Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធចុះស៊ើបអង្កេតរកមូលហេតុ និងទំហំខូចខាតករណីអគ្គិភ័យលើរោងចក្រផលិតស្បែកជើង

បានផុស

នៅ

ក្រុមការងារក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងចុះសើបអង្កេតរកមូលហេតុនិងទំហំការខូចខាតទៅលើរោងចក្រយ៊ីហោ អ.ជី ហួត វ៉ែ ផលិតស្បែកជើងដែលស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រយ៊ីហោ អ.ជី ហួត វ៉ែ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងត្រូវបានបញ្ជូនជួយអន្តរាគមន៍ ក្នុងនោះក៏មានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ចូលរួមសហការផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩មីនានេះថា «ពេលទទួលដំណឹងពីការឆេះរោងចក្រភ្លាម ក្រុមការងារក្រសួងបានចុះទៅដល់ផ្ទាល់ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍និងជួយសង្គ្រោះដល់រោងចក្រ និងកម្មករនិយោជិតដែលជាសំណាងល្អមិនមានកម្មករណាម្នាក់រងគ្រោះដោយអគ្គិភ័យនេះទេ»។

លោកបានបន្តថា ក្រុមការងារក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់ទីតាំងរោងចក្រយ៊ីហោ អ.ជី ហួត វ៉ែ ផលិតស្បែកជើងដើម្បីស្រាវជ្រាវរកមូលហេតុដែលបង្កឱ្យរោងចក្រខាងលើជួបគ្រោះអគ្គិភ័យនិងខូចខាតទាំងស្រុង។ជាមួយគ្នានេះដែរក្រុមការងារក្រសួងនឹងសហការជាមួយថៅកែរោងចក្រដើម្បីសិក្សាពីផលប៉ះពាល់នៃទំហំការខូចខាតនិងរក្សាការពារអត្ថប្រយោជន៍បងប្អូនកម្មករព្រោះថាអគ្គិភ័យនេះមិនបណ្តាលឱ្យកម្មករណាម្នាក់រងគ្រោះនោះទេ។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា កម្មករខាងលើនៅតែអាចប្រើប្រាស់បណ្ណប.ស.ស.សម្រាប់ប្រើប្រាស់ក្នុងពិនិត្យសុខភាពពិនិត្យផ្ទៃពោះឬសម្រាលកូនបានជាធម្មតាដដែល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម