ព័ត៌មានជាតិ
ក្រសួងអប់រំ ស្នើមហាជន ឱ្យក្រឡេកមើលចេតនារបស់សាលាក្នុងការពង្រឹងវិន័យ
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា ស្នើមហាជន ឱ្យក្រឡេកមើលចេតនារបស់សាលាក្នុងការពង្រឹងវិន័យ ខណៈមានប្រតិកម្មមួយចំនួន ក្រោយពីមានការចែករំលែកបន្តគ្នាលើបណ្ដាញសង្គម ពីករណី វិទ្យាល័យមួយ បានដាក់ពិន័យឱ្យសិស្សានុសិស្សដែលមិនពាក់ទ្រនាប់ជើងប៉ាត់តា ថ្វាយបង្គំទ្រនាប់ជើងផ្ទាត់របស់ខ្លួន ៣ដង និងស្រែកប្ដេជ្ញាថា ឈប់ភ្លេចពាក់ទ្រនាប់ជើងផ្ទាត់ បន្តទៀត។ ទោះយ៉ាងណា អ្នកនាំពាក្យបានបញ្ជាក់ថា ការដាក់ពិន័យ ក៏ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងមនុស្សធម៌ផងដែរ។

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះថា នៅរៀងដើមឆ្នាំសិក្សា ក៏ដូចជាពេលបើកបវេសនកាល ឆ្នាំសិក្សា២០២៣ ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវសេចក្ដីណែនាំ ឱ្យសាលាបឋមសិក្សា ក៏ដូចជាមធ្យមសិក្សាទូទាំងប្រទេស អនុវត្តដើម្បីក្លាយជាសាលាស្ដង់ដាគំរូ។ ក្នុងនោះក៏មានការចែងច្បាស់អនុវត្ត កម្មវិធីសិក្សា ការគ្រប់គ្រងសាលារៀន វិន័យសិស្ស ការស្លៀកពាក់ អនាម័យជាដើម។ ថ្វីដ្បិត ក្នុងការណែនាំ មិនបានបញ្ជាក់ពីទ្រនាប់ជើងសិស្សានុសិស្ស ដោយឡែកសាលារៀននីមួយៗអាចប្រជុំជាមួយគណៈគ្រប់គ្រងផ្ទៃក្នុង ក៏ដូចជាមាតាបិតា ក្នុងការកំណត់បទបញ្ញត្តិផ្ទៃក្នុង តម្រូវការបន្ថែម ដើម្បីពង្រឹងគុណភាពការរៀន និងបង្រៀន។

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍បន្ថែមថា៖ “ការដាក់ពិន័យ ក៏ជាផ្នែកមួយក្នុងការជំរុញការអនុវត្តវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះការមានវិន័យល្អ ជាចំណុចសំខាន់ធានាភាពជោគជ័យក្នុងជីវិត និងពេលអនាគត។ ការដាក់ពិន័យនេះ ក៏ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ភាពថ្លៃថ្នូរ មនុស្សធម៌ផងដែរ ដើម្បីធានាការអប់រំ។ ដោយឡែក សម្រាប់ករណីកើតឡើងនៅ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បរសេដ្ឋ កន្លងមកនេះ នាងខ្ញុំក៏សំណូមពរសាធារណៈជន ពិនិត្យមើលចេតនារបស់លោកគ្រូ អ្នកគ្រូ ដែលមានចេតនាក្នុងការអប់រំសិស្សានុសិស្សឱ្យមានវិន័យ ចូលរួមគោរពបទបញ្ជាផ្ទៃក្នុងក្នុងសាលារៀន ឬធ្វើយ៉ាងណាប្រែក្លាយប្អូនៗ ឬត្រៀមលក្ខណៈឱ្យប្អូនៗក្លាយជាពលរដ្ឋល្អពេញលេញ ដែលមិនត្រឹមតែមានចំណេះដឹង និងបំណិនទេ តែក៏មានចរិយាសម្បទាដែលសមស្របភាពជាពលរដ្ឋល្អរបស់កម្ពុជា ពោលគឺមានវិន័យ និងការរស់នៅល្អក្នុងសង្គម”។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ខាងលើបញ្ជាក់ថា ករណីឱ្យសិស្សសំពះទ្រនាប់ជើងនោះ កន្លងមកក្រសួងអប់រំ ក៏បានសហការជាមួយសាលា ហើយគណៈគ្រប់គ្រងក៏បានជជែក និងប្រជុំជាមួយអាណាព្យាបាល និងដោះស្រាយបញ្ហារួចរាល់ហើយ ក្នុងនោះ គណៈគ្រប់គ្រងសាលានឹងពង្រឹងបន្ថែមលើការអនុវត្តវិន័យ ការអប់រំសិស្សានុសិស្ស។

អ្នកស្រី ឃួន វិច្ឆិកា លើកឡើងបន្តថា៖ “កន្លងមកនេះ ឃើញថា សាលារៀននីមួយៗបានខិតខំពង្រឹងវិន័យ ក៏ដូចជាឯកសណ្ឋានសិស្សានុសិស្សឱ្យ្មមានភាពប្រសើរឡើងដើម្បីលើកកម្ពស់វិន័យ និងបង្កើនទម្លាប់ល្អក្នុងជីវិតរស់នៅប្រចាំថ្ងៃ ត្រៀមលក្ខណៈបំពេញការងារនាពេលអនាគត។ ហើយសាលារៀននីមួយៗក៏មានការគាំទ្រពីមាតាបិតាសិស្ស និងសហគមន៍ដែរ ដែលការគាំទ្រនេះ មានទាំងផ្នែកស្មារតី និងធនធាននានាដែលមាតាបិតាសិស្សចូលរួម។ អ៊ីចឹង ក្នុងសាលារៀននីមួយៗក៏បានបង្កើត មូលនិធិសមធម៌គាំទ្រសាលា ដែលប្រើប្រាស់ជាប្រយោជន៍សាលា និងលើកកម្ពស់ការអប់រំ”។

អ្នកស្រី ឃួន វិច្ឆិកា បញ្ជាក់ថា ករណីសិស្សានុសិស្សមានលទ្ធភាពទិញសម្ភារប្រើប្រាស់ដែលជាការណែនាំពីសាលា គឺពួកគាត់ធ្វើ ដោយឡែកសិស្សានុសិស្សដែលអត់មានលទ្ធភាព ក៏សាលារៀនបានពិភាក្សាជាមួយសហគមន៍ប្រើប្រាស់មូលនិធិសមធម៌គាំទ្រសាលារៀននេះដែរ។ ក្រសួងអប់រំ សូមអំពាវនាវ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ ចូលរួមគាំទ្រ ការពិភាក្សា ការរិះគន់ស្ថាបនា ធ្វើយ៉ាងណាឱ្យការអប់រំ មានការរីកចម្រើន ធ្វើយ៉ាងណាជំរុញកម្ពុជាមានការអភិវឌ្ឍតាមការគ្រោងទុក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ