ព័ត៌មានជាតិ
ផ្លូវជាតិជាច្រើនខ្សែ ដេញថ្លៃបានដោយក្រុមហ៊ុនកូរ៉េទទួលគម្រោងសាងសង់បន្តបន្ទាប់
ផ្លូវជាតិជាច្រើនខ្សែទទួលអនុវត្តសាងសង់ជាបន្តបន្ទាប់ដោយក្រុមហ៊ុនកូរ៉េ។ ជាក់ស្ដែងផ្លូវជាតិលេខ ៤៨ បំបែកពីស្រែអំបិលទៅក្រុងខេមរភូមិន្ទទីរួមខេត្តកោះកុងដែលកំពុងដំណើរការសាងសង់ ក៏ទទួលខុសត្រូវអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture។
ក្រុមហ៊ុនកូរ៉េដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិជាច្រើនខ្សែបន្តបន្ទាប់មានផ្លូវជាតិលេខ ២១ លេខ ២ និងលេខ ២២។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិដែលទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុនកូរ៉េ មានការលើកឡើងពីគុណភាពនិងភាពយឺតយ៉ាវរហូតធ្លាប់រងការព្រមានដាក់ក្នុងបញ្ជីខ្មៅជំនាន់អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថែមទៀតផង។

ផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅទៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដែលសាងសង់ដោយក្រុមហ៊ុនកូរ៉េហាន់ស៊ីង (HanShin) ធ្លាប់រងការរិះគន់ពីប្រជាជនដោយសារសាងសង់គ្មានគុណភាព។ ជាមួយគ្នានេះកំណាត់ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តកំពត ដែលក្រុមហ៊ុនកូរ៉េដដែលនេះសាងសង់ខ្វះការទទួលខុសត្រូវ ក៏ត្រូវស្ថាបនាឡើងវិញដោយក្រុមហ៊ុនចិន។
ដោយឡែកផ្លូវជាតិលេខ ២ និង ២២ ទៅតាកែវ ដែលស្ថាបនាដោយក្រុមហ៊ុនកូរ៉េហាន់ស៊ីង (HanShin) បញ្ចប់ជាងមួយឆ្នាំ នៅមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយ។
អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ពេលចុះទៅត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ ២ កាលពីខែមេសា ឆ្នាំ ២០២២ រកឃើញថា ការសាងសង់មិនស្របតាមបច្ចេកទេសនិងមានភាពយឺតយ៉ាវ។
ទាក់ទងការដេញថ្លៃសាងសង់ផ្លូវជាតិផ្សេងៗ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់គូសបញ្ជាក់ថា ដោយសារគម្រោងផ្លូវជាតិមួយចំនួនប្រើប្រាស់ប្រាក់កម្ចីពីបរទេស ដូច្នេះការជ្រើសរើសក្រុមហ៊ុនសាងសង់ក៏ផ្អែកលើប្រទេសផ្ដល់ជំនួយ។ ជាក់ស្ដែងផ្លូវជាតិលេខ ២ និង ២២ ផ្ដល់កម្ចីពីប្រទេសកូរ៉េហើយក្រុមហ៊ុនកូរ៉េដេញថ្លៃបានក្នុងការសាងសង់។

ផ្លូវជាតិលេខ ២ និង ២២ មិនត្រឹមតែសាងសង់យឺតយ៉ាវថែមទាំងសាងសង់គ្មានគុណភាព ដោយក្រុមហ៊ុនលើកហេតុផលថាដោយសារវិបត្តិជំងឺកូវីដទើបនាំឲ្យរាំងស្ទះដល់ដំណើរការសាងសង់។ នេះបើតាមលោក ស៊ុន ចាន់ថុល។
ដោយឡែកផ្លូវជាតិលេខ ៤៨ ពីផ្លូវបំបែកស្រែអំបិលទៅទីរួមខេត្តកោះកុង ដែលកំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនកូរ៉េដែរនោះ ក៏សាងសង់យឺតយ៉ាវជាងផែនការ។ ក្រុមហ៊ុនបានសន្យានឹងបន្ថែមកម្លាំងកម្មករ និងគ្រឿងចក្រ ដើម្បីជំរុញការស្ថាបនាឲ្យទាន់តាមផែនការ។
កំណាត់ផ្លូវជាតិលេខ ៤៨ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ ប៉ុន្តែគិតមកដល់ចុងឆ្នាំ ២០២៣ ទើបសម្រេចបានជាង ៤០% ហើយបើតាមភាពជាក់ស្តែងអាចអូសបន្លាយរហូតដល់អំឡុងឆ្នាំ ២០២៥។
ក្រៅពីទទួលខុសត្រូវសាងសង់ផ្លូវជាតិដែលប្រើប្រាស់ប្រាក់កម្ចីពីរដ្ឋាភិបាលកូរ៉េ ក្រុមហ៊ុនកូរ៉េក៏ដេញថ្លៃបានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិមួយចំនួនក្រោមជំនួញពីស្ថាប័ននិងប្រទេសផ្សេងទៀត។
ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ ៥ ដែលប្រើប្រាស់កម្ចីពីរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនកូរ៉េហាន់ស៊ីងក៏ដេញថ្លៃបានលើការដ្ឋានសាងសង់ចាប់ពីគីឡូម៉ែត្រលេខ ១២០ ដល់ចំណុចគីឡូម៉ែត្រលេខ១៧១+២០០។

ដោយឡែកផ្លូវខេត្តលេខ ៣១២ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែងដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣ ប្រវែង ២៨,៣៧២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក ក៏អនុវត្តការសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG-KR JOINT VENTURE។
ទាក់ទងការដេញថ្លៃស្ថាបនាផ្លូវជាតិរបស់ក្រុមហ៊ុនកូរ៉េ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនសង្កេតឃើញថា ក្រុមហ៊ុនកូរ៉េតែងតែបន្ទាបតម្លៃដេញថ្លៃដើម្បីទទួលបានគម្រោងយកទៅសាងសង់។ ក្រោយទទួលបានគម្រោង ក្រុមហ៊ុនតែងតែស្នើសុំឲ្យសម្រួលលក្ខខណ្ឌសាងសង់។
យ៉ាងនេះហើយដែលអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល វាយតម្លៃបានថា ដោយសារការដាក់ដេញថ្លៃមិនមានតុល្យភាពទៅតម្លៃស្ថាបនា ដូច្នេះក្រុមហ៊ុនត្រូវកេងចំណេញលើបច្ចេកទេសទើបធ្វើឲ្យការស្ថាបនាគ្មានគុណភាព៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


