ព័ត៌មានជាតិ
វត្តមានថ្នាក់ដឹកនាំធនាគារកណ្តាលប្រទេសជឿនលឿនបង្ហាញពីការជឿជាក់របស់អន្តរជាតិមកលើប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា
កាលពីសប្តាហ៍មុន ធនាគារជាតិនៃកម្ពុជា (NBC) បានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី២៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំហិរញ្ញវត្ថុកំពូលៗ រួមមានលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើនរូប ដែលបង្ហាញពីការជឿជាក់របស់មជ្ឈដ្ឋានអន្តរជាតិមកលើវិស័យហិរញ្ញវត្ថុកម្ពុជា និងការរួមចំណែករបស់កម្ពុជាក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។

កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំធនាគារកណ្ដាលសរុប ២៦ រូប មកពីតំបន់អឺរ៉ុប អាមេរិក អាហ្វ្រិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក បានប្រមូលផ្តុំនៅសន្និសីទកម្រិតលំដាប់អន្តរជាតិនេះនៅរាជធានីភ្នំពេញ ។
ក្រៅពីវត្តមានលោកស្រី Lagarde រូបថតផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជាបានបង្ហាញពីវត្តមានថ្នាក់ដឹកនាំធនាគារកណ្តាលលំដាប់អន្តរជាតិជាច្រើនផ្សេងទៀតដូចជា លោក François VILLEROY DE GALHAU ទេសាភិបាល ធនាគារកណ្តាលបារាំង លោក Guillaume Pierre Wunsch ទេសាភិបាល ធនាគារកណ្តាលបែលហ្ស៊ិក លោក Marc-André Gosselin ទេសាភិបាលរង ធនាគារកណ្តាលកាណាដា លោក Jean-Claude Kassi Brou ទេសាភិបាលធនាគារកណ្តាលរដ្ឋអាហ្វ្រិកខាងលិច លោក Yvon Sana Bangui ទេសាភិបាលធនាគារកណ្តាលរដ្ឋអាហ្វ្រិក លោក Aivo Handriatiana Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្គាស្កា និងលោកស្រី Anca Dragu ទេសាភិបាល ធនាគារកណ្តាលម៉ុលដូវ៉ា ជាដើម។

នៅក្នុងសន្និសីទលំដាប់អន្តរជាតិនេះ លោកស្រី Christine Lagarde ដែលត្រូវបានគេចាត់ទុកថាជាថ្នាក់ដឹកនាំដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យហិរញ្ញវត្ថុសកល បានថ្លែងសុន្ទរកថាគន្លឹះដោយបានលើកឡើងពីសារៈសំខាន់នៃសន្និសីទនេះ និងរំលេចពីតួនាទីកាន់តែសកម្មរបស់កម្ពុជាក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ។ លោកស្រីបានបង្ហោះសារជាច្រើននៅលើបណ្ដាញសង្គមភ្ជាប់នឹងរូបភាពអំពីទិដ្ឋភាពនៃសន្និសីទ និងជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដោយបានបង្ហាញពីអារម្មណ៍រីករាយចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូននៅរាជធានីភ្នំពេញ ដែលសមស្របជាមួយនឹងកាលវិភាគការងារដ៏មមាញឹកក្នុងខែឧសភា រួមមានកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នៅទីក្រុងប៉ារីស ប្រទេសបារាំង និងកិច្ចប្រជុំ Eurogroup នៅទីក្រុង Nicosia ប្រទេសស៊ីប ជាដើម។
លោកស្រីថ្លែងថា៖ “តាមរយៈការចែករំលែកបទពិសោធ និងទស្សនាទាននៅក្នុងសន្និសីទដែលធ្វើឡើងនៅកម្ពុជានាពេលនេះ ធនាគារកណ្តាលអាចព្យាករពីបញ្ហាប្រឈមរួមពាក់ព័ន្ធនឹងសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាកាសធាតុ និងឌីជីថល ចំពោះការបំពេញបេសកកម្មរក្សាស្ថិរភាពថ្លៃ ឬភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ”។ វត្តមានថ្នាក់ដឹកនាំធនាគារកណ្ដាលមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងបណ្តាប្រទេសនិយាយភាសាបារាំង បានបង្ហាញថា សន្និសីទនេះមានសារៈសំខាន់ខ្លាំងលើឆាកអន្តរជាតិ។ នេះក៏ជាសញ្ញាបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងក្លាយជាទីកន្លែងសំខាន់សម្រាប់ការពិភាក្សាអំពីគោលនយោបាយរូបិយវត្ថុ និងបញ្ហាហិរញ្ញវត្ថុសកល ផងដែរ។
ការទទួលស្គាល់នេះកើតឡើងនៅក្នុងបរិបទដែលនយោបាយរូបិយវត្ថុកម្ពុជាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ខណៈវិស័យហិរញ្ញវត្ថុកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងនវានុវត្តន៍។ ក្នុងចំណោមសមិទ្ធផលការងារជាច្រើន ប្រព័ន្ធទូទាត់បាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិ ហើយធនាគារកណ្តាលនានាបានយកធ្វើជាគំរូសម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ថែមទៀតផង។

លោកស្រី ជា សិរី ដែលជាទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានកម្មវិធីពិភាក្សាផ្នែកហិរញ្ញវត្ថុលំដាប់អន្តរជាតិធំៗអញ្ជើញធ្វើជាវាគ្មិនចែករំលែកបទពិសោធអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងនេះជាបន្តបន្ទាប់ផងដែរ ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការលើកកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិនាពេលកន្លងមក។ សមិទ្ធផលលេចធ្លោនេះក៏បានបង្កើតឱកាសអំណោយផល សម្រាប់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុសកលដូចជា ប្រធានធនាគារកណ្តាលអឺរ៉ុប នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបណ្តាទេសាភិបាលធនាគារកណ្តាលចម្បងៗជាច្រើនទៀត។
ក្រៅពីកិច្ចប្រជុំផ្លូវការ លោកស្រី Lagarde និងទេសាភិបាលធនាគារកណ្តាលជាច្រើនបានស្វែងយល់បន្ថែមពីទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងសិល្បៈវប្បធម៌ខ្មែរ និងបានបំពេញទស្សនកិច្ចនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ.) ព្រមទាំងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនានាថែមទៀតផង។
លោកស្រី ជា សិរី បានមានប្រសាសន៍ថា វត្តមានថ្នាក់ទេសាភិបាលមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿនដូចជា លោកស្រី Lagarde លោក François VILLEROY DE GALHAU ជាដើម បានធ្វើឱ្យការពិភាក្សាក្នុងសន្និសីទដែលរៀបចំឡើងនៅកម្ពុជាកាន់តែលេចធ្លោឡើងលើឆាកអន្តរជាតិ ជាពិសេសលើប្រធានបទនវានុវត្តន៍ និងអនាគតប្រព័ន្ធហិរញ្ញវត្ថុសកល។
លោកស្រីថ្លែងថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបៀបដែលប្រជាពលរដ្ឋទទួលបានសេវាហិរញ្ញវត្ថុ ហើយនវានុវត្តន៍ទាំងនេះបាននិងកំពុងក្លាយជាមធ្យោបាយចម្បងក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ។ ធនាគារកណ្តាលមិនមែនដើរតួនាទីទប់ស្កាត់នវានុវត្តន៍នោះទេ ប៉ុន្តែគឺដើម្បីធានាថានវានុវត្តន៍ទាំងនោះបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ ជាជាងបង្កនូវភាពងាយរងគ្រោះ»។
ការរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូនដែលមានអ្នកចូលរួមសុទ្ធសឹងជាថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុសកល មិនមែនគ្រាន់តែបង្ហាញពីសមត្ថភាពរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារបញ្ជាក់ថាវិស័យហិរញ្ញវត្ថុកម្ពុជាទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


