ព័ត៌មានជាតិ
ធនាគារជាតិ រំពឹងកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងក្នុងរង្វង់ ៦,៤% នៅឆ្នាំនេះ
ការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០២៣។ ប៉ុន្តែសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ នេះបើតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤របស់ធនាគារជាតិនៃកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រ ដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេសផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថា នឹងងើបឡើងជាលំដាប់។
ដោយឡែកវិស័យកសិកម្មត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។
ជាមួយគ្នានេះ វិស័យសំណង់និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថា នឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក លើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។
ទន្ទឹមនឹងនេះ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។
បើតាមធនាគារជាតិនៃកម្ពុជា ក្នុងបរិការណ៍នេះ ការបន្តអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន នឹងបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ព្រមទាំងបន្តរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញ នៃប្រាក់រៀល។ ក្របខណ្ឌនយោបាយរូបិយវត្ថុនឹងត្រូវពង្រឹង ជាពិសេសការអភិវឌ្ឍឧបករណ៍ និងទីផ្សាររូបិយវត្ថុស្របពេលគ្នានឹងការដាក់ចេញឱ្យប្រើប្រាស់សាកល្បងអត្រាការប្រាក់គោលរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីតម្រង់ទិសអត្រាការប្រាក់ជារៀលនៅលើទីផ្សារឱ្យមានកម្រិតសមស្រប។
ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍, ប្រក្រតីកម្មនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាងការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា , ការកើនឡើង នៃភាពតានតឹងនិងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញនិងវិនិយោគ និងកត្តាប្រែប្រួលអាកាសធាតុដែលធ្វើឱ្យវិស័យកសិកម្មមានកំណើនទាប ជាពិសេស បាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករថានឹងមានឥទ្ធិពល ខ្លាំងជាងឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


