទឹកភ្លៀងជនជោរបានធ្វើទិន្នផលផ្លែមៀនប៉ៃលិនហុចផលបានល្អជាងឆ្នាំមុន ជាហេតុទាមទារការប្រើប្រាស់កម្លាំងពលកម្មពលករនៅក្នុងស្រុកភូមិប្រមាណជា ៣០០ នាក់។
ម្ចាស់ចម្ការរូបនេះបានគូសបញ្ជាក់ថា «ខ្ញុំបានជួលកម្មករប្រុសស្រី ក្នុងស្រុកភូមិប្រមាណ ៣០០ នាក់ដើម្បីមកប្រមូលទិន្នផលមៀនប៉ៃលិនដោយកម្មករម្នាក់ៗ អាចរកចំណូលបានចន្លោះពីជាង ៥ ម៉ឺនរៀលដល់ជាង ៦ ម៉ឺនរៀលក្នុង ១ ថ្ងៃ តាមរយៈថ្លៃឈ្នួលបេះមៀន គិតក្នុងតម្លៃ ៤៥០០ រៀលក្នុង ១ ខេង (កញ្ច្រែង) ហើយបើអ្នកពូកែបេះវិញអាចបានជាមធ្យម ១៥ ខេង បើជាស្ត្រីបានជាង ១០ ខេងក្នុង ១ថ្ងៃ ដូច្នេះពួកគាត់អាចរកកម្រៃបានគួរសមដើម្បីយកមកដោះស្រាយបន្ទុកជីវភាពគ្រួសារបានមួយគ្រាៗផងដែរ តាមរយៈពលកម្មក្នុងស្រុក»។

ស្ត្រីជាកម្មករម្នាក់បង្ហាញអារម្មណ៍សប្បាយចិត្តដែលមានការងារក្នុងភូមិ ដែលអាចទទួលបានប្រាក់ចំណូលតាមរដូវកាល ដើម្បីជួយដោះស្រាយការចំណាយនៅបន្ទុកជីវភាពគ្រួសារ ដោយមិនចាំបាច់ចំណាកស្រុកដោយប្រថុយប្រថាន។
ស្ត្រីជាកម្មកររូបនេះបន្តថា«រយៈពេល ៣ឆ្នាំហើយ ដែលពួកខ្ញុំស៊ីឈ្នួលបេះផ្លែមៀន ហើយមួយថ្ងៃបេះបានជាមធ្យមគឺបាន ១០ ខេង ដោយមិនបង្ខំពេកទេ។ តែបើគេកម្លាំងប្រុស បេះបានពីចន្លោះ ១០ ដល់ ១៥ ខេងក្នុងមួយថ្ងៃ តែទោះយ៉ាងណា ក៏ពួកខ្ញុំសប្បាយចិត្ត ព្រោះជាការងាររកកម្រៃនៅជិតផ្ទះ ហើយថ្ងៃនេះពួកខ្ញុំរកបានជិត ៥ ម៉ឺនដែរ»។

លោក រិន ដា បានបន្តដែរថា ក្រៅពីដំណាំមៀនប៉ៃលិន លោកបានពង្រីកមុខរបរកសិកម្មច្រើន មានផលដំណាំផ្សេងៗទៀតដែលត្រូវប្រើកម្លាំងពលករក្នុងស្រុកភូមិដោយអាចរកកម្រៃបាន ដូចជា បេះផ្លែមៀន សណ្ដែកសៀង កាច់ពោត ចិញ្ច្រាំមើមដំឡូងមី ជាដើម ហើយនេះក៏ជាការចែករំលែកជួយដល់សេដ្ឋកិច្ចគ្រួសារ អ្នកក្នុងភូមិគ្មានការងារធ្វើប្រចាំថ្ងៃ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងដែរថា ឆ្នាំនេះផលដំណាំរបស់ប្រជាកសិករមានលក្ខណៈអំណោយផលល្អ ដោយមិនរងការជន់លិចយូរទឹកឆាប់ស្រកលឿន ហើយក៏មិនសូវមានខ្យល់កន្ត្រាក់ច្រើននោះដែរ ទើបធ្វើឲ្យផលដំណាំកសិករមិនសូវរងគ្រោះ នឹងបានបង្កើនទិន្នផលបានល្អប្រសើរក្នុងឆ្នាំនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


