ព័ត៌មានជាតិ
បញ្ចប់តំណែងប្រធាន និងអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ជំនួសមន្រ្តីមកពីខេត្តរតនគិរី
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន បានចេញប្រកាសបញ្ចប់មុខតំណែងនិងភារកិច្ច ប្រធាននិងអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាម ដោយជំនួសមន្រ្តីមកពីនាយកដ្ឋានផ្លូវថ្នល់ ដែលកំពុងបម្រើការងារនៅខេត្តរតនគិរី។
លោក វ៉ា ចាន់អ៊ូ ប្រធានស្ថានីយជញ្ជីង និងលោក ស្រស់ ស៊ីថារិទ្ធ អនុប្រធានស្ថានីយជញ្ជីង ត្រូវបានរដ្ឋមន្រ្តីបញ្ចប់មុខតំណែង និងភារកិច្ចពីតួនាទីប្រធាន និងអនុប្រធានស្ថានីយជញ្ជឹងអចល័តថ្នល់កែង ខេត្តកំពង់ចាម ឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
ដើម្បីអនុវត្តការងារបន្ត លោករដ្ឋមន្រ្តីបានប្រគល់ភារកិច្ចជូនលោក សៅ រ័ត្ន ដែលជាមន្ត្រីនៅនាយកដ្ឋានផ្លូវថ្នល់ បច្ចុប្បន្នជាអនុប្រធានស្ថានីយជញ្ជាំងត្រពាំងក្រហម ខេត្តរតនគិរី ទៅជាអនុប្រធាននិងជាប្រធានស្តីទីនៅស្ថានីយជញ្ជឹងអចល័តថ្នល់កែង ខេត្តកំពង់ចាម។
ក្នុងគោលដៅបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងការងារនៅស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ែង ពោធិ៍នា បានដាក់បញ្ជាឲ្យគ្រប់ស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ត្រូវភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV មកការិយាល័យកណ្តាល ដើម្បីងាយស្រួលតាមដានប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងដើម្បីធានាការដឹកជញ្ជូនស្របតាមបច្ចេកទេសឈានគ្រប់គ្រងការការដឹកលើសទម្ងន់ ដែលនាំខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ថ្លែងនៅក្នុងពេលឆ្មក់ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្ថិតនៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែងកន្លងទៅថ្មីៗនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ បានប្រកាសដាក់ចេញនូវវិធានការតឹងរ៉ឹងជាបន្ទាន់ បន្ទាប់ពីបានរកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។
លោករដ្ឋមន្រ្តីបានដាក់បញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែលប្រព័ន្ធនេះនឹងត្រូវតភ្ជាប់មកប្រព័ន្ធកណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។

ក្នុងការឆ្មក់ចុះត្រួតពិនិត្យ លោកបានព្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។
លោករដ្ឋមន្រ្តីបន្តថា គណៈកម្មាធិការដឹកនាំការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ក៏នឹងបង្កើតក្រុមការងារពិសេសមួយដើម្បីចុះទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយានយន្តដឹកលើសទម្ងន់ទាំងឡាយណាដែលព្យាយាមបើកគេច ឬបើកវាងមិនព្រមចូលថ្លឹងនៅស្ថានីយ។
ជាមួយគ្នានេះ លោកណែនាំឲ្យដំឡើងផ្លាកសញ្ញានិងដាក់ពង្រាយមន្ត្រីចល័ត ដើម្បីផ្តល់ដំណឹងដល់អ្នកដឹកជញ្ជូនទាំងអស់ឱ្យបានដឹងថានៅខាងមុខស្ថានីយគឺមានវត្តមានមន្ត្រីចល័ត ដែលរង់ចាំទប់ស្កាត់រាល់សកម្មភាពបើកគេចមិនចូលស្ថានីយថ្លឹងឲ្យបានត្រឹមត្រូវ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


