Connect with us

ព័ត៌មានជាតិ

ធនាគារជាតិធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំងលើកទី២៨

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ 

សន្និសីទនេះក៏មានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី លោក François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង និងលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។

នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។

នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាលឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។

សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងប្រធានបទសេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាល ជាពិសេសធនាគារកណ្តាលដែលប្រើភាសាបារាំង៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម