សេដ្ឋកិច្ច
សមាគមធនាគារបន្តសហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ដើម្បីលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច
សមាគមធនាគារនៅកម្ពុជា (ABC) និង សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នៅថ្ងៃទី ១២ ឧសភា ២០២៦ បានឯកភាពលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច។ ពិធីចុះហត្ថលេខា ធ្វើឡើងក្រោមវត្តមានលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែលទទួលបានក្នុងរយៈពេលពីរឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី «កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច» បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។
គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កាដែលយើងសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារនៅកម្ពុជា (CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជាតម្លៃនៃរូបិយវត្ថុផងដែរ»។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជារីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមកសិក្សារៀនសូត្រអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ»។
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំទី៣នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ»។
ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពភ្លាមៗ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៧ និងអាចបន្តសាជាថ្មីនាពេលខាងមុខ។

មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាចមកទស្សនាសារមន្ទីរ ស.ស.រ។
ឱកាសអប់រំដ៏មានតម្លៃនេះបានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


